ថៃបន្តកាប់ឆ្ការព្រៃ រាយបន្លាលួស រុលចូលទឹកដីខ្មែរបន្ថែមទៀតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ
S
Soriya Sou
28 មិថុនា 2026 09:08 AM

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតវ៉ាជាផ្លូវការយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាជាបន្តបន្ទាប់បន្ថែមទៀត នៅក្នុងតំបន់ស្ថិតក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពនេះជាបន្ទាន់...។ 

យោធាថៃរាយបន្លាលួសព័ទ្ធយកដីកម្ពុជា កាលពីពេលកន្លងទៅ
យោធាថៃរាយបន្លាលួសព័ទ្ធយកដីកម្ពុជា កាលពីពេលកន្លងទៅ

ការតវ៉ាធ្វើឡើងដោយក្រសួងការបរទេស តាមរយៈលិខិតចេញផ្សាយនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០៦។ ក្រសួងកាបរទេសបានបញ្ជាក់ច្បាស់ៗថា ចាប់ពីដើមខែមិថុនា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពកាប់ឆ្ការព្រៃ និងរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ២៦ ដោយបានបន្តរុលចូលមកក្នុងទឹកដីកម្ពុជាបន្ថែមទៀត។ ក្រសួងចាត់ទុកសកម្មភាពនេះ គឺជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនោះ ភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែន ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ តាមរយៈលិខិតដដែល កម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី និងស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ កម្ពុជាប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយប្រើកម្លាំងនោះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត