
សុខភាព៖ ជំងឺ Trigger Finger ជាស្ថានភាពរបស់សរសៃពួរម្រាមដៃរលាក ឬហើម ធ្វើឱ្យមិនអាចរអិលឆ្លងកាត់រន្ធស្រោមសរសៃពួរបានស្រួល ដែលធ្វើឱ្យម្រាមដៃជាប់ ឬកន្ត្រាក់ ដូចកេះកៃកាំភ្លើង។ នេះបើយោងតាមការចុះផ្សាយក្នុងផេករបស់មន្ទីរពេទ្យបង្អែកស្អាង..។

រោគសញ្ញានៃជំងឺ Trigger Finger មានដូចជា ការឈឺចាប់ ឬលេចចេញដុំពកតូចមួយនៅគល់ម្រាមដៃ (ផ្នែកខាងបាតដៃ និងមានអារម្មណ៍រឹងម្រាមដៃ) ជាពិសេសនៅពេលព្រឹកព្រលឹម។ មួយវិញទៀត ម្រាមដៃកន្ត្រាក់ ឬជាប់នៅពេលបត់ចូល ហើយពិបាកលាត្រឡប់មកវិញ។ ក្នុងករណីធ្ងន់ធ្ងរ ម្រាមដៃអាចនឹងជាប់បត់ចូលរហូត លាមិនចេញតែម្ដង។ វិធីថែទាំ និងព្យាបាលបឋម គឺផ្អាកសកម្មភាពដែលត្រូវប្រើកម្លាំងម្រាមដៃខ្លាំងៗ និងស្អំទឹកកកប្រសិនបើមានការហើមឈឺ ពោលស្អំ១០-១៥ នាទី។ ធ្វើលំហាត់ប្រាណម្រាមដៃ ដោយទាញពន្លាតម្រាមដៃថ្នមៗ ដើម្បីកាត់បន្ថយការរឹងសន្លាក់។

ប្រសិនបើការឈឺចាប់មិនធូរស្រាល ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការពិគ្រោះពីការប្រើថ្នាំលេប ការចាក់ថ្នាំ ឬការព្យាបាលដោយការវះកាត់តូច ព្រោះការព្យាបាលនៅដំណាក់កាលដំបូងគឺងាយស្រួល និងចំណាយតិច។ ដូច្នេះហើយសូមកុំទុករហូតដល់ថ្នាក់ធ្ងន់ធរទើបទៅរកពេទ្យ។ គួរជ្រាបថា អ្នកដែលប្រឈមខ្ពស់កើតជំងឺ Trigger Finger រួមមាន៖ អ្នកធ្វើការងារប្រើកម្លាំងម្រាមដៃដដែលៗដូចជា អ្នកកាត់ដេរ កសិករ អ្នកវាយកុំព្យូទ័រយូរៗ។លើសពីនេះ អ្នកមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺសន្លាក់រ៉ាំរ៉ៃ ហើយជាទូទៅកើតលើស្ត្រីច្រើនជាងបុរស៕



