
សុខភាព៖ ខ្សោយអស់កម្លាំងហើយវិលមុខ ករណីខ្លះជារឿងធម្មតា អាចបណ្ដាលមកពីការប្រែប្រួលលឿនពេកពីទម្លាប់ប្រចាំថ្ងៃ ដែលធ្វើឱ្យរាងកាយពុំអាចទទួលយកបានភ្លាមៗ។ តែយ៉ាងណា ករណីខ្លះទៀត អការវិលមុខអាចជាសញ្ញាមិនប្រក្រតី បង្ហាញប្រាប់ថាក្នុងរាងកាយមានបញ្ហាអ្វីមួយ។ ខាងក្រោមនេះ ជាហេតុផលធំៗទាំង៥បង្កឱ្យវិលមុខ…។

១.ឥទ្ធិពលមកពីថ្នាំ៖ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺណាមួយ ក៏អាចបង្កជាអការវិលមុខ ដូច្នេះ ត្រូវអានការណែនាំ ឬវេជ្ជបញ្ជាឱ្យបានច្បាស់លាស់មុនប្រើ។ ទទួលទានទឹក និងអាហារ ក៏ដូចជាសម្រាកឱ្យបានគ្រប់គ្រាន់ ទាំងនេះ ជាដំណោះស្រាយបើនៅតែកើតឡើងលោកអ្នកគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។ ២.សម្ពាធឈាមខ្សោយ៖ សម្ពាធឈាមខ្សោយ ករណីមួយចំនួនបង្កឡើងដោយប្រព័ន្ធសរសៃឈាម ដំណើរការមិនប្រក្រតី ដោយសារការដួល និងកត្តាអាយុច្រើន បង្កឱ្យមានអការវិលមុខកើតឡើង។ ដំណោះស្រាយ គឺប្រុងប្រយ័ត្នមិនឱ្យដួល ហើយត្រូវតាមដានអការនោះ បើសិនកើតឡើងញឹកញាប់គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។

៣.ខ្សោះជាតិទឹក៖ ខ្សោះជាតិទឹក បង្កឱ្យពិបាកដល់ដំណើរនៃចរន្តឈាម និងអុកស៊ីសែន ទៅដល់ខួរក្បាលមិនបានល្អបណ្ដាលឱ្យវិលមុខ។ ដំណោះស្រាយ នោះគឺពិសាទឹកឱ្យបានគ្រប់គ្រាន់ ជាមធ្យម២លីត្រសម្រាប់មនុស្សពេញវ័យ។ តែបើទទួលទានជាតិទឹកគ្រប់គ្រាន់ហើយនៅតែមានអការវិលមុខ នោះត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះពីស្ថានភាពនេះ។ ៤.ខ្វះជាតិស្ករ៖ ទទួលទានអាហារមិនត្រូវពេល អាចខ្វះជាតិស្ករនៅក្នុងឈាម ដែលជាថាមពលសម្រាប់រាងកាយ និងខួរក្បាលប្រើប្រាស់។ ដោយសារខ្វះជាតិស្ករទើបធ្វើឱ្យវិលមុខ និងឈឺក្បាល។ ចំពោះដំណោះស្រាយវិញ គឺពិសាទឹកក្រូចស្រស់មួយកែវ និងបរិភោគអាហារឡើងវិញ ដើម្បីប៉ះប៉ូវ។ ករណីក្រោយទទួលទាន និងសម្រាករួច នៅតែមានអការធេងធោង វិលមុខ គួរតែទៅជួបគ្រូពេទ្យ។

៥.លេងកីឡាខ្លាំង៖ លេងកីឡាបញ្ចេញកម្លាំងខ្លាំង ធ្វើឱ្យបេះដូងដើរបានល្អតែពេលខ្លះ កីឡាធ្វើឱ្យរាងកាយបត់បែនប្តូរទីតាំងភ្លាមៗ
អាចឱ្យបេះដូងធ្វើការខ្លាំងរហូតបង្កជាអការវិលមុខ។ ដំណោះស្រាយ
គឺបន្ថយល្បឿនលេងកីឡាសន្សឹមៗ ហើយព្យាយាមដើរយឺតៗ និងសម្រាក ប៉ុន្តែបើនៅតែមិនបាត់សោះមានតែត្រូវការជំនួយពីគ្រូពេទ្យ៕
ដកស្រង់ពី៖ហេទ្បូគ្រូពេទ្យ



