
សុខភាព៖ ពេលខ្លះមានបញ្ហាជាមួយដៃគូ មនុស្សមួយចំនួនអាចប្រហែលជាពិបាកផ្ចង់ស្មារតី ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព។ មួយវិញទៀត ពេលខ្លះសម្ពាធការងារ ក៏អាចធ្វើឱ្យមានអារម្មណ៍មិនល្អ និងអាចជះកំហឹងទៅកាន់ដៃគូដោយមិនដឹងខ្លួន។ តែកុំបារម្ភ..! នៅពេលលោកអ្នកដឹងរឿងរ៉ាវ៤យ៉ាងខាងក្រោមនេះ ទាំងជីវិតស្នេហា និងការងារច្បាប់ជាជោគជ័យទាំងពីរមិនខានឡើយ...។

ដើម្បីជួយឱ្យជីវិតស្នេហា និងការងារមានភាពរលូនទៅមុខក្នុងពេលដំណាលគ្នា គួរធ្វើសកម្មភាពមួយចំនួនដូចជា៖ ទី១.និយាយពីគោលបំណងរួម៖ ជាការពិត មនុស្សម្នាក់ៗមិនថាស្រី ឬប្រុស មានបំណងប្រាថ្នាខុសៗគ្នា ដោយអ្នកខ្លះចង់បើកអាជីវកម្មផ្ទាល់ខ្លួន ឯខ្លះទៀតចង់ជោគជ័យនឹងអាជីពការងារ។ ទោះមិនមានជម្រើសមួយណាខុស ឬត្រូវក៏ដោយ តែគួរស្វែងយល់ពីអ្វីដែលជំរុញលើកទឹកចិត្តលោកអ្នក និងដៃគូ ដោយស្វែងរកចំណុចរួមមួយ ដើម្បីឱ្យទំនាក់ទំនងបានយូរ។ ទី២.ផ្ដល់ក្ដីស្រឡាញ់៖ គួរផ្ដល់ក្ដីស្រឡាញ់ទៅឱ្យដៃគូ ដោយការសរសើរ ឬការសម្រាកលម្ហែ ក៏ដូចជាចំណាយពេលជាមួយគ្នា តាមដែលអាចធ្វើបាន។ សកម្មភាពតូចតាចទាំងនេះ អាចជាការបង្ហាញក្ដីស្រឡាញ់ ព្រមទាំងអាចរក្សាទំនាក់ទំនងល្អជាមួយគ្នា។

ទី៣.ត្រូវចេះសង្កេតពីសុខទុក្ខរបស់ដៃគូ៖ នៅពេលដែលការងាររវល់ខ្លាំង យើងអាចធ្វេសប្រហែសមិនយកចិត្តទុកដាក់ជាមួយដៃគូរបស់ខ្លួន ត្រង់ចំណុចនេះ ក៏អាចក្លាយឱ្យទំនាក់ទំនងកាន់តែឃ្លាតឆ្ងាយដែរ។ ដូចនេះ គួរចាប់ផ្ដើមសង្កេតមើល ស្វែងយល់ពីអារម្មណ៍ដៃគូ និងការគាំទ្រ ហើយលើកទឹកចិត្តដៃគូជាញឹកញាប់ បើទោះជាពេលខ្លះរវល់ តែត្រូវឆ្លៀតក្នុងកម្រិតមួយដែលមិនប៉ះពាល់ដល់ការងារ។ ទី៤.សន្ទនាជាមួយដៃគូ៖ ជំហានដំបូង លោកអ្នកគួរជជែកគ្នាឱ្យបានច្បាស់លាស់ ដោយភាពស្មោះត្រង់ និងមិនលាក់លៀម ពីព្រោះថា ឥរិយាបថខ្លះរបស់ដៃគូម្ខាង អាចបង្កជាបញ្ហាស្ត្រេស ថប់បារម្ភ ឬទុក្ខកង្វល់ដល់ដៃគូម្ខាងទៀត។ មួយវិញទៀត ត្រូវចាំថា ទោះបីជាជិតស្និទ្ធគ្នាយ៉ាងណាក៏ដោយ ដៃគូរបស់យើងក៏មិនអាចទាយដឹងចិត្តយើង ច្បាស់១០០ភាគរយដែរ ហេតុនេះហើយ មានតែការជជែកគ្នាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហា ដែលធ្វើឱ្យយើង និងដៃគូយល់ពីគ្នាបាន៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ




