អំពី «ព្រះមហាជដាបញ្ចកុដ» (ព្រះមហាមកុដកំពូលប្រាំ)
ផន សីហា
•
10 មករា 2021 11:29 AM

តើអ្នកដឹងទេ? តើ «ព្រះមហាជដាបញ្ចកុដ» ជាអ្វី?

ព្រះមហាជដាបញ្ចកុដ គឺជាគ្រឿងប្រដាប់សម្រាប់ក្សត្រទ្រង់រាជ្យស្តេចទ្រង់គ្រងព្រះសិរ ស្ថិតក្នុងចំណោមគ្រឿងទ្រង់ព្រះសិរសំខាន់ៗដ៏ទៃទៀតមានដូចជា ព្រះមហាមកុដរាជ្យ ព្រះមហាមាលា និងព្រះមាលាទ្រង់ប្រពាសជាដើម។

មកុដនេះត្រូវបានសាងពីមាសសុទ្ធមានរាងក្រឡូម និងមានកំពូលប្រាំខុសប្លែកពីព្រះមហាមកុដរាជ្យ នៅកំពូលកណ្តាលមានរចនាជាក្បាច់កន្ទុយហង្សលយចេញទៅផ្នែកខាងក្រោយដែលរាប់ជាលក្ខណៈពិសេសនៃមកុដនេះផងដែរ។ ឯតួមកុដគឺប្រដាប់ដោយត្បូងពេជ្រអមលម្អរដោយចនត្រចៀកនៅផ្នែកខាងក្រោមដែលឆ្លាក់ជាទម្រង់កន្ទុយហង្ស។ ព្រះមហាជដាបញ្ចកុដនេះត្រូវបានប្រើប្រាស់ក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រដូចជា ក្នុងពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីរាជាភិសេកគ្រងរាជ្យសម្បត្តិជាដើម។

តាមទំនៀមពីបុរាណក្នុងក្បួនប្រទក្សិណព្រះនគរ បន្ទាប់ពីអង្គព្រះមហាក្សត្រយាងចុះពីព្រះទីនាំងសុវណ្ណវិចិត្ររួចហើយនោះ ព្រះករុណា ទ្រង់នឹងផ្លាស់ព្រះមហាមកុដរាជ្យចេញ ហើយប្តូរមកគ្រងព្រះមហាជដាបញ្ចកុដវិញដោយយាងឡើងគង់លើព្រះទីនាំងរាជរថទឹមអស្សតរ៦ ដើម្បីបន្តព្រះរាជដំណើរ មុននឹងផ្លាស់មកុដចេញម្តងទៀតពេលស្តេចប្តូរមកគង់ព្រះទីនាំងគជេន្ទ្រវិញ។

ក្រៅអំពីនេះយើងអាចឃើញក្នុងរូបភាពចាស់នានា ដែល ព្រះករុណា ស្តេចទ្រង់ថតព្រះឆាយាល័ក្ខណ៍ជាអនុស្សាវរីយ៍ ។

ដោយ៖ សីហាអត្ថបទដើម ៖ បុរាណាចារ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត