
សុខភាព៖ បំពង់បង្ហួរនោម គឺជាបំពង់នាំទឹកនោមចេញពីប្លោកនោមមកខាងក្រៅរាងកាយ។ ជាធម្មតាបំពង់បង្ហួរនោមនេះ មានប្រវែង១៨ទៅ២០សង់ទីម៉ែត្រ សំរាប់មនុស្សប្រុស ចំពោះមនុស្សស្រីវិញ ប្រហែលពី៣ទៅ៥សង់ទីម៉ែត្រ។ នៅពេលមានវិបត្តិរំហូរទឹកនោមចេញមកក្រៅ ដោយសារបំពង់រួមតូច ឬនោមមិនចេញ គឺហៅថា ជំងឺត្បៀតបំពង់បង្ហួរនោម…។

កត្តាប្រឈមនាំឱ្យត្បៀតបំពង់បង្ហួរនោម មានដូចជា៖ ការវះកាត់ប៉ះពាល់ដល់បំពង់បង្ហួរនោម គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងទៀត។ ចំពោះរោគសញ្ញា គឺ នោមញឹក ឬរាគនោម តែនោមខ្សោយ និងពិបាកនោមហើយនោមចេញមកមានខ្ទុះ ប្លោមនោមរីកតឹង ប្រដាប់ភេទឡើងពណ៌ក្រហម ឬហើម និងមានភាពរឹងនៅផ្ទៃក្រោមប្រដាប់ភេទ (ផ្នែកខាងលើនៃតំបន់ត្បៀត)។ ប្រសិនបើលោកអ្នកមានបញ្ហា ដូចរៀបរាប់ខាងលើ ត្រូវប្រញាប់មកជួបជាមួយក្រុមគ្រូពេទ្យឯកទេស ដើម្បីពិគ្រោះ និងព្យាបាលឱ្យទាន់ពេលវេលា ព្រោះការព្យាបាលជំងឺត្បៀតបំពង់បង្ហួរនោម គឺជាការព្យាបាលយ៉ាងលំបាក និងមានភាពស្មុគស្មាញបំផុតក្នុងការព្យាបាលវះកាត់ប្រព័ន្ធទឹកម៉ូត្រ។

គួរជ្រាបថា នៅពេលលោកអ្នកមានលេចចេញរោគសញ្ញា មិនប្រក្រតីណាមួយនោះ គ្រូពេទ្យនឹងឱ្យលោកអ្នកធ្វើតេស្តមួយចំនួន រួមមាន៖ ពិនិត្យអេកូពោះរកមើលបរិមាណទឹកនោមនៅសល់ក្នុងប្លោកនោម ឆ្លុះមើលប្លោកនោម និងវាស់បរិមាណទឹកនោមនៅសល់ក្នុងប្លោកនោម។ លើសពីនេះ ចាក់បញ្ចូលសារធាតុរាវ និងថតឆ្លុះមើលប្លោកនោមជាមួយបង្ហួរនោម ព្រមទាំងវិភាគរកមេរោគក្នុងទឹកនោម ថែមទៀតផង៕ ដកស្រង់ពីផេក៖ មន្ទីរពេទ្យកាល់ម៉ែត



