ពិសា«ទឹកទំពាំងបាយជូរស្រស់»មួយកែវរៀងរាល់ថ្ងៃ នឹងជួយឱ្យរាងកាយទទួលបានគុណប្រយោជន៍៥យ៉ាង
S
Sreyleak Yith
24 កក្កដា 2026 08:00 AM

សុខភាព៖ ទំពាំងបាយជូរ មានអត្ថប្រយោជន៍ចំពោះសុខភាព ព្រោះសម្បូរទៅដោយ​ប្រូតេអ៊ីន ប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន C និងវីតាមីន A។ បើតាមអ្នកជំនាញ ការទទួលទានទឹកទំពាំងបាយជូរស្រស់មួយកែវ ដែលមានចំណុះ២៥០មិល្លីលីត្រ រាល់ថ្ងៃឱ្យជួយមានសុខភាពល្អ និងអាយុវែង…។

ទឹកទំពាំងបាយជូរស្រស់ មានគុណប្រយោជន៍ ដូចជា៖ ១.ជួយសម្រកទម្ងន់៖ ចង់សម្រកទម្ងន់ ទឹកទំពាំងបាយជូរស្រស់ជាជម្រើសល្អ ព្រោះជួយកាត់បន្ថយការឃ្លានអាហារ និងសម្រួលដល់ចរន្ដឈាមបានល្អ ដោយសារក្នុងផ្លែឈើនេះ មានជាតិកាបូអ៊ីដ្រាត និងជាតិខ្លាញ់ មានម្រិតទាបមិនបង្កឱ្យឡើងគីឡូទេ។ ២.ជំនួយប្រព័ន្ធរំលាយអាហារ៖ វីតាមីន C ក្នុងទឹកផ្លែទំពាំងបាយជូរ ជួយដល់មុខងារបំបែកអាហាររបស់ក្រពះ និងការស្រូបសារជាតិចិញ្ចឹមរបស់ពោះវៀនតូច។ ដូច្នេះ បើចង់ឱ្យក្រពះ និងពោះវៀនដំណើរការបានល្អ ត្រូវទទួលទានទឹកទំពាំងបាយជូរស្រស់ ឱ្យបានមួយកែវក្នុងមួយថ្ងៃ។៣.ប្រឆាំងអុកស៊ីតកម្ម៖ ទឹកទំពាំងបាយជូរស្រស់ សម្បូរវីតាមីន C ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ជួយប្រឆាំងនឹងអុកស៊ីតកម្មបានល្អ ជួយដល់មុខងារ សរសៃឈាម និងខួរក្បាល។

៤.ការពារពីជំងឹទឹកនោមផ្អែម៖ ទឹកទំពាំងបាយជូរ ជួយឱ្យលំពែងមានសុខភាពល្អ កាត់បន្ថយបញ្ហាប្រឈមភាពស៊ាំអាំងស៊ុយលីន ដែលជាមូលហេតុចម្បងនាំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២។ ៥.ការពារជំងឺក្រួសក្នុងតម្រងនោម៖ ផ្លែទំពាំងបាយជូរមានផ្ទុកអាស៊ីតស៊ីទ្រិក ដែលជាសារជាតិអាចប្រឆាំងទៅនឹង ការកកើតក្រួសក្នុងតម្រងនោម។ពិសេសក្រួសកាល់ស្យូម អុកសាលេត ជាប្រភេទក្រួសក្នុងតម្រងនោម ដែលកកើតឡើងដោយការចងភ្ជាប់គ្នារវាង ម៉ូលេគុលអុកសាលេត និងកាល់ស្យូម ក្នុងតម្រងនោម។ មួយវិញទៀត អាស៊ីតស៊ីទ្រិក ក៏អាចជួយបង្កើនកម្រិត pH ក្នុងទឹកនោមដែរ៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត