ពលរដ្ឋរិះគន់សមត្ថកិច្ចខណ្ឌចំការមន ហាក់មិនសូវយកចិត្តទុកដាក់លើការរឹតបន្តឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព
SBM News
5 ឆ្នាំមុន

រាជធានីភ្នំពេញ៖ ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមន សំដែងការខកចិត្ត និងរិះគន់ចំៗទៅកាន់សមត្ថកិច្ចអធិការខណ្ឌចំការមន លើបញ្ហាអភិបាលកិច្ចភូមិឃុំមានសុវត្ថិភាព។ ពលរដ្ឋរិះគន់ថាដូច្នេះថា សមត្ថកិច្ចនៃអធិការនគរបាលខណ្ឌចំការមន ហាក់មិនសូវយកចិត្តទុកដាក់លើការរឹតបន្តឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទើបក្រុមចោរឆក់ជាញឹកញាប់ធ្វើសកម្មភាពឆក់ យ៉ាងអនាធិបតេយ្យ ដែលមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិទៀតផង។

ពលរដ្ឋលើកឡើងថា បញ្ហានេះកើតឡើងក៏ដោយសារអភិបាលកិច្ចមិនល្អលើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់សមត្ថកិច្ចអធិការខណ្ឌចំការមនផងដែរ។ ពលរដ្ឋដដែល ក៏បានស្នើទៅកាន់អាជ្ញាធរមូលដ្ឋាន បង្កើនការរឹតបន្តឹង ការពារសុវត្ថិភាពមូលដ្ឋាន និងស្រាវជ្រាបបង្ក្រាបជនសង្ស័យឱ្យបាន ដើម្បីធានាសុវត្ថិភាពទាំងសម្រាប់ពលរដ្ឋខ្មែរ ទាំងជនបរទេស។ 

លោកវរសេនីយ៍ឯកយិនសាន អធិការនគរបាលខណ្ឌចំការមន
លោកវរសេនីយ៍ឯកយិនសាន អធិការនគរបាលខណ្ឌចំការមន

ជុំវិញបញ្ហានេះ SBM News មិនអាចស្នើរសុំការបំភ្លឺពី លោកវរសេនីយ៍ឯកយិនសាន អធិការនគរបាលខណ្ឌចំការមនបានទេ ដោយលោកមិនព្រមឆ្លើយតប ទូរសព្ទចូលលោកបានចុចបិទ។ សូមជម្រាបថា ថ្មីៗនេះ គឺកាលម៉ោង៨ និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ស្ត្រី​ជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ត្រូវក្រុមចោរ ឆក់យកទូរសព្ទបានសម្រេច ខណៈកំពុងនិយាយទូរសព្ទនៅលើចិញ្ចើមផ្លូវលេខ១៣៥ កែងផ្លូវលេខ៤៦០ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត