លើសពីកម្តៅខាងក្នុង «ពងបែកក្នុងមាត់» អាចមកពីមូលហេតុចម្បងៗទាំង៥នេះ
S
Sreyleak Yith
21 កក្កដា 2026 08:00 AM

សុខភាព៖ ជំងឺ ពងបែកក្នុងមាត់ គឺមានពងតូចៗពណ៌-ស ឬលឿង មានគែមក្រហមនៅក្នុងមាត់ មិនមែនកើតឡើងដោយសារតែកម្តៅក្ដៅក្នុងខ្លួនមួយមុខនោះទេ គឺអាចមកពីរាងកាយមានបញ្ហា៥យ៉ាងទៀត។ នេះបើយោងតាមអត្ថបទរបស់លោក វេជ្ជបណ្ឌិត គីមលី ប្រធានផ្នែកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យបង្អែកស្អាង…។

មូលហេតុចម្បងៗ ដែលបង្កឱ្យមានពងបែកក្នុងមាត់ មានដូចជា ទី១.ការប្រែប្រួលអ័រម៉ូន៖ ជាពិសេស ចំពោះស្ត្រីកំលុងពេលមករដូវ។ ទី២.កង្វះសារធាតុចិញ្ចឹម៖ កង្វះវីតាមីន B ១២ វីតាមីន C ជាតិដែក ឬជាតិស័ង្កសី។ ទី៣.ស្ត្រេស និងការសម្រាកមិនគ្រប់គ្រាន់៖ ធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ទី៤.អាហារ និងភេសជ្ជៈ៖ទទួលទានអាហារហិរខ្លាំង ជូរខ្លាំង ឬក្ដៅពេក និងទី៥.ការប៉ះទង្គិច៖ ខាំចំថ្ពាល់ខ្លួនឯង ដុសធ្មេញខ្លាំងពេក ឬមុតនឹងរបស់រឹងដូចជាឆ្អឹងត្រី ឬអាហាររឹងៗ។ វិធីថែទាំ និងព្យាបាលដោយខ្លួនឯង បើតាមគ្រូពេទ្យជំនាញបានប្រាប់ គឺមានដូចជា៖ ទទួលទានទឹកឱ្យបានច្រើន ដើម្បីជួយរក្សាសំណើមក្នុងមាត់ និងកាត់បន្ថយកម្តៅ។ ខ្ពុរមាត់នឹងទឹកអំបិល ដោយប្រើទឹកក្ដៅឧណ្ហៗលាយអំបិលបន្តិច មួយថ្ងៃ២ទៅ៣ដង ដើម្បីសម្លាប់មេរោគ និងកាត់បន្ថយការឈឺចាប់។

លើសពីនេះ ប្រើប្រាស់ថ្នាំលាប ករណីឈឺខ្លាំង អាចប្រើជែល ឬថ្នាំលាបសម្រាប់ដំបៅក្នុងមាត់ តាមការប្រឹក្សាជាមួយឱសថការី ឬគ្រូពេទ្យ។ ជ្រើសរើសច្រាសដុសធ្មេញទន់ ដុសធ្មេញដោយប្រុងប្រយ័ត្ន កុំឱ្យប៉ះទង្គិចកន្លែងបែក និងជៀសវាងអាហារបំពង ហិរ ឬជូរ ព្រោះវាអាចធ្វើឱ្យមុខរបួសកាន់តែរលាកខ្លាំង។ គួរដឹងផងដែរថា ពងបែកក្នុងមាត់ អាចជាសះស្បើយទៅវិញដោយខ្លួនឯង ក្នុងរយៈពេលមួយទៅទៅ២សប្តាហ៍ តែត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញបន្ទាន់ បើសិនជាលោកអ្នកមានរោគសញ្ញារួមមាន៖ ដំបៅមិនជាសះស្បើយលើសពី២សប្តាហ៍ និងពងបែកមានទំហំធំខុសធម្មតា ឬឈឺចាប់ខ្លាំងទ្រាំមិនបាន។ គ្រុនក្ដៅ ឬអស់កម្លាំងខ្លាំង និងពងបែកកើតឡើងញឹកញាប់ ពោលគឺជាមួយកន្លែងហើយទៅកើតមួយកន្លែងទៀតបន្តកន្ទុយគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត