ចៀសបានចៀសទៅ កុំទទួលទាន«សត្វគីង្គក់» បើធ្វើមិនស្អាតប៉ះស្បែកជាតិពុល និងពង អាចស.ម្លា.ប់មនុស្សត្រឹមតែពីរទៅបីម៉ោង
S
Sreyleak Yith
មួយថ្ងៃមុន

រាជធានីភ្នំពេញ៖ សត្វគីង្គក់ មានផ្ទុកជាតិពុល ប៊ុយហ្វូតុកស៊ីន (Bufotoxin) ស្ថិតនៅក្នុងក្រពេញលើស្បែក និងពង។ ជាតិពុលនេះ បង្កគ្រោះថ្នាក់ខ្លាំងដល់ជីវិតមនុស្ស និងសត្វចិញ្ចឹម…។

ផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយជាតិពុល ប៊ុយហ្វូតុកស៊ីន មានដូចជា ១.ប្រព័ន្ធបេះដូង៖ ជាតិពុលប៊ុយហ្វូតុកស៊ីន មានសកម្មភាពដូចឱសថបេះដូងកម្រិតខ្លាំង អាចបណ្ដាលឱ្យចង្វាក់បេះដូង ដើរញាប់ពេក ឬយឺតពេក សម្ពាធឈាមឡើងខ្ពស់ភ្លាមៗ ឬធ្លាក់ចុះខ្លាំង។ កាន់តែធ្ងន់ធ្ងរនោះ គឺគាំងបេះដូង ដែលអាចបណ្ដាលឱ្យបាត់បង់ជីវិតយ៉ាងរហ័ស។ ២.ប្រព័ន្ធប្រសាទ៖ នៅពេលជាតិពុលជ្រាបចូលទៅក្នុងឈាម អាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធប្រសាទ ដូចជា៖ វិលមុខ ស្រវាំងភ្នែក និងវង្វេងវង្វាន់ សាច់ដុំកន្ត្រាក់ ឬទន់ដៃជើង ប្រកាច់ និងសន្លប់។ ៣.ស្បែក និងភ្នែក៖ ប្រសិនបើទឹកពិសរបស់វាខ្ទាតចូលភ្នែក នឹងធ្វើឱ្យផ្សា និងរលាកភ្នែកខ្លាំង ឡើងក្រហម ក៏ដូចជាអាចឈានដល់ការងងឹតភ្នែកបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ បើលាងសម្អាតមិនទាន់ពេល។ បើសិនជាប៉ះចំស្បែកមានដំបៅ ឬរបួស នឹងធ្វើឱ្យរលាក រមាស់ និងផ្សាខ្លាំង។  

៤.ប្រព័ន្ធរំលាយអាហារ៖ នៅពេលពិសាសាច់ ប៉ះចំពង ឬស្បែកគីង្គក់ ដែលមានផ្ទុកជាតិពុល នឹងស្តែងចេញរោគសញ្ញាក្នុងរយៈពេល៣០នាទី ទៅ២ម៉ោង រួមមាន៖ ​ហៀរទឹកមាត់មិនឈប់ ឈឺពោះ រាក ចង្អោរ និងក្អួតខ្លាំង។ គួរដឹងថា ប្រសិនលោកអ្នកបានបរិភោគសាច់គីង្គក់ ហើយមានអាការដូចបានរៀបរាប់ខាងលើ ដោយសង្ស័យថា អាចពុលគីង្គក់ សូមប្រញាប់មកមន្ទីរពេទ្យដែលនៅជិតផ្ទះ​បំផុត។ មួយវិញទៀត កុំព្យាយាមផ្សំថ្នាំបុរាណ ឬពន្យារពេល ព្រោះជាតិពុលនេះសាហាវ និងអាចឆក់យកជីវិតបានក្នុងរយៈពេលត្រឹមតែពីរទៅបីម៉ោងប៉ុណ្ណោះ បើមកមន្ទីរពេទ្យមិនទាន់ពេល៕
ដកស្រង់ពីផេក៖ មន្ទីរពេទ្យបង្អែក ស្អាង 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត