
សុខភាព៖ មនុស្សគ្រប់រូប គួរចេះពីវិធីសង្គ្រោះបឋម ដើម្បីអាចជួយអ្នករងគ្រោះពេលជួបគ្រោះថ្នាក់ដូចជា ស្លាក់អាហារ លង់ទឹក ឆក់ខ្សែភ្លើង ឬក៏រងឥទ្ធិពលពីរន្ទះបាញ់ ព្រោះករណីខ្លះ បើលោកអ្នកចេះវិធីទាំងអស់នេះ អាចនឹងជួយជនរងគ្រោះបានទាន់ពេល ដែលមិនបណ្ដាលឱ្យបាត់បង់ជីវិត។ ខាងក្រោមនេះ ជារបៀបនៃរបៀបសង្គ្រោះបឋម...។

១.ស្លាក់អ្វីមួយចូលក្នុងបំពង់ខ្យល់៖ ប្រសិនបើមានក្មេងជួបបញ្ហាជាប់អ្វីម្យ៉ាងក្នុងមាត់ គួរតែដឹងពីវិធីជួយសង្គ្រោះភ្លាមៗ ព្រោះបើហ៊ានតែយឺតអាចបណ្ដាលឱ្យស្លាប់បាន។ដំបូង គួរតែរកកន្លែងដែលអាចអង្គុយបាន ហើយលើកក្មេងមកដាក់លើជង្គង់ ក្បាលផ្ចុចទៅក្រោម យកដៃទះពីពាក់កណ្ដាលខ្នងខ្លាំងៗ ដើម្បីវត្ថុស្លាក់នោះចេញមកវិញ តែបើទារកវិញដាក់នៅលើដៃ និងក្បាលឱនបន្តិច។ ប្រសិនបើជាមនុស្សពេញវ័យ អាចឱបពីក្រោយ ហើយយកដៃផ្ទប់ចុងដង្ហើមជនរងគ្រោះ។ ២.លង់ទឹក៖ ពេលស្រង់មកពីទឹកដាក់មនុស្សឱ្យដេកផ្ទាល់ដី ជើងសណ្ដូកត្រង់ ហើយចាប់ផ្ដើមធ្វើចលនាបេះដូង គឺត្រូវយកដៃទាំងពីរដាក់ពីលើគ្នា រួចក្ដាប់ចូលគ្នាទៅសង្កត់លើដើមទ្រូងឆ្វេង ត្រង់ចំណុចបេះដូងជនរងគ្រោះ ដោយសង្កត់៣០ដង និងផ្លុំខ្យល់ដង្ហើម២ដង។ ការធ្វើបែបនេះ គឺដើម្បីផ្តល់ចរន្តឈាម និងអុកសុីហ្សែនទៅដល់ខួរក្បាល។

៣.ឆក់ខ្សែភ្លើង៖ ពេលឃើញមនុស្សឆក់ខ្សែភ្លើង ដំបូងបំផុត ត្រូវបិទឌីសង់ទ័រភ្លើង ហើយត្រូវរកឈើស្ងួតទាញខ្សែភ្លើងចេញ។ បន្ទាប់មកត្រូវយកកំណាត់សំពត់ ឬខ្សែស្ងួតថ្ពក់-កដៃ ឬក-ជើង ហើយអូសជនរងគ្រោះឱ្យចេញផុតពីខ្សែភ្លើង ហាមដាក់ជនរងគ្រោះនៅកន្លែងសើម រួមពិនិត្យមើលសភាពជនរងគ្រោះ បើអត់ដង្ហើមត្រូវប្រញាប់សង្កត់បេះដូង និងផ្លុំដង្ហើម ដោយផ្ដេកជនរងគ្រោះនៅលើដីរាបស្មើ និងត្រូវខលរករថយន្តសង្គ្រាមបន្ទាន់ ដឹកទៅកាន់មន្ទីរពេទ្យ។ ៤.រន្ទះបាញ់៖ ពេលឃើញមានអ្នកត្រូវរន្ទះបាញ់ គួរតែពិនិត្យមើលជីពចរជាមុនសិន ប្រសិនបើគ្មានសញ្ញាត្រូវធ្វើចលនាបេះដូង និងដង្ហើមភ្លាមៗ។ តែសូមចាំថា លោកអ្នកដែលជាអ្នកសង្គ្រោះគេ ក៏ត្រូវគិតពីសុវត្ថិភាពផ្ទាល់ខ្លួនជាមុនសិនដែរ ប្រសិនបើគ្មានសុវត្ថិភាពទេ គួរស្វែងរកជំនួយជាបន្ទាន់៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ




