
សុខភាព៖ ផ្លែត្រសក់ ជាបន្លែមួយប្រភេទដែលពលរដ្ឋកម្ពុជាស្គាល់គ្រប់ៗគ្នា ហើយតែងជ្រើសយកមកធ្វើជាម្ហូប ឬកៀបយកទឹកទទួលទាន និងសម្រាប់អ្នកថែរក្សាស្បែកមុខ បានយកមកបិទមុខផងដែរ។ ថ្ងៃនេះ SBM News នឹងជម្រាបជូនពីគុណប្រយោជន៍ទាំង១១យ៉ាងរបស់ផ្លែត្រសក់ ដោយគ្រាន់តែទទួលទានមួយផ្លែរៀងរាល់ថ្ងៃ...។

១.ជំនួយសក់៖ នៅក្នុងត្រសក់មានសារធាតុ biotin riboflavin niacin វីតាមីន B៥, B៦, និងវីតាមីន C វាមានតួនាទីសំខាន់ក្នុងការលូតលាស់របស់សក់ និងអាចជួយដល់បញ្ហាសក់ជ្រុះ និងសក់ឡើងស្កូវ។ ២.ឆ្អឹងរឹងមាំ៖ វីតាមីន K និងកាល់ស្យូម នៅក្នុងត្រសក់មានសារសំខាន់ជួយឱ្យឆ្អឹងរឹងមាំ។ មួយវិញទៀត វីតាមីន K ក៏ជួយកាត់បន្ថយហានិភ័យ ក្នុងការបាក់ឆ្អឺង និងមានតួនាទីសំខាន់ ក្នុងការស្រូបយកជាតិកាល់ស្យូមនៅក្នុងឆ្អឹង។ ៣.គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៖ ត្រសក់ក៏មានសមាសធាតុ phenolic flavonoids និង triterpenes ផងដែរ។ អ្នកស្រាវជ្រាវ បានលើកឡើងថា ការទទួលទានត្រសក់ច្រើនអាចមានផលវិជ្ជមានដល់ការគ្រប់គ្រង កម្រិតជាតិស្ករក្នុងឈាម។

៤.ជួយដល់សុខភាពបេះដូង៖ ត្រសក់ផ្ទុកដោយសារធាតុប៉ូតាស្យូម ម៉ាញ៉េស្យូម និងវីតាមីន K សារធាតុទាំងបីនេះ មានសារប្រយោជន៍ដល់មុខងាររបស់បេះដូង។ វីតាមីន K ជាកត្តាសំខាន់ក្នុងការកកឈាម និងរក្សាកម្រិតកាល់ស្យូមក្នុងឈាម។ កម្រិតម៉ាញ៉េស្យូម និងប៉ូតាស្យូមទាប ក៏មានទំនាក់ទំនងទៅនឹងការលើសសម្ពាធឈាមដែរ។ ការសិក្សាមួយរកឃើញថា ការបរិភោគត្រសក់ អាចជួយកាន់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់ថែមទៀតផង។ ៥.ការពារពីជំងឺប្រព័ន្ធប្រសាទ៖ សារធាតុ Fisetin ក្នុងផ្លែត្រសក់មានតួនាទីជួយដល់សុខភាពខួរក្បាល លើសពីនេះ ក្នុងផ្លែត្រសក់ក៏មានផ្ទុកសារជាតិផូស្វ័រ នៅពេលខ្វះជាតិផូស្វ័រនេះ អាចនឹងមានហានិភ័យជំងឺខួរក្បាល ប៉ះពាល់ដក់ការគិត និងការផ្ចង់អារម្មណ៍។ ៦.ស្បែកទន់ និងភ្លឺរលោង៖ ត្រសក់ជួយបំពេញជាតិទឹកក្នុងរាងកាយ ដូច្នេះ វាមានប្រយោជន៍ណាស់ដល់ស្បែក។ បន្ថែមពីនេះ វាក៏មានវីតាមីន B ដូចជា niacin និង riboflavin និងជាតិស័ង្កសី ដែលជួយថែរក្សាស្បែកឱ្យបានល្អ ហើយក៏មានអាស៊ីដកាហ្វេអិច ប្រឆាំងនឹងការរលាកដែរ។

៧.ជួយសម្រកទម្ងន់៖ ផ្លែត្រសក់មិនមានផ្ទុកជាតិខ្លាញ់ និងមានកាឡូរីទាប ជួយដល់ការសម្រកទម្ងន់ ត្រសក់មានផ្ទុកជាតិទឹកច្រើនធ្វើឱ្យមានអារម្មណ៍ថា ឆ្អែតបានយូរ ដូច្នេះអាចជួយការគ្រប់គ្រងការទទទួលលើសកំណត់។ ៨.បន្ថយហានិភ័យមហារីក៖ ក្រៅពីសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាក ត្រសក់ក៏មានសមាសធាតុ fisetin ដែរ សមាសធាតុនេះ ត្រូវបានអ្នកស្រាវជ្រាវជំងឺមហារីក មានការចាប់អារម្មណ៍ខ្លាំងដោយសារ តែមានទំនាក់ទំនងនឹងការកាត់បន្ថយហានិភ័យជំងឺមហារីក។ ៩.ជួយការរំលាយអាហារ៖ បរិភោគត្រសក់មួយផ្លែរាល់ថ្ងៃ អាចជួយដល់ការបន្ទោបង់ព្រោះ ត្រសក់មានផ្ទុកជាតិសរសៃ និងជាតិទឹកជាច្រើន ដែលអាចជួយដល់ការរំលាយអាហារបានល្អ។ ១០.បំពេញជាតិទឹក៖ ប្រសិនជាមិនសូវទម្លាប់ពិសាទឹកច្រើន ការបរិភោគត្រសក់មួយផ្លែរាល់ថ្ងៃ អាចជាជម្រើសដ៏ល្អមួយដែរ ដោយសារត្រសក់មួយផ្លែមានជាតិទឹកដល់ទៅ៩៥ភាគរយ ដូច្នេះ ទទួលទានរាល់ថ្ងៃអាចជួយបំពេញជាតិទឹកដល់រាងកាយ៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ



