
សុខភាព៖ ពេលខ្លះហត់នឿយពីការងារខ្លាំង ហើយទទួលទានអាហារពេលល្ងាចតិច ឬមិនបានបរិភោគ នោះអាចជារឿងមួយដែលធ្វើឱ្យឃ្លាននៅពេលភ្ញាក់ពីគេងកណ្ដាលយប់ តែមិនហ៊ានពិសាខ្លាចមានផលប៉ះពាល់មិនល្អណាមួយដល់រាងកាយ។សូមកុំបារម្ភ ថ្ងៃនេះ SBM News នឹងជម្រាបជូនដល់លោកអ្នកឱ្យបានដឹងពីអាហារណាខ្លះ ដែលអាចទទួលទានបាន...។

អាហារដែលអាចទទួលទានបាន មានដូចជា ទី១.ផ្លែចេក៖ ផ្លែចេកជាប្រភេទអាហារសម្រន់ដែលល្អងាយរក សម្រាប់អ្នកភ្ញាក់ពេលយប់ហើយប្រឈមនឹងការឃ្លាន។ ថ្វីដ្បិតផ្លែចេកមិនមែនជាអាហារមានរសជាតិឆ្ងាញ់ តែអាចជួយកាត់បន្ថយការឃ្លានបានមួយកម្រិត ថែមទាំងជួយឱ្យសុខភាពល្អ និងមានអត្ថប្រយោជន៍ខ្លាំង ទៅដល់ប្រព័ន្ធរំលាយអាហារងាយស្រួលរំលាយ ព្រោះផ្លែឈើមួយប្រភេទនេះ មានផ្ទុកទៅដោយប៉ូតាស្យូម ទ្រីបតូផាន ហ្វៃប៊ឺ។ ចេកជាជម្រើសល្អសម្រាប់អ្នកដែលគិតគូរដល់សុខភាព មានការព្រួយបារម្ភចំពោះការឡើងគីឡូ គួរតែងាកមករកផ្លែចេក គឺជាការប្រសើរ។

២.ទឹកឃ្មុំ៖ ជាក់ស្ដែង ការភ្ញាក់ពីគេងពេលយប់ ហើយមានអារម្មណ៍ថា ឃ្លាន បើមានទឹកឃ្មុំនៅក្បែរខ្លួន ក៏អាចញ៉ាំបានដែរ។ កុំបារម្ភថា ទឹកឃ្មុំមានជាតិផ្អែម ហើយអាចបង្កើនកាឡូរីខ្ពស់ក្នុងខ្លួន មិនមែនទេ។ ទឹកឃ្មុំមានកាឡូរីទាប ហើយមានអត្ថប្រយោជន៍ជួយដល់ការផលិតអ័រម៉ូនមេឡាតូនីន ដែលមានតួនាទីសំខាន់សម្រួលដល់ការគេង។ ដូច្នេះ ទឹកឃ្មុំជាអាហារដ៏ល្អបំផុតមួយ ដែលត្រូវទទួលទានពេលយប់។៣.បាយស៖ បាយសមានផ្ទុកសារធាតុម៉ែនហ្គាណែស និងវីតាមីនB១។ ការពិសាបាយស មិនត្រឹមតែធ្វើឱ្យកាត់បន្ថយការឃ្លាន ថែមទាំងធ្វើឱ្យឆាប់គេងលក់ស្រួលថែមទៀតផង។

យ៉ាងណា លោកអ្នកត្រូវកំណត់បរិមាណនៃការទទួលទាន ក្នុងកម្រិតតិចតួច មិនត្រូវច្រើនដល់ថ្នាក់ឆ្អែតទេ ព្រោះវាអាចបង្កផលលំបាកដល់ប្រព័ន្ធរំលាយអាហារ ក្នុងពេលដែលរាងកាយត្រូវសម្រាក។ ម៉្យាងទៀត ក្រោយពីបរិភោគបាយសអាចចន្លោះពី២៥ទៅ៤០នាទី រួចចាំចូលគេងវិញ។ ៤.ស៊ុត៖ ទទួលទានស៊ុតស្ងោរនៅពេលយប់ ក៏ជាមធ្យមបាយល្អសម្រាប់រក្សាសុខភាព និងកាត់បន្ថយការឃ្លានបានមួយកម្រិតដែរ។ បរិមាណស៊ុតគួរតែបរិភោគ ចន្លោះពី២ទៅ៤គ្រាប់ បរិមាណនេះ អាចនឹងសមល្មម នឹងប្រព័ន្ធរំលាយអាហារធ្វើការបានរហ័ស។ មួយវិញទៀត ការទទួលទានស៊ុតពេលយប់នឹងមិនធ្វើឱ្យឡើងគីឡូ តែហាមបរិភោគស៊ុតចៀន ព្រោះអាចមានប្រតិកម្មខ្លាញ់ជាមួយប្រព័ន្ធរំលាយអាហារ ដែលបង្កឱ្យមានការរំខានដល់ការគេង ឬមិនអាចគេងលក់។

៥.ពោតលីង៖ មីក្រូសារជាតិផូលីហ្វេណុល នៅក្នុងគ្រាប់ពោត មានអត្ថប្រយោជន៍ចំពោះប្រព័ន្ធសរសៃឈាម និងសុខភាពទូទៅ។ ពោតលីង អាចនឹងពិបាករកបន្ដិចក្នុងកំលុងពេលយប់ ប៉ុន្ដែបើមានក៏ជាការល្អប្រសើរ ព្រោះថាអាហារប្រភេទនេះ ក៏ស្ថិតក្នុងបណ្ដុំប្រភេទអាហារដែលផ្ដល់ភាពងាយស្រួល ដល់ប្រព័ន្ធរំលាយអាហារ។ លើសពីនេះ ពោតលីង ក៏ជាអាហារដែលមានកម្រិតកាឡូរីទាប មិនអាចបង្កឱ្យមានបញ្ហាប្រឈមទៅដល់ផ្នែកបេះដូង ទឹកនោមផ្អែម ឬមហារីកផ្សេងៗ៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ




