
(រាជធានីភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅកំណាត់ផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ-កំពត ប្រវែងជាង១៣៤គីឡូម៉ែត្រ នៅថ្ងៃពុធទី០២ ខែមីនា ឆ្នាំ២០២២ព្រឹកស្អែកនេះ។ ការសាងសង់កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណជាង២១៥លានដុល្លារអាម៉េរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា…។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។ កំណាត់ផ្លូវជាតិលេខ៣ គឺជាផ្លូវជាតិដ៏សំខាន់មួយសម្រាប់បម្រើឱ្យវិស័យសេដ្ឋកិច្ចជាតិ ក្នុងការដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត់ កែប និងខេត្តព្រះសីហនុមួយផ្នែក និងមួយផ្នែកទៀត បានបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ទៅដល់ក្រុងកំពត ត្រូវបានស្តារម្ដងរួចមកហើយកាលពីឆ្នាំ២០០៨-២០១១ ប៉ុន្តែដោយសង្កេតឃើញកំណើនចរាចរណ៍មានការកើនឡើង រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការពង្រីកកំណាត់ផ្លូវនេះចាប់ពីចោមចៅ ដល់បែកគូស ប្រវែងជិត៧០គីឡូម៉ែត្រ ជា៤គន្លង និងកំណាត់ផ្លូវពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត៦៥គីម៉ែត្រ ជា២គន្លង ដោយក្រាលបេតុងកៅស៊ូAC ឡើងវិញ។ ជាងនេះផងដែរ កំណាត់ផ្លូវជាតិលេខ៣ ក៏បានឆ្លងកាត់អន្តររាជធានី-ខេត្ត រួមមាន៖ ភ្នំពេញមានប្រវែង១២គីឡូម៉ែត្រ ខេត្តកណ្តាលមានប្រវែង១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺមានប្រវែង៣០គីឡូម៉ែត្រ ខេត្តតាកែវមានប្រវែង៣០គីឡូម៉ែត្រ និងខេត្តកំពតមានប្រវែង៥១គីឡូម៉ែត្រ។ ស្ពានថ្មីត្រូវបានសាងសង់១១កន្លែង ប្រវែងសរុប៤៤៣ម៉ែត្រ ទទឹង១២ម៉ែត្រ និងពង្រីកស្ពានចាស់២កន្លែង ប្រវែងសរុប៣០ម៉ែត្រ។

ទន្ទឹមនឹងនោះ ឯកឧត្តម ទេសដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កំណាត់ផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ-កំពត គឺជាផ្លូវប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ហើយក៏ជាផ្នែកមួយនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវ៉េយលេខ១២៣(AH-123) ពីប្រទេសថៃ មកប្រទេសកម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ និងឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅប្រទេសវៀតណាមតាមច្រកព្រំដែនព្រែកចាក (កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាងកាន់តែប្រសើរឡើង៕



