
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០និង១០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរសព្ទហតឡាញថា នៅចំណុចម្តុំរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ០១នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក M-SLAZ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបនារីជនជាតិខ្មែរម្នាក់ដែលកំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពណ៌ផ្កាឈូក រួចជិះរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ភេទប្រុស ជនជាតិខ្មែរ នៅចំណុច ម្តុំក្លោងទ្វារវត្តលើ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារបាត់បង់រួមមាន៖ កាបូបស្ពាយ១ ក្នុងនោះមាន៖ ក-កាបូបដៃ១ ខ-ទូរសព្ទដៃ ១គ្រឿង ម៉ាក IPHONE 6PLUS ពណ៌ទឹកប្រាក់ គ-កាតចាក់វ៉ាក់សាំង១សន្លឹក ឃ-ឯកសារមួយចំនួន។ ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំបន្ត៕





