
រាជធានីភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានច្រានចោលទៅលើករណី ហ្វេសប៊ុកមានឈ្មោះ SreyPich Thou (Laboon) ដែលជាសាច់ញាតិជនរងគ្រោះ ថាបានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិត ដោយមន្ទីរពេទ្យបញ្ជាក់ថា អ្នកជំងឺមានអាការៈធ្ងន់ធ្ងរខ្លាំង ពេលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២ៈ៣៧នាទីរំលងអធ្រាត្រ...។

មន្ទីរពេទ្យអះអាងថា បន្ទាប់ពីការពិនិត្យ និងវិភាគ ដើម្បីកំណត់ពីមូលហេតុច្បាស់លាស់ ទើបរកឃើញថា អ្នកជំងឺបានដាច់សរសៃឈាមខួរក្បាលបណ្តាលឱ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យក៏បានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពដែរ។ ក្នុងខ្លឹមសារដដែលបន្តថា៖«ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលហួសពីលទ្ធភាពក្នុងការជួយសង្គ្រោះតាមមធ្យោបាយវេជ្ជសាស្ត្រផ្សេងៗរួមទាំងការវះកាត់ខួរក្បាលផងដែរ។ ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺ បានសម្រេចចិត្តសុំយកអ្នកជំងឺទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ បន្ទាប់មកក្រុមគ្រួសារអ្នកជំងឺបានទំនាក់ទំនងមកផ្នែករថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីការបញ្ជូនអ្នកជំងឺបន្តទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺ បានសម្រេចចិត្តជ្រើសរើសយកសេវារថយន្តសង្គ្រោះបន្ទាន់ខាងក្រៅដោយខ្លួនឯង ហើយមន្ទីរពេទ្យបានសម្របសម្រួលអនុញ្ញាតឱ្យចេញទៅព្យាបាលបន្តនៅប្រទេសវៀតណាម»។

បន្ទាប់ពីមានការបកស្រាយពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កូនស្រីជនរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ SreyPich Thou នៅថ្ងៃទី៣០ ខែមករានេះ បានសម្ដែងការមិនពេញចិត្តជាមួយនឹងការបកស្រាយរបស់មន្ទីរពេទ្យ ដោយលើកឡើងថា ការបកស្រាយ ខុសពីការពិត និងមិនចេះទទួលស្គាល់កំហុសអ្វីទាំងអស់។ នៅក្នុងខ្លឹមសារដែលបានសរសេររៀបរាប់ដោយកូនស្រីជនរងគ្រោះបន្តថា៖«មន្ទីរពេទ្យនៅតែគាំទ្របុគ្គលិក និងកិត្តិយសស្ថាប័នខ្លួនជាជាងទទួលយកការពិត មិនឃើញទទួលស្គាល់ហើយយកមកកែតម្រូវ ព្រោះតែការមានះនេះហើយ ទើបប្រជាជនអស់ជំនឿចិត្ត និងមានជនរងគ្រោះច្រើនបែបនេះ ទោះបីមានការសង្គ្រោះច្រើន ក៏ប្រជាជនដែលត្រូវរងគ្រោះក៏មិនតិចដែរ»។ ទោះជាយ៉ាងណា កូនស្រីជនរងគ្រោះបានអះអាងថា ការបកស្រាយរបស់មន្ទីរពេទ្យ គឺមិនចំចំណុចដែលខ្លួនបានលើកឡើងឡើយ និងថាមន្ទីរពេទ្យ៖«មានវិធីសាស្ដ្រណាដែលល្អជាងការបកស្រាយជាងការបកស្រាយបំភ្លឺទេ? ឬក៏ត្រូវឱ្យមានករណីនេះបន្តកើតមានឡើងលើប្រជាពលរដ្ឋផ្សេងៗទៀត?»៕




