
រាជធានីភ្នំពេញ៖ សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាចំនួន២លើក ក្នុងឆ្នាំ២០២៥ បង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ពលរដ្ឋជាង៦៤ម៉ឺននាក់ត្រៀមភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួនត្រូវបានបំផ្លាញ។ នេះជាប្រសាស៍លោក កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍កម្ពុជា ថ្លែងប្រាប់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ (អ.ស.ប)…។

ចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពី«កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ» នៅទីស្នាក់ការ អ.ស.ប. ទីក្រុងញូវយ៉ក កាលពីរសៀលនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីគោលការណ៍ និងសារសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចការពារជនស៊ីវីលនៅក្នុងគ្រប់ជម្លោះប្រដាប់អាវុធ ខណៈដែលសង្គ្រាមឈ្លានពានរបស់ថៃទាំង២លើកកាលពីឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិជនស៊ីវិលនៅកម្ពុជា។

លោកបានជម្រាបជូនកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិដែលកំពុងកើតមាននៅតាមតំបន់ជាច្រើនលើពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍ ហើយបានសង្កត់ធ្ងន់ថា៖«នៅកម្ពុជា អំពើឈ្លានពានកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ ជនស៊ីវិលកម្ពុជាប្រមាណ៦៤ម៉ឺន៩ពាន់នាក់បានរត់ភៀសសឹក ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ហើយប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ»។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ យោធាថៃបាននិងកំពុងបន្តកាន់កាន់ដោយខុសច្បាប់លើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យភាពកម្ពុជា ព្រមទាំងរាយបន្លាលួស ដាក់ទូកុងតឺន័រ ធ្វើឱ្យជនភៀសសឹកកម្ពុជាប្រមាណជាង៣ម៉ឺននាក់ទៀត (ស្ត្រីជាង១ម៉ឺន៥ពាន់នាក់ និងកុមារជាង១ម៉ឺននាក់) មិនទាន់អាចវិលទៅលំនៅឋានវិញបាន៕





