
សុខភាព៖ ជំងឺឫសដូងបាត មិនអាចវិវត្តទៅជាជំងឺមហារីកបាននោះទេ តែវាអាចបង្កឱ្យមានផលវិបាក ក្រោយការព្យាបាល ដូចជា ការព្យាបាលដោយការចាក់មិនបានត្រឹមត្រូវ នោះអ្នកជំងឺអាចមានដំបៅនៅរន្ធគូថ ហើយពេលខ្លះអាចត្បៀតក្រសាលគូថ។នេះបើយោងតាមការចុះផ្សាយក្នុងទំព័រផេកមន្ទីរពេទ្យកាល់ម៉ែត…។

ឫសដូងបាត គឺជាជំងឺកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាលគូថ។ ជំងឺនេះ មានពីរប្រភេទដូចជា ទី១.ឫសដូងបាតក្នុង៖ ជាជំងឺដែលកើតឡើងលើសរសៃឈាម ឫសដូងបាតខាងក្នុងរន្ធគូថ។ ការព្យាបាលអាចអាស្រ័យទៅលើដំណាក់កាលរបស់រោគសញ្ញាដោយដំណាក់កាលទី១.អាចព្យាបាលដោយការចាក់, ដំណាក់កាលទី២ និងទី៣ អាចព្យាបាលដោយការចង។ ចំពោះការវះកាត់ គឺធ្វើឡើងនៅកម្រិតទី៤ នៅពេលដែលបរាជ័យក្នុងការព្យាបាលដោយដំណាក់កាលទាំង៣ខាងលើ។

ចំណែកឫសដូងបាតក្រៅ ជាជំងឺដែលកើតឡើងលើសរសៃឈាម នៃឫសដូងបាតនៅខាងក្រៅរន្ធគូថ។ អ្នកជំងឺអាចព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់រួមទាំងថ្នាំបន្ទន់លាមក។ ក្នុងពេលជាមួយគ្នា អ្នកជំងឺអាចប្រើក្រែមសម្រាប់លាបលើដុំសាច់នោះ ពេលខ្លះ គ្រូពេទ្យអាចធ្វើការកាត់យកកំណកឈាមនៃឫសដូងក្រៅនោះចេញ បើសិនជាដុំឫសដូងបាតក្រៅ មិនហើមខ្លាំងហើយមានតែមួយ ដែលធ្វើឱ្យអ្នកជំងឺបានធូរស្បើយពីការឈឺចាប់ភ្លាមៗ៕



