
រាជធានីភ្នំពេញ៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ នៅថ្ងៃស្អែក គ្រោងអនុម័តលើឯកសារសំខាន់ៗ៣រួមមាន៖ សេចក្តីថ្លែងការណ៍ទរដ្ឋធានីណៃពិដោ , ផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) និងគំនិតផ្តួចផ្តើមរួមស្តីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា…។

សេចក្តីប្រកាសព័ត៌មានដដែលបានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់សហប្រធាននៃកិច្ចប្រជុំគឺ នាយឧត្ដមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង» ។ ទន្ទឹមគ្នានោះ ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិនិត្យ ឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ និងកំណត់ទិសដៅអនាគត សម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការនិងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ក្រសួងការបរទេសឱ្យដឹងបន្ថែមថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ គួជម្រាបថា អញ្ជើញអមសម្ដេចធិបតី ចូលរួមកិច្ចប្រជុំ រួមមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួន នៃរាជរដ្ឋាភិបាល៕




