
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សាយ អ៊ីនវិន (Tsai Ing-wen) ធ្លាប់បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយសារតែគាត់បានទូរស័ព្ទទៅកាន់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដើម្បីអបអរជ័យជំនៈលើការបោះឆ្នោតរបស់លោក ដែលធ្វើឱ្យកក្រើកប្រទេសចិន កាលពីឆ្នាំ២០១៦។ លោកស្រី អ៊ីងវិន កើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៦ ស្រុក P’ing-tung ប្រទេសតៃវ៉ាន់ គឺជាអ្នកអប់រំបណ្តុះបណ្តាល ជាអ្នកនយោបាយ និងជាប្រធានាធិបតីស្ត្រីដំបូងបង្អស់របស់តៃវ៉ាន់ ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកទល់នឹងបច្ចុប្បន្ន។
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ លោកស្រី សាយ អ៊ីងវិន មកពីគណបក្សប្រជាធិបតេយ្យចម្រើននិយម (Democratic Progressive Party = DPP) បានយកឈ្នះលើការបោះឆ្នោតប្រធានាធិបតីលើ លោក Eric Chu របស់គណបក្សជាតិនិយម ឬគួមីងតាង (Nationalist Party = Kuomintang ឬ KMT) យ៉ាងភ្លូកទឹកភ្លូកដី ហើយបន្ទាប់មក លោកស្រីបានឡើងកាន់ដំណែងនៅថ្ងៃទី២០ ខែឧសភា។ បន្ទាប់ពីជ័យជំនះរបស់គាត់ លោកស្រីបានព្យាយាមធានាដល់ប្រទេសចិនដែលមានការព្រួយបារម្ភមួយថា លោកស្រីនឹងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចិនដីគោក ឬយ៉ាងណា។ ស្របពេលជាមួយគ្នា រលកនៃការមិនសប្បាយចិត្តបាន និងកំពុងកើនឡើងជាមួយទីក្រុងប៉េកាំង ហើយក្នុងនាមជាមេដឹកនាំតៃវ៉ាន់ លោកស្រី បានព្យាយាមធ្វើឱ្យមានតុល្យភាពរវាងការដឹកនាំមិនបែបប្រទេសចិនហួសហេតុពេក និងរក្សាការគាំទ្រដ៏ពេញនិយមនៅលើកោះមួយនេះ ដែលយោងទៅតាមការស្ទង់មតិក្នុងស្រុកបានបង្ហាញថា ប្រជាជនភាគច្រើនសម្គាល់ពួកគេថា ជាជនជាតិតៃវ៉ាន់ និងចង់រក្សាស្ថានភាពឱ្យនៅដដែលនៅលើមូលដ្ឋានអចិន្រ្តៃយ៍ ឬដើម្បីឱ្យមានឯករាជ្យភាពនៅថ្ងៃអនាគត។
ខាងក្រោមនេះ ជាអ្វីដែលអ្នកគួរដឹងអំពីស្ត្រីអ្នកដឹកនាំ សាយ អ៊ីនវិន ដែលបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍៖

១. លោកស្រី សាយ អ៊ីនវិន មិនមែនគ្រាន់តែជាប្រធានាធិបតីស្ត្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រតៃវ៉ាន់ទេ
លើសពីការក្លាយជាប្រធានាធិបតីស្ត្រីតៃវ៉ាន់ទី១ លោកស្រី សាយ ក៏បានក្លាយជាមនុស្សទី ២ ដែលឈ្នះតំណែងប្រធានាធិបតីដែលមិនមែនជាសមាជិករបស់គណបក្សជាតិនិយមផងដែរ។ បន្ថែមពីនេះ លោកស្រីគឺជាមនុស្សដំបូងគេដែលមានវង្សត្រកូលនៃជនជាតិភាគតិចតៃវ៉ាន់ (Hakka) ក្នុងការទទួលបានការគ្រប់គ្រងការិយាល័យប្រធានាធិបតី។ លោកស្រី សាយ ទទួលបានការសិក្សានៅបរទេស គឺនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅសាកលវិទ្យាល័យ Cornell និងនៅចក្រភពអង់គ្លេស សាលា London School of Economics។ លោកស្រី សាយ គឺខុសប្លែកពីមេដឹកនាំស្រីដទៃទៀតនៅអាស៊ី ដោយនៅក្នុងនោះ គាត់គឺមិនបានមកពីប្រភពគ្រួសារនយោបាយ ឬសហជីពណាមួយទេ គាត់ជាកូនស្រីរបស់ឪពុកដែលជាពាណិជ្ជករម្នាក់បើកហាងជួសជុលរថយន្ត និងម្តាយជាស្រ្តីមេផ្ទះ ហើយលោកស្រីគឺជាអតីតមេធាវីដែលមិនធ្លាប់រៀបការ និងគ្មានកូនឡើយ។
កោះតៃវ៉ាន់ ដែលប្រើកូតាសមាជិកសភា មានមោទនភាពភាពជាអ្នកដឹកនាំប្រកបដោយតុល្យភាពបំផុតនៅអាស៊ី៖ មាន ៣៨% នៃសមាជិកសភាកោះនោះគឺជាស្ត្រី (គិតជាមធ្យមជាសកលគឺប្រហែល ២២%)។ លោកស្រីជាទូទៅ ត្រូវបានគេមើលឃើញថា ធ្វើឱ្យមានការរីកចម្រើនផ្នែកសង្គមលើបញ្ហាក្នុងស្រុក និងគាំទ្រគំនិតផ្តួចផ្តើមចំពោះអ្នកគាំទ្រអ្នកក្រ និងស្ត្រី។ លោកស្រីក៏ជាអ្នកគាំទ្រនៃសមភាពអាពាហ៍ពិពាហ៍ផងដែរ ហើយបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ និងសកម្មភាពច្បាប់ជាបន្តបន្ទាប់ តៃវ៉ាន់បានក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាមានលក្ខណៈស្របច្បាប់ទូទាំងប្រទេស នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩។

២. លោកស្រីមិនបានចុះហត្ថលេខាលើការព្រមព្រៀងគ្នាឆ្នាំ១៩៩២ ដោយទទួលស្គាល់ “ប្រទេសចិនតែមួយ” ទេ
ជំហររបស់លោកស្រី សាយ លើបញ្ហាសង្គមមិនមែនជាអ្វីដែលធ្វើឱ្យគាត់មានភាពចម្រូងចម្រាសទេ តែវាជាទស្សនៈរបស់គាត់ចំពោះទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយនឹងចិនដីគោកទៅវិញទេ។ ឈ្មោះហៅជាផ្លូវការថា សាធារណរដ្ឋចិន (ROC) តៃវ៉ាន់ មានមុខងារសំខាន់ដោយតាំងខ្លួនជារដ្ឋឯករាជ្យមួយ ទោះបីជាទីក្រុងប៉េកាំង ចាត់ទុកកោះនេះជាខេត្តមួយ ជាកម្មសិទ្ធិរបស់សាធារណរដ្ឋប្រជាមានិតចិនក៏ដោយ ហើយម្យ៉ាងវិញទៀត គឺអាចនឹងទាមទារមកវិញដោយការប្រើកម្លាំង ប្រសិនបើចាំបាច់។
សាធារណរដ្ឋចិន (ROC) គឺជាកេរ្តិ៍ដំណែលរបស់អ្នកជាតិនិយម ឬគួមីងតាង (Nationalist Party = Kuomintang ឬ KMT) ដែលត្រូវបាននិរទេសទៅកោះនេះ បន្ទាប់ពីជ័យជម្នះកុម្មុយនិស្តរបស់ម៉ៅសេទុង នៅក្នុងសង្គ្រាមស៊ីវិលចិន។ នៅក្រោមការឯកភាពគ្នាឆ្នាំ១៩៩២ នៃទីក្រុងប៉េកាំង និងតៃប៉ិ ដែលត្រូវបានគ្រប់គ្រងដោយ KMT ភាគីទាំងពីរឯកភាពគ្នាថាពួកគេជាផ្នែកនៃប្រជាជាតិតែមួយ ប៉ុន្តែមិនបានបញ្ជាក់ពីគោលជំហរយល់ព្រម ឬមិនយល់ព្រម អំពីថាតើអ្នកណាជាអ្នកដឹកនាំស្របច្បាប់របស់ប្រទេសដែលមានឯកភាពតែខាងទ្រឹស្តីនេះទេ។
គណបក្សប្រជាធិបតេយ្យចម្រើននិយម របស់លោកស្រី សាយ អ៊ីងវិន មិនទទួលយកការព្រមព្រៀងឆ្នាំ១៩៩២ ទេ និងគាំទ្រជាផ្លូវការនូវតៃវ៉ាន់ឯករាជ្យពេញលេញ។ ក្នុងឆ្នាំ២០១៥ លោកស្រីបានប្រាប់សារពត៌មាន TIME ថា ស្ថានភាពរបស់កោះតៃវ៉ាន់គឺជាអ្វីដែលត្រូវដោះស្រាយតាមបែបប្រជាធិបតេយ្យ លោកស្រីនិយាយថា៖ “វាគឺជាការសម្រេចចិត្តដែលត្រូវបានធ្វើឡើងដោយប្រជាជននៅទីនេះ”។

៣. លោកស្រីសាយ អ៊ីងវិន ជាមនុស្សចេះកំប្លែង និងស្រលាញ់សត្វ
លោកស្រី សាយ តែងតែជាវាគ្មិនសាធារណៈដែលមានភាពវាងវៃ ស្វាហាប់ និងតែងតែត្រូវបានឃើញថាជាបុគ្គលមានការប្រកួតប្រជែងយ៉ាងខ្លាំងចំពោះទីក្រុងប៉េកាំង ប៉ុន្តែគាត់មិនមែនជាមនុស្សម៉ឺងម៉ាត់គ្រប់ពេលវេលានោះទេ។ ក្រៅពីជាអ្នកស្រលាញ់សត្វឆ្មា លោកស្រី ត្រូវបានគេស្គាល់ថា ជាមនុស្សមានភាពកំប្លុកកំប្លែងបែបប្លែកៗផងដែរ និងតែងនិយាយលេងជាមួយអ្នកកាសែតម្តងម្កាលអំពីវិជ្ជាជីវៈដ៏ម៉ឺងម៉ាត់របស់គាត់៕
ចំពោះស្ថានការចុងក្រោយបង្អស់របស់តៃវ៉ាន់ គឺថ្មីៗនេះប្រទេសចិនបាននិយាយថា ឯករាជ្យភាពរបស់កោះតៃវ៉ាន់មានន័យថា “សង្គ្រាម”។ ចំណែកតៃវ៉ាន់ ក៏បានឱ្យដឹងថា យន្តហោះចម្បាំងចិនចំនួន ៦ គ្រឿង និងយន្តហោះឈ្លបយកការណ៍អាមេរិក ១ គ្រឿងបានចូលដល់ជ្រុងនិរតីនៃតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១៕

ដោយ៖ Resin
ប្រភព៖ Time Magazine, Britannica, Wikipedia, Nikkei Asia (រូបភាព)


