
រាជធានីភ្នំពេញ៖ សាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តបញ្ជូននាយទាហានបន្តវេនចំនួន២រូបទៀត មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដឹកនាំដោយប្រទេសហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួម...។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះថា នាយទាហានវៀតណាមទាំងពីររូបនោះរួមមាន៖ ១.លោកវរសេនីយ៍ទោ ឌូ ហ្ស័នថាង (Do Xuan Thang) និង២.លោកវរសេនីយ៍ត្រី វូ ម៉ាញថាង (Vu Manh Thang) បានមកដល់ប្រទេសកម្ពុជា កាលពីវេលាម៉ោង១៧:២៥នាទីល្ងាច ថ្ងៃទី១៧តុលា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ដំណើរមកដល់របស់នាយទាហានវៀតណាម ដើម្បីចុះសង្កេតការណ៍ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយទទួលបានការស្វាគម៍យ៉ាងកក់ក្ដៅពីនាយទាហានជាន់ខ្ពស់ នៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យការពារជាតិ អះអាងបន្តថា កម្ពុជាតែងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងសង្កត់ធ្ងន់ទៅលើសារសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ក្រុមអ្នកសង្កេតការណ៍ ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព។ កម្ពុជាតែងស្វាគមន៍ដល់បណ្តាប្រទេសជាមិត្ត ដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

ជាថ្មីម្ដងទៀត ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕



