តើមាតារបស់សម្ដេចម៉ែសព្វថ្ងៃជានរណា? ជាជនជាតិអ្វី?
S
Sunly Chhun
08 កុម្ភៈ 2021 01:30 PM

ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គល (សម្ដេចម៉ែ) កាលដើមកំណើត ឈ្មោះ ប៉ូល ម៉ូនិក អ៊ីហ្ស៊ី (Paul Monique Izzi មានមាតាឈ្មោះលោកយាយ ប៉ុម ពាង និងមានជីដូនឈ្មោះលោកយាយ អ៊ុក រស់នៅទីក្រុងភ្នំពេញ។ លោកយាយ អ៊ុក បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ព្រះអង្គម្ចាស់នរោត្ដម ដួងចក្រ ជាបុត្រត្រាទី៥ របស់ព្រះមហាក្សត្រនរោត្តម ។

ព្រះមាតារបស់ព្រះអង្គម្ចាស់នរោត្ដម ដួងចក្រ ព្រះនាម ឃុនព្រះម្នាង ចៅចមសុជាតិបុស្បានារីបុប្ផា នួន ហៅ ឃុន ថាន់ ។ ព្រះអង្គម្ចាស់នរោត្ដម ដួងចក្រ ទ្រង់ប្រសូត្រនៅក្នុងឆ្នាំ១៨៦១ នៅក្នុងព្រះបរមរាជវាំង នៅក្រុងឧតុង្គមានជ័យ។ ព្រះអង្គម្ចាស់នរោត្ដម ដួងចក្រ មានមហេសី៣អង្គ ៖ មហេសីទី១. អ្នកម្នាង រំដេញ មានបុត្រា១អង្គ ព្រះនាម នរោត្តម មណ្ធនថាន្នី ( ប្រសូត ១៨៨១ -សុគតមុនឆ្នាំ១៩០៦ )។ មហេសីទី២. អ្នកម្នាង អាន មានបុត្រី១អង្គ ព្រះមាន នរោត្តម វិឡៃល័ក្ខណ៍ ( ប្រសូត ១៨៩១ -៨ សីហា ១៩៧០ )។ មហេសី៣. អ្នកម្នាង អ៊ុក (ត្រូវជាមាតារបស់លោកយាយ ប៉ុម ពាង និងត្រូវជាជីដូនរបស់អ្នកម្នាងប៉ូល ម៉ូនិក អ៊ីហ្ស៊ី គឺសម្តេចយាយ នរោត្តម មុនីនាថ សីហនុ សព្វថ្ងៃ)។

អ្នកម្នាង អ៊ុក មានបុត្រី១អង្គ ព្រះនាមនរោត្តម ប្រាផៃភក្ត្រ ( ប្រសូត១៨៨១- សុគត១៩៥០ ) និងបុត្រា១អង្គ ព្រះនាមនរោត្តម រដ្ឋារង្សី (ប្រសូត១៨៩៤ -សុគត១៩៤៩) ។ បុត្រាអង្គនេះបានក្លាយជាវេជ្ជបណ្ឌិតខ្មែរដំបូងគេបង្អស់សម្រាប់ប្រទេសកម្ពុជា ប៉ុន្តែជាអកុសល ទ្រង់បានសោយទិវង្គតនៅក្នុងទសវត្សរ៍ឆ្នាំ១៩៤៩។

អំឡុងឆ្នាំ១៨៨៥-១៨៨៦ ព្រះអង្គម្ចាស់នរោត្ដម ដួងចក្រ បានចេញមុខគាំទ្រចលានាបះបោរប្រឆាំងបារាំង យ៉ាងសកម្ម រហូតត្រូវពួកបារាំង ចាប់ឃុំព្រះកាយនៅក្នុងខែមេសា ឆ្នាំ១៨៩០ ។ តែដោយមានព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រនរោត្តម ជាព្រះបិតារបស់ទ្រង់ នៅក្នុងឆ្នាំ១៨៩១ ព្រះអង្គម្ចាស់ នរោត្តម ដួងចក្រ ត្រូវពួកបារាំង ដោះលែងវិញ តែត្រូវនិរទេសព្រះកាយឲ្យទៅរស់នៅឯក្រុងទេព ព្រះរាជាណាចក្រស្យាម (ប្រទេសថៃ)។

ព្រះអង្គម្ចាស់នរោត្តម ឌួងចក្រ
ព្រះអង្គម្ចាស់នរោត្តម ឌួងចក្រ

នៅខែមិថុនា ឆ្នាំ១៨៩៣ ព្រះអង្គបានចាកចេញពីក្រុងទេព ព្រះរាជាណាចក្រស្យាម (ប្រទេសថៃ)យាងទៅទីក្រុងប៉ារីស ប្រទេសបារាំង សុំកិច្ចអន្តរាគមន៍ និងរាយការណ៍ឱ្យមេដឹកនាំបារាំង បានដឹងពីអំពើជិះជាន់មើលងាយមើលថោកប្រជារាស្ត្រខ្មែរ ពីសំណាក់ពួកទាហានបារាំង នៅកម្ពុជា តែពុំបានសម្រេចឡើយ ។ នៅខែសីហា ឆ្នាំ១៨៩៣ ព្រះអង្គត្រូវបានបារាំង ឃាត់ព្រះកាយ និងនិរទេសចេញពីប្រទេសបារាំង ទៅប្រទេសអាល់ហ្សេរី បន្តទៀត ។ ក្រោយពីនិរទេសព្រះកាយមករស់នៅក្នុងទឹកដីនៃប្រទេសអាល់ហ្សេរី បាន៤ឆ្នាំ នៅថ្ងៃ ទី២៥ ខែ មីនា ឆ្នាំ១៨៩៧ ព្រះអង្គម្ចាស់នរោត្តម ដួងចក្រ ក៍បានសុគតទៅ។

ចំណែក អ្នកម្នាងអ៊ុក ក៏មានប្តីម្នាក់ទៀត ឈ្មោះពាង ជាមន្ត្រីជាន់ខ្ពស់ម្នាក់ដែរ ហើយនៅក្នុងឆ្នាំ១៩០៤ បង្កើតបានកូនស្រីមួយ ឈ្មោះប៉ុម ពាង នេះឯង។ ២ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៩០៦ អ្នកម្នាងអ៊ុក និងលោកពាង បានកូនប្រុសម្នាក់ទៀតឈ្មោះ ហ៊ែល ពាង។

នៅក្នុងឆ្នាំ១៩២៣ កញ្ញាប៉ុម ពាង បានរៀបអាពាហ៍ពិពាហ៍ជាមួយកំលោះម្នាក់ឈ្មោះ អ៊ុ ផាន់កែវ ជាកូនប្រុសរបស់នាយទាហានជាន់ខ្ពស់ល្បីឈ្មោះម្នាក់ គឺលោកស័ក្តិ៣អ៊ុ ។

ក្រោយពីមានកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៧ ដែលសៀម ត្រូវប្រគល់ទឹកដីខេត្ត បាត់ដំបង សៀមរាប កំពង់ធំ មកឲ្យខ្មែរវិញ កាលនោះ លោកស័ក្តិ៣អ៊ុ បានឡើងឋានន្តរស័ក្តិជាវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ)ទៅហើយនោះជាអ្នកដឹកនាំកម្លាំងដើរវាស់វែង និងបោះបង្គោលព្រំដែនខ្មែរ-សៀម ជាថ្មីឡើងវិញ ជាមួយនាយទាហានជាន់ខ្ពស់បារាំងមួយចំនួនទៀត ។

លោកអ៊ុ ផាន់កែវ និងអ្នកស្រីប៉ុម ពាង មានកូនប្រុសស្រីចំនួន៥នាក់ ៖

ទី១ ឈ្មោះអ៊ុំ ម៉ាណូរិន ភេទប្រុស កើតនៅឆ្នាំ១៩២៤ មុនរដ្ឋប្រហារថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ គាត់មានតួនាទីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកការពារលើផ្ទៃប្រទេស។

ទី២ ឈ្មោះអ៊ុំ វីណាវុឌ្ឍ ភេទប្រុស កើតនៅក្នុងឆ្នាំ១៩២៥ ។ ក្រោយមកបានក្លាយជាអ្នកបើកយន្តហោះនៃកងទ័ពអាកាសកម្ពុជា ហើយត្រូវបានកងទ័ពវៀតមិញ សម្លាប់នៅក្នុងឆ្នាំ១៩៤៨ ក្រោយពីបើកយន្តហោះទៅទម្លាក់គ្រាប់បែកលើកងទ័ពវៀតមិញ នៅក្នុងសមរភូមិមួយនៅក្នុងខេត្តកំពត ត្រូវគេបាញ់យន្តហោះនោះធ្លាក់។

ទី៣ ឈ្មោះអ៊ុំ ណារីវ៉ាន់ ភេទស្រី កើតឆ្នាំ១៩២៦។ ស្លាប់នៅក្នុងឆ្នាំ១៩៤៨ ។

ទី៤ ឈ្មោះអ៊ុំ សូរ៉ាក់ សាន់ថន ភេទប្រុស កើតនៅឆ្នាំ១៩២៧

ទី៥ ឈ្មោះអ៊ុំ សុផានិត ភេទស្រី កើតក្នុងឆ្នាំ១៩២៨ ។ នាងអ៊ុំ សុផានិត បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកអៀវ បណ្ណាការ ជាកូនប្រុសរបស់លោកអៀង កើស ជានាយករដ្ឋមន្ត្រីខ្មែរ ក្នុងឆ្នាំ១៩៤៩ និងក្រោយមក ជាប្រធានរដ្ឋសភា ដែលត្រូវគេបង្កៃគ្រាប់បែកធ្វើឃាតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០។

លោក​ អ៊ុំ មា៉ណូរិន
លោក​ អ៊ុំ មា៉ណូរិន

ក្នុងរបបប៉ុល ពត ដួលរលំ ដើមឆ្នាំ១៩៧៩ លោកអៀង បណ្ណាការ មានតួនាទីជាអនុប្រធាននាយកដ្ឋានភាពយន្ត នៅក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នៅក្នុងឆ្នាំ២០១២ លោកបានក្លាយជាសមាជិកព្រឹទ្ធសភានីតិកាលទី៣ ដោយទទួលបានការតែងតាំងពីព្រះមហាក្សត្រ ជាមួយលោកអ៊ុំ ម៉ាណូរិន ជាបងថ្លៃ ដែលពេលនោះមានវ័យ៨៨ឆ្នាំទៅហើយ។

ក្រោយមក អ្នកស្រីប៉ុម ពាង ក៏បានលែងលះគ្នាជាមួយលោកអ៊ុំ ផាន់កែវ ហើយបានទៅយកស្វាមីទី២ ឈ្មោះហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី (Jean-François Izzi) ជាជនជាតិបារាំង សញ្ញាតិអ៊ីតាលី និងជាអ្នកគ្រប់គ្រងធនាគារក្រេឌីត ហ្វុងស្យេ (Credit Foncier) នៅទីក្រុងនគរ ទឹកដីកូសាំងស៊ីន ។

ក្រោយពីបានជាប្តីប្រពន្ធហើយ លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី បាននាំអ្នកស្រីប៉ុម ពាង ទៅរស់នៅឯទីក្រុងព្រៃនគរ ដែលនៅទីនោះ អ្នកស្រីប៉ុម ពាង បង្កើតបានកូន២នាក់ទៀត គឺទី១.ឈ្មោះ អាន ម៉ារី អ៊ីហ្ស៊ី ( Anne Marie Izzi ) កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៣៤ និងទី២.ឈ្មោះ ប៉ូល ម៉ូនិក អ៊ីហ្ស៊ី (Paul Monique Izzi ៖ អ្នកម្នាងម៉ូនិក) កើតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦។

ក្នុងសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៣៩ ពេលកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ ចូលឈ្លានពានដណ្តើមកាន់កាប់ប្រទេសបារាំង លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី (Jean-François Izzi) ដែលជាប់កំណែនចូលបម្រើក្នុងជួរកងទ័ពបារាំងនៅឥណ្ឌូចិននោះ ត្រូវបានបញ្ជូនពីទីក្រុងព្រៃនគរ ជាមួយកងទ័ពកំណែនជាជនជាតិបារាំង ខ្មែរ វៀតណាម និងលាវ ជាច្រើនពាន់នាក់ទៀត ដើម្បីទៅធ្វើសង្រ្គាមវាយបណ្តេញកងទ័ពអាល្លឺម៉ង់ ឲ្យចេញពីប្រទេសបារាំង វិញ ។ ពេលនោះ លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី មានឋានន្តរសក្តិជាអនុសេនីយ៍ទោ ក៏បាត់ខ្លួននៅក្នុងសមរភូមិនៅប្រទេសបារាំង តាំងពីឆ្នាំ១៩៤០ រហូតមក។ ចំណែកអ្នកស្រីប៉ុម ពាង ក៏នាំកូនស្រីទាំង២ (អាន ម៉ារី អ៊ីហ្ស៊ី និងប៉ូល ម៉ូនិក អ៊ីហ្ស៊ី) វិលត្រឡប់មករស់នៅទីក្រុងភ្នំពេញ ជួបជុំកូនៗទាំង៥នាក់ជាមួយស្វាមីទី១ (អ៊ុ ផាន់កែវ) របស់គាត់វិញ។

កូនស្រីរបស់អ្នកស្រីប៉ុម ពាង ឈ្មោះអាន ម៉ារី អ៊ីហ្ស៊ី ( Anne Marie Izzi ) បានសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យដេកាដ ហើយបន្តការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៅទីក្រុងភ្នំពេញ និងទីក្រុងបារីស ប្រទេសបារាំង រហូតទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិត និងបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី នៅក្នុងឆ្នាំ១៩៥១។ ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច ឈ្មោះអាន ម៉ារី អ៊ីហ្ស៊ី ត្រូវបានដូរមកជា អ្នកម្នាងស៊ីសុវត្ថិ ណាណែត មេធាវី វិញ។

អ្នកម្នាងអាន ម៉ារី អ៊ីហ្ស៊ី ( Anne Marie Izzi ) ពេលរៀបការជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី
អ្នកម្នាងអាន ម៉ារី អ៊ីហ្ស៊ី ( Anne Marie Izzi ) ពេលរៀបការជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី

ចំណែក អ្នកម្នាងម៉ូនិក ដែលបានសិក្សានៅសាលាបឋមសិក្សាព្រះនរោត្តម ,វិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យដេកាត (Lycée René Descartes) រាជធានីភ្នំពេញ នោះបានជួប និងស្គាល់ព្រះមហាក្សត្រ នរោត្តម សីហនុ តាំងពីកុមារីមកម្លេះ តាមរយៈឪពុករបស់នាង គឺ លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី (Jean-François Izzi ) ដែលជាមិត្តជិតស្និទ្ធព្រះបិតា សុរាម្រិត។ រីឯមាតារបស់កញ្ញា គឺអ្នកស្រី ប៉ុម ពាង ក៍ជាមនុស្សជិតស្និទ្ធជាមួយព្រះអង្គម្ចាស់នរោត្តម សុធារស ជាព្រះអយ្យិកោ និងអ្នកម្នាងផះង៉ាង៉ាម ជាព្រះអយ្យិកា ព្រះមហាក្សត្រនរោត្តម សីហនុ ផងដែរ ។

យោងតាមទស្សនាវដ្តីTime ដ៍ល្បីល្បាញរបស់អាមេរិក បានឲ្យដឹងថា លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី (Jean-François Izzi) ឧស្សាហ៍ចេញចូលនៅរាជដំណាក់របស់ព្រះបិតា សុរាម្រិត ដែលស្ថិតនៅក្បែរវិមានឯករាជ្យ ហើយលោកតែងតែយកសៀវភៅល្អៗពីប្រទេសបារាំង ទៅព្រះមហាក្សត្រ សីហនុ ដូចជា Ali Baba, A Thousand One nights, Bicot Bicotin និងសៀវភៅផ្សេងៗទៀត។

ថ្ងៃមួយ ក្នុងឆ្នាំ១៩៤៨ ពេលកញ្ញា ម៉ូនិក ទើបមានវ័យ១២ឆ្នាំ នាងបានរួមដំណើរជាមួយអ្នកម្តាយ ដើម្បីទៅចូលគាល់សួរសុខទុក្ខព្រះញាតិវង្សនៃព្រះអង្គម្ចាស់សុរាម្រិត និងព្រះអង្គម្ចាស់ក្សត្រី សុរាម្រិត ហើយក៏បានជួបនឹងព្រះមហាក្សត្រសីហនុ ផងដែរ ។ ព្រះមហាក្សត្រវ័យក្មេង នរោត្តម សីហនុ បានមានព្រះរាជឱង្ការប្រាប់អ្នកស្រី ប៉ុម ពាង ថា ក្នុងពេលពីរបីឆ្នាំទៀត ព្រះអង្គនឹងយាងចូលស្តីដណ្តឹងកញ្ញា ម៉ូនិក ដើម្បីរៀបអភិសេកហើយ។ នៅពេលនោះ អ្នកស្រី ប៉ុម ពាង បានឆ្លើយតបវិញថា ៖«ព្រះអង្គ! ព្រះអង្គល្បីល្បាញថា មានដៃគូស្នេហាច្រើនណាស់។ រៀងរាល់៦ខែម្ដង ព្រះអង្គតែងប្តូរស្រីកំណាន់។ សូមព្រះអង្គទុកឱ្យកូនស្រីរបស់ខ្ញុំម្ចាស់បានស្វែងរកស្វាមីល្អ និងស្មោះត្រង់ មានមហេសី តែមួយ គឺមិនមានមហេសីច្រើនដូចព្រះអង្គនោះឡើយ »។

សម្ដេចព្រះនរោត្តម សីហនុ និងអ្នកម្នាង ប៉ូល ម៉ូនិក អ៊ីហ្ស៊ី (Paul Monique Izzi ) 
សម្ដេចព្រះនរោត្តម សីហនុ និងអ្នកម្នាង ប៉ូល ម៉ូនិក អ៊ីហ្ស៊ី (Paul Monique Izzi ) 

នៅដើមទសវត្សរ៍ឆ្នាំ១៩៥០ នៅក្នុងពិធីប្រឡងបវរកញ្ញាដែលគាំទ្រដោយអង្គការយូណេស្កូ ព្រះមហាក្សត្រ សីហនុ បានមានបន្ទូលលើកទឹកចិត្តឱ្យកញ្ញា ម៉ូនិក ចូលរួមក្នុងការប្រឡងជ្រើសរើសបវរកញ្ញានោះដែរ។ ប៉ុន្តែកញ្ញាម៉ូនិក បានឆ្លើយតបទាំងអៀនប្រៀនទៅព្រះរាជា សីហនុ ថា៖«ព្រះអង្គ! បើសិនជាខ្ញុំម្ចាស់មិនឈ្នះនៅក្នុងការប្រឡងនេះទេ ខ្ញុំម្ចាស់ច្បាស់ជាយំហើយ។ តើព្រះអង្គមានអ្វីលួងខ្ញុំម្ចាស់ទេ ?»

ព្រះមហាក្សត្រ សីហនុ បានឆ្លើយតប វិញថា បើសិនជា នាងពុំមានសំណាងបានជាប់ក្នុងការប្រឡងបវរកញ្ញានោះទេ ព្រះអង្គនឹងផ្តល់រង្វាន់ជាពានប្រាក់ដែលមានក្បូរក្បាច់រចនាយ៉ាងស្រស់ស្អាតមួយ ។

ក្រោយពីប្រឡងជាប់ជាបវរកញ្ញា បានមួយឆ្នាំ គឺនៅឆ្នាំ១៩៥២ ព្រះមហាក្សត្រ សីហនុ បានស្នើសុំទៅអ្នកស្រី ប៉ុម ពាង ជាមាតា ដើម្បីចូលស្តីដណ្តឹងកូនស្រីរបស់គាត់ គឺកញ្ញា ម៉ូនិក ។ អ្នកស្រី ប៉ុម ពាង ជាមាតាបានយល់ព្រមរៀបចំព្រះរាជពិធីរៀបអភិសេក(មិនផ្លូវការ)កូនស្រីជាមួយនឹងព្រះមហាក្សត្រ នរោត្តម សីហនុ បន្ទាប់ពីទទួលបានការផ្តល់យោបល់ពី ឃុនព្រះម្នាង បុប្ជានលក្ខណ៍ មាឃ ដែលជាអ្នកគ្រប់គ្រងនារីទាំងអស់ក្នុងព្រះបរមរាជវាំងក្នុងរជ្ជកាលព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស និងពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្សរៈ ដែលជាបងប្អូនជីដូនមួយ និងជាដៃគូកីឡាតិន្នីសរបស់ព្រះអង្គ។ ដើម្បីអបអរព្រះរាជពិធីរៀបអភិសេកនោះ ព្រះមហាក្សត្រ នរោត្តម សីហនុ បានព្រះរាជនិពន្ធចម្រៀងមួយបទដែលមានចំណងជើងថា៖ «រាត្រីដែលបានជួបភ័ក្ត្រ»។

នៅក្នុងឆ្នាំ១៩៥៥ ព្រះមហាក្សត្រ នរោត្តម សីហនុ រៀបចំពិធីរៀបអភិសេកជាមួយអ្នកម្នាងម៉ូនិក ជាថ្មីម្ដងទៀត ដែលចាត់ទុកថាជាពិធីរៀបអភិសេកផ្លូវការ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត