ហើមកូនកណ្ដុរ៖ មូលហេតុនិងហានិភ័យធ្ងន់ធ្ងរ
ភូមិន្ទ
06 មីនា 2022 06:30 AM

ក្នុងជីវិតរស់នៅប្រចាំថ្ងៃ យើងម្នាក់ៗប្រហែលធ្លាប់ស្ទាបប៉ះកូនកណ្ដុរលើរាងកាយហោចណាស់ម្ដងក្នុងជីវិត ដែលពេលខ្លះវាមាននៅក នៅក្រលៀន នៅក្លៀក ជាដើម។ តាមពិតវាគឺជាប្រព័ន្ធឡាំហ្វាទិច(Lymphatic) ត្រូវបានបង្កើតឡើងពីបណ្តាញពាសពេញរាងកាយររបស់អ្នក ដែលស្រដៀងទៅនឹងសរសៃឈាមដែរ។ ពួកវាអាចត្រូវបានរកឃើញនៅក្រោមស្បែកនៃតំបន់ជាច្រើន រួមមាន៖ នៅក្នុងក្លៀក នៅក្រោមថ្គាម ខាងលើឆ្អឹងកង នៅផ្នែកម្ខាងនៃក និងនៅផ្នែកម្ខាងនៃក្រលៀន។ល។ មិនតែប៉ុណ្ណោះកូនកណ្តុររក្សាទុកកោសិកាឈាមស ដែលទទួលខុសត្រូវក្នុងការសម្លាប់មេរោគ ឬបាក់តេរីដែលឈ្លានពានសារពាង្គកាយររបស់អ្នក។

រោគសញ្ញានៃការហើមកូនកណ្តុរ

ការហើមនៅក្នុងកូនកណ្តុរត្រូវបានគេហៅឈ្មោះមួយផ្សេងទៀតថា Lymphadenopathy ។ រោគ​សញ្ញា​ដែល​អាច​នឹង​កើតមាន​រួម​ជាមួយ​នឹងហើម​កូន​កណ្តុរ​​គឺ​៖ ក្អក អស់កម្លាំង គ្រុន ញាក់ ហៀរ​សំបោរ បែកញើស។ល។ បន្ថែមពីនេះ កូនកណ្តុរ​ហើម​នៅ​ក្រលៀន​អាច​បង្ក​ការឈឺចាប់​នៅពេល​ដើរ ឬ​ពត់​ខ្លួន​។

មូលហេតុនៃការហើមកូនកណ្តុរ

កូនកណ្តុរហើមគឺជាសញ្ញាមួយដែលបង្ហាញថាប្រព័ន្ធឡាំហ្វាទិចររបស់អ្នកកំពុងធ្វើការដើម្បីកម្ចាត់មេរោគ និងជំងឺនៅក្នុងខ្លួនររបស់អ្នក។ កូនកណ្តុរហើមនៅពេលដែលមានការឆ្លងមេរោគកើតឡើងនៅក្នុងតំបន់ដែលពួកវាស្ថិតនៅ។ ឧទាហរណ៍ កូនកណ្តុរនៅកអាចហើមជាការឆ្លើយតបទៅនឹងការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ ដូចជាជំងឺផ្តាសាយ។ ការហើមកូនកណ្តុរនៅក្បាល និងកក៏អាចបណ្តាលមកពីការឆ្លងមេរោគដូចជា៖ ការឆ្លងមេរោគត្រចៀក, ការឆ្លងមេរោគច្រមុះ, គ្រុនផ្តាសាយ, រលាកបំពង់ក, ការ​ឆ្លង​មេរោគ​អញ្ចាញ​ធ្មេញ, ការឆ្លងមេរោគលើស្បែក, មេរោគអេដស៍, ជំងឺឆ្លងតាមការរួមភេទ (STIs) ដូចជារោគស្វាយ ឬរោគប្រមេះអាចនាំឱ្យកូនកណ្តុរហើមនៅតំបន់ក្រលៀន។ មូលហេតុដែលអាចកើតមានផ្សេងទៀតរួមមាន៖ ជំងឺរបេង, ជំងឺរើម។ល។

ស្ថានភាពធ្ងន់ធ្ងរ

ថ្វីដ្បិតថា ការឆ្លងមេរោគមួយចំនួន អាចធ្វើឱ្យហើមកូនកណ្ដុរ ប៉ុន្តែ កូនកណ្ដុរក៏អាចហើមដោយសារតែស្ថានភាពជំងឺធ្ងន់ធ្ងរមួយចំនួនផងដែរ ដូចជាជំងឺប្រព័ន្ធការពាររាងកាយ ឬជំងឺមហារីក គឺអាចបណ្តាលឱ្យកូនកណ្តុរនៅទូទាំងរាងកាយហើម។ ម្យ៉ាងវិញទៀត ជំងឺនៃប្រព័ន្ធការពាររាងកាយដែលបណ្តាលឱ្យកូនកណ្តុរហើមរួមមានជំងឺ ជំងឺរលាកសន្លាក់ឆ្អឹងជាដើម។ ជំងឺមហារីកកូនកណ្តុរក៏ជាមហារីកនៃប្រព័ន្ធឡាំហ្វាទិចដែលបណ្តាលឱ្យកូនកណ្តុរហើមផងដែរ។

ដូច្នេះ ក្នុងករណីដែលកូនកណ្ដុររបស់អ្នកនៅសុខៗស្រាប់តែហើម គឺមានន័យថាវាកំពុងប្រយុទ្ធជាមួយនឹងមេរោគ ឬបាក់តេរីមួយចំនួន ដែលចូលមកយាយីរាងកាយររបស់អ្នក ដែលអាចនិយាយបានថាវានឹងបាត់ទៅវិញ ក្នុងរយៈពេលណាមួយ មិនបង្កជាហានិភ័យប៉ុន្មានោះឡើយ។ ប៉ុន្តែ ក្នុងករណីដែលវាហើមច្រើនកន្លែង ហើមក្នុងរយៈពេលយូរ និងមានការឈឺចាប់ខ្លាំងនោះ លោកអ្នកគួរទៅជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិនិត្យនឹងព្យាបាល ព្រោះវាអាចជារោគសញ្ញានៃជំងឺមហារីកក៏ថាបាន៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត