បើលោកអ្នកចង់ចៀសវាងពី«ការបាក់-កឆ្អឹងភ្លៅ» ត្រូវធ្វើរឿងធំៗទាំង៣នេះ
S
Sreyleak Yith
2 ថ្ងៃមុន

សុខភាព៖ ការបាក់-កឆ្អឹងភ្លៅ គឺជាការបាក់ដែលមានលក្ខណៈធ្ងន់ធ្ងរ ជាពិសេសអ្នកជំងឺមានវ័យចាស់ជរា អាចបណ្តាលឱ្យមានការគំរាមកំហែងដល់អាយុជីវិត។ បើជាអ្នកជំងឺមានវ័យក្មេង អាចបណ្តាលឱ្យមានការប៉ះពាល់ដល់មុខងាររបស់ជើងដែលបាក់ ដោយសារការវិវត្តទៅរកការខូចក្បាលឆ្អឹង ឬការមិនតភ្ជាប់នៃឆ្អឹងបាក់…។

រោគសញ្ញាដែលអាចបញ្ជាក់ពីការបាក់-កឆ្អឹងភ្លៅ មានដូចជា៖ ជើងដែលបាក់មើលទៅខ្លីជាង បើប្រៀបធៀបទៅនឹងជើងម្ខាងទៀត ហើយប្រអប់ជើងងាកចេញមកក្រៅ។លើសពីនេះ នឹងមានការឈឺចុកចាប់យ៉ាងខ្លាំងនៅផ្នែកខាងលើនៃឆ្អឹងភ្លៅ ឬតំបន់ក្រលៀន ជាពិសេសមិនអាចឈរ ឬដើរបានទេ។ បើលោកអ្នកមានរោគសញ្ញាដូចរៀបរាប់ខាងលើនេះ សូមប្រញាប់ទៅពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ ព្រោះតាមមន្ទីរពេទ្យមួយចំនួនមានក្រុមគ្រូពេទ្យ ដែលមានបទពិសោធន៏ជាច្រើនឆ្នាំ ដែលជួយព្យាបាលឱ្យមានប្រសិទ្ធភាព និងឆាប់ជា។

គ្រូពេទ្យនឹងព្យាបាលការបាក់-កឆ្អឹងភ្លៅ ដោយជំហានទីមួយ គឺបំបាត់ការឈឺចុកចាប់ និងទីពីរ ធ្វើយ៉ាងណាឱ្យអ្នកជំងឺឆាប់ធ្វើចលនាឡើងវិញបាន ព្រមទាំងអាចមានលទ្ធភាពធ្វើសកម្មភាពប្រហាក់ប្រហែល ឬដូចកាលពីមិនទាន់បាក់។ តែភាគច្រើននៃអ្នកបាក់-កឆ្អឹងភ្លៅ គឺចាំបាច់ត្រូវវះកាត់ដើម្បីតភ្ជាប់ឆ្អឹងដែលបាក់ ឬផ្លាស់ប្តូរក្បាលឆ្អឹងសិប្បនិម្មិត ដើម្បីចៀសវាងពីផលវិបាកមួយចំនួន។ ហើយដើម្បីចៀសផុតពីការបាក់-កឆ្អឹងភ្លៅ លោកអ្នកត្រូវតែធ្វើរឿងសំខាន់ៗទាំងនេះ រួមមាន៖ ទី១.ធ្វើលំហាត់ប្រាណ ជាពិសេសការដើរជាជំរើសមួយយ៉ាងល្អបំផុត, ទី២.ពិសាជាតិកាល់ស្យូម និងវីតាមីន D ឱ្យបានគ្រប់គ្រាន់ និងទី៣ក៏សំខាន់ដែរនោះ គឺកុំទទួលទានជាតិអាល់កុលច្រើន និងជក់បារី៕ ដកស្រង់ពី៖ ផេកមន្ទីរពេទ្យកាល់ម៉ែត 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត