រដ្ឋមន្ត្រីក្រសួងសាធារណការ៖ កំណាត់ផ្លូវជាតិលេខ៥តម្លៃជាង១៦៥លានដុល្លារ នឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ
SoKeng
10 មករា 2022 10:00 AM

សមិទ្ធផលកំណាត់ផ្លូវជាតិលេខ៥ ប្រវែង៨៤,៧៤គីឡូម៉ែត្រដែលតភា្ជប់ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យតម្លៃ១៦៥,៧៨លានដុល្លារអាមេរិក ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១០ ខែមករានេះ នឹងជួយជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិ សម្រួលដល់ការដឹកជញ្ជូន ជាពិសេសកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ដែលក្រាលកៅស៊ូចំនួន១៥សង់ទីម៉ែត្រថា ផ្លូវមួយនេះ​គឺជាផ្លូវឆ្អឹងខ្នងដែលមានសក្តានុពលក្នុងការតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជនបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់មួយចំនួនទៀត។​

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវមួយនេះក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១(AH1) ដែលតភ្ជាប់គ្នារវាង រាជធានីភ្នំពេញ ទីក្រុងបាងកក ទីក្រុងហូជីមិញ ភូមា និងចិន។ ជាមួយគ្នានេះ ជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មាន សក្តានុពល និងការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជាមហាអនុតំបន់មេគង្គ(GMS)ផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបរាប់ដូច្នេះថា៖«សមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃ បានរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ព្រមទាំងប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើ ប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង»

កំណាត់ផ្លូវជាតិលេខ៥នេះត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញបើកការដ្ឋានសាងសង់ឡើងវិញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដោយទើបតែបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមជំនួយពីរដ្ឋាភិបាលជប៉ុន រួមទាំងថវិកាបដិភាគរបស់ រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះជប៉ុនបានផ្តល់ជំនួយដល់កម្ពុជាក្នុងការកសាងផ្លូវ ស្ពាន និងកំពង់ផែ និងជំនួយក្នុងការអភិវឌ្ឍសង្គមផ្សេងៗសរុបជាង១៤០០លានដុល្លារហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត