
រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) សហការជាមួយស្ថានទូតម៉ាឡេស៊ី, អង្គការ Smile Cambodia អង្គការ Smile Asia និងដៃគូពាក់ព័ន្ធ បានបើកដំណើរការពិគ្រោះ និងវះកាត់ដោយឥតគិតថ្លៃ ជូនអ្នកជំងឺរយៈពេល៤ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០កក្កដា…។

កម្មវិធីនេះ ធ្វើឡើងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត ឬហៅពេទ្យរុស្ស៊ី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ រួមមាន៖ ការផ្ដល់សេវាពិនិត្យ ពិគ្រោះវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺឆែបមាត់ ឆែបក្រអូមមាត់ ពិនិត្យនិងព្យាបាលធ្មេញ ការពិគ្រោះ និងបង្ហាត់និយាយ និងពិការមុខមាត់ពីកំណើត ព្រមទាំងរៀបចំសិក្ខាសាលាវិទ្យាសាស្ដ្រ និងការបណ្ដុះបណ្ដាលជំនាញដល់បុគ្គលិកសុខាភិបាលកម្ពុជា។ នេះជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋ ជាពិសេស អ្នកដែលសមាជិកគ្រួសារ និងកូនៗដែលកំពុងមានជំងឺដូចបានរៀបរាប់ខាងលើ សូមរូសរាន់អញ្ជើញទៅទទួលសេវាពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។

ថ្លែងក្នុងពិធីបើកដំណើរការវះកាត់ និងពិគ្រោះដោយឥតគិតថ្លៃ ជូនអ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត កាលពីថ្ងៃទី១៩កក្កដា លោក ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល គូសបញ្ជាក់ថា ការព្យាបាលអ្នកជំងឺឆែបមាត់ ឆែបក្រអូមមាត់ ការពិនិត្យព្យាបាលទន្តសាស្ដ្រ និងពិការភាពមុខមាត់ពីកំណើត មិនត្រឹមតែជាការព្យាបាលផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាការស្តារគុណភាពជីវិត ទំនុកចិត្ត និងអនាគតរបស់អ្នកជំងឺ និងគ្រួសាររបស់ពួកគេ។ លោកបានអរគុណដល់ស្ថានទូតម៉ាឡេស៊ី, អង្គការ Smile Cambodia, អង្គការ Smile Asia, ក្រុមគ្រូពេទ្យជំនាញ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើក្នុងកម្មវិធីមនុស្សធម៌នេះ ក្នុងគោលបំណងគំាំទ្រដល់បេសកកម្មមនុស្សធម៌ និងបន្តផ្តល់ក្ដីសង្ឃឹមដល់ប្រជាជនកម្ពុជា ជាពិសេសកុមារ។

ទន្ទឹមគ្នា លោក ម៉ុក ធាវី បានជំរុញឱ្យអង្គការ Smile Cambodia បន្តពង្រឹងការកសាងសមត្ថភាពក្រុមគ្រូពេទ្យកម្ពុជា ពង្រីកការបណ្ដុះបណ្ដាលទូទាំងប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងការស្រាវជ្រាវ។ លោកក៏ស្នើឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី លើការស្រាវជ្រាវ បណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស ក្នុងការថែទាំអ្នកជំងឺឆែបមាត់ និងឆែបក្រអូមមាត់ ដោយរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងវិវឌ្ឍទៅជាបណ្តាញសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន និងរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល សម្រាប់ប្រជាពលរដ្ឋ៕




