
សុខភាព៖ មនុស្សប្រុសខ្លះ មានទម្លាប់មិនល្អមួយចំនួន ធ្វើឱ្យស្រីៗមិនស្រទ្បាញ់-ចូលចិត្ត និងមិនចង់នៅក្បែរ។ តែកុំបារម្ភ SBM News នឹងប្រាប់ពីទម្លាប់អាក្រក់ដែលបុរសៗ គួរឈប់ប្រព្រឹត្តវាបន្តទៅទៀត…។

ទម្លាប់អាក្រក់ដែលមនុស្សស្រីៗអត់ចូលចិត្ត មានដូចជា៖ ១.មិនកាត់ក្រចកឱ្យបានស្អាត៖ ករណីនេះ ប្រុសៗភាគច្រើនមើលរំលង មិនសូវយកចិត្តទុកដាក់សម្អាតក្រចក។ បើដៃស្អាត តែក្រចកមិនស្អាត បណ្ដាលឱ្យស្រីៗមានអារម្មណ៍មិនល្អ ពេលនៅក្បែរ។ ហេតុនេះ គួរចំណាយពេលបន្តិច ទៅរកជាងធ្វើក្រចក ឬកាត់ដោយខ្លួនឯង ឱ្យបានស្អាតជាប្រចាំ។ ២.រោមច្រមុះវែងៗពេក៖ គួរកាត់រោមច្រមុះចេញ យ៉ាងហោចណាស់ឱ្យបានម្ដងក្នុងមួយសប្ដាហ៍។ ការទុករោមច្រមុះវែងៗ មើលទៅប្រៀបដូចយើងអត់អនាម័យ ស្រីៗឃើញហើយមានអារម្មណ៍ថា នឹងមិនចូលចិត្តយើងទេ។

៣.មិនប្រើទ្បេលាបមុខឱ្យមានសំណើម៖ បុរសៗភាគច្រើនគិតថា ខ្លួនគ្មានពេលគ្រប់គ្រាន់ សម្រាប់ដើរទិញទ្បេមកលាបទេ តែទោះជារវល់យ៉ាងណា ត្រូវចាំថា ភាពចាស់នៅលើផ្ទៃមុខ ស្បែកធ្លាក់យារ ធ្វើឱ្យបាត់បង់ភាពទាក់ទាញពីស្រីៗ។ ហេតុនេះ សាកសួរដៃគូ ឬមិត្តភក្ដិ តើមានទ្បេរក្សាសំណើមលើផ្ទៃមុខបែបណា សក្ដិសមសម្រាប់យើងទេ ហើយទិញយកមកប្រើមកបើចង់ឱ្យមនុស្សស្រីចូលចិត្ត ។ ៤.ទុកពុកចង្កាវែងៗ៖ទុកពុកចង្កាវែងៗ កាន់តែធ្វើឱ្យបាត់បង់នូវភាពទាក់ទាញមួយកម្រិតទៀត។ អាចទៅហាងកាត់សក់ ដើម្បីតុបតែងពុកមាត់ ពុកចង្កាតាមបំណងប្រាថ្នា។ ត្រូវចាំថា គួរប្រើសាប៊ូ ឬប្រេងលាបទៅលើពុកចង្កា ផ្ទៃមុខ និងសក់ផងដែរ។

៥.ប្រើទឹកអប់ហួសប្រមាណ៖ រាល់ពេលស្លៀកពាក់ចេញទៅក្រៅធ្វើការ ឬណាត់ជួប និងចូលរួមព្រឹត្តិការណ៍អ្វីមួយ បុរសៗមិនគួរបាញ់ទឹកអប់ច្រើនពេក រហូតជះក្លិនខ្លាំងឆួលដល់ខ្លួននោះទេ ព្រោះអាចប៉ះពាល់អារម្មណ៍អ្នកដទៃ ស្រីៗភាគច្រើនមិនចូលចិត្តក្លិនឆួលរបស់ទឹកអប់ទេ។ បាញ់ទឹកអប់បន្តិចបន្តួចនៅលើកដៃ ផ្នែកខាងក្រោយកញ្ចឹងក ឬស្លឹកត្រចៀកបានហើយ ពេលនោះ កម្ដៅរាងកាយ នឹងអប់ក្លិនក្រអូបជាប់ខ្លួនពេញមួយថ្ងៃ៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ



