
សុខភាព៖ នៅពេលឈឺសន្លាក់ ពិបាកដើរ ឬហើមជង្គង់ភ្លាម មានមនុស្សភាគច្រើនតែងគិតថា ច្បាស់ជាលើសជាតិអាស៊ីត ហើយតមមិនហូបសាច់គោ និងត្រកួន។ ការពិតទៅជំងឺរលាកសន្លាក់ និងមូលហេតុមានច្រើនប្រភេទ ក៏ដូចជាការព្យាបាលក៏ខុសគ្នា។នេះបើយោងតាមអត្ថបទរបស់លោកគ្រូពេទ្យ គីមលី ប្រធានផ្នែកពិគ្រោះក្រៅនៃមន្ទីរពេទ្យបង្អែកស្អាង…។

ជំងឺសន្លាក់៤ប្រភេទ ដែលជួបញឹកញាប់ជាងគេ មានដូចជា ទី១.រលាកសរសៃពួរជុំវិញសន្លាក់(Tendinitis)៖ ជាបញ្ហាសរសៃមិនមែនសន្លាក់ មូលហេតុដោយសារប្រើសាច់ដុំ និងសរសៃពួរលើសកម្លាំង ឬធ្វើចលនាដដែលៗខុសទម្រង់។ រោគសញ្ញា គឺចុកអួលៗ ឬឈឺជុំវិញស្មា កែងដៃ ក-ដៃ ឬកែងជើង។ ២.ជំងឺសន្លាក់ហ្គោដ (Gout)៖ លើសជាតិអាស៊ីតពិតប្រាកដ ដែលដើមហេតុមកពី ជាតិអាស៊ីតអ៊ុយរិក (Uric Acid) ក្នុងឈាមឡើងខ្ពស់ខ្លាំង រហូតកកជាក្រាមគ្រីស្តាល់មុតស្រួចក្នុងសន្លាក់។ រោគសញ្ញា គឺឈឺចាប់ខ្លាំងភ្លាមៗហើម ក្រហម និងក្ដៅងំ ប៉ះមិនបានភាគច្រើនកើតនៅមេជើង ឬក-ជើង។ ៣.ជំងឺសឹករេចរឹលសន្លាក់ (Osteoarthritis)៖ ច្រើនកើតលើមនុស្សចាស់ មូលហេតុមកពី ឆ្អឹងខ្ចី ទ្រនាប់សន្លាក់សឹករេចរឹលតាមអាយុ ការលើសទម្ងន់ ឬការធ្វើការធ្ងន់។ រោគសញ្ញាមានដូចជា ឈឺពេលដើរ ឬធ្វើចលនាឮសូរក្រកៗក្នុងសន្លាក់ ច្រើនកើតត្រង់ជង្គង់ ត្រគាក និងចង្កេះ។

៤.ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid)៖ ប្រព័ន្ធការពាររាងកាយច្រឡំទៅវាយប្រហារ ស្រទាប់ស្រោបសន្លាក់ខ្លួនឯង។ រោគសញ្ញា គឺរលាកសងខាងស្មើគ្នាដូចជា ម្រាមដៃទាំងសងខាងហើមទន់ៗ និងរឹងសន្លាក់ខ្លាំងនៅពេលព្រឹក លើសពី៣០នាទីឡើងទៅ។ គួរជ្រាបថា បើមានបញ្ហាឈឺ ឬហើមសន្លាក់ សូមកុំទ្រាំ និងកុំទិញថ្នាំផ្សំលេបផ្តេសផ្តាស ត្រូវទៅមន្ទីរពេទ្យដើម្បីពិគ្រោះជាមួយគ្រូពេទ្យជំនាញ ស្វែងរកមូលហេតុពិតប្រាកដ ទើបព្យាបាលចំគោលដៅ និងឆាប់ជាសះស្បើយ ព្រោះការលេបថ្នាំផ្តេសផ្តាស ឬលេបថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជា អាចធ្វើឱ្យរលាកក្រពះ ធ្លុះក្រពះ និងខូចតម្រងនោម៕



