
សុខភាព៖ បន្ទាប់ពីសម្រាលកូន សម្រស់អាចមានសភាពដុនដាបមួយរយៈពេល ពិសេស គឺសាច់ក្បាលពោះយារធ្លាក់តែម្ដង ដែលធ្វើឱ្យមានអារម្មណ៍អន់ចិត្តនឹងខ្លួនឯង ព្រោះមិនដូចការមិនទាន់មានកូន។ តែយ៉ាងណា សូមកុំមិនសប្បាយរីករាយក្នុងចិត្ត ត្រឹមបញ្ហាបន្តិចបន្តួចបែបនេះ បើចង់ចៀសពីបញ្ហាខាងលើ ត្រូវថែទាំខ្លួនតាមវិធី៥យ៉ាង ដើម្បីរួមចំណែកដោះស្រាយបញ្ហាស្បែកយារធ្លាក់ ក្រោយសម្រាលកូនរួច...។

១.ត្រូវមានរបបអាហារល្អ៖ ស្បែកជាសរីរាង្គចុងក្រោយគេ ដែលទទួលបានវីតាមីន និងជាតិរ៉ែសំខាន់ៗ ក្រោយពីទទួលទានអាហារ។ បើមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ ស្បែកនឹងបាត់បង់នូវអ្វីដែលវាត្រូវការ ដើម្បីរក្សាភាពស្រស់ថ្លា និងតឹងណែន។ដើម្បីការពារស្បែកយារធ្លាក់ ក្រោយសម្រាល គួរតែបរិភោគអាហារសម្បូរដោយបន្លែ ផ្លែឈើ សាច់ និងគ្រាប់ធញ្ញជាតិ។ ២.រក្សាជាតិទឹក៖ បើចង់ឱ្យស្បែកតឹងឡើងវិញ ក្រោយសម្រាលកូនរួច ភាគច្រើនអាស្រ័យទៅលើការរក្សាជាតិទឹកក្នុងខ្លួនយើង។ វិធីតែមួយគត់ ដើម្បីរក្សាជាតិទឹកបានគ្រប់គ្រាន់ក្នុងរាងកាយ ត្រូវពិសាយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ។

៣.បំបៅដោះកូន៖ ការបំបៅដោះកូនផ្ដល់ប្រយោជន៍ទាំងម្ដាយ និងកូន។ លើសពីនេះ ការបំបៅកូនដោយទឹកដោះ ក៏ជួយម្តាយសម្រកទម្ងន់ និងរឹងបន្តឹងស្បែក ចៀសវាងបញ្ហាស្បែកយារធ្លាក់ក្រោយសម្រាល ព្រោះពេលបំបៅដោះកូន តារក ឬទារិកាបឺតស្រូបយកកាឡូរី និងសារធាតុចិញ្ចឹមពីខ្លួនម្តាយជារៀងរាល់ថ្ងៃ ជាហេតុបណ្ដាលឱ្យរាងកាយ ឆាប់បាត់បង់កាឡូរី និងជាតិខ្លាញ់។ ៤.កាត់បន្ថយសង្វារ៖ គួរមានទម្លាប់ថែរក្សាស្បែក ឱ្យបានល្អតាំងពីពេលពពោះ កុំចាំថែទាំក្រោយសម្រាលកូនរួច។ គន្លឹះមួយក្នុងការកម្ចាត់បញ្ហាស្បែកយារធ្លាក់ ក្រោយសម្រាលនោះ គឺការកាត់បន្ថយសង្វារកំលុងពេលពពោះ និងក្រោយសម្រាល ដោយការប្រើផលិតផលចិញ្ចឹមស្បែក ត្រង់ក្បាលពោះ ភ្លៅ ឬត្រគាក។ ៥.សម្រកទម្ងន់តាមសម្រួល៖ ក្រោយសម្រាលកូនហាមសម្រកទម្ងន់លឿនពេក ព្រោះអាចបង្កឱ្យមានបញ្ហាស្បែកយារធ្លាក់កាន់តែអាក្រក់ទៅៗ ដូចនេះ ត្រូវសម្រកទម្ងន់តាមសម្រួល៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ



