
រាជធានីភ្នំពេញ៖ មនុស្ស២នាក់បានបាត់បងជីវិត(ម្នាក់ជាភេទទី៣) ជាមួយរូបភាពដ៏សាហាវព្រៃផ្សៃ ពោលគឺពួកត្រូវបានក្រុមឃាតកសម្លាប់រួចយកសាកសពទៅកប់ចោលក្នុងរណ្ដៅបេតុង បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ...។

ប្រភពពីសមត្ថកិច្ចជំនាញទម្លាយឱ្យដឹងថា ដំបូងឡើយសាច់ញាតិរបស់ជនរងគ្រោះឈ្មោះហៅក្រៅ ឡី ឡី (ជាភេទទី៣) បានមកដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ច បន្ទាប់ពីបាត់ដំណឹងអ្នកទាំង២ជិត១០ថ្ងៃមកហើយ មិនឃើញត្រលប់មកផ្ទះវិញសោះ។ យ៉ាងណា ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតយ៉ាងសកម្ម រហូតឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនបរទេស ដើម្បីសាកសួរ ទើបដឹងថា ក្រុមជនល្មើស ពិតជាបានប្រព្រឹត្តអំពើហិង្សាទៅលើជនភេទទី៣ និងបុរសម្នាក់ទៀតជាអ្នករត់តាក់ស៊ី រហូតដល់ពួកគេទាំងពីរនាក់នោះស្លាប់។ ក្រោយធ្វើសកម្មភាពរួច ជនដៃដល់បានយកសាកសពទៅលាក់ទុកក្នុងលូមួយកន្លែង រួចចាក់បេតុងបិទពីលើក្នុងគោលបំណងបំបាត់ភស្តុតាង ចំណែក រថយន្តជនរងគ្រោះ ត្រូវក្រុមឃាតកយកទៅប្លុងចោលនៅខណ្ឌច្បារអំពៅ។

ភ្លាមៗ កម្លាំងជំនាញ បានធ្វើការកាយបេតុងនៅទីតាំងដែលជនដៃដល់ចង្អុលបង្ហាញ រហូតរកឃើញសាកសពជនរងគ្រោះទាំងពីរប្រាកដមែន។ យ៉ាងណា បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើង តាមចាប់ខ្លួនអ្នកពាក់ព័ន្ធជាបន្តបន្ទាប់សរុប៤នាក់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ខណៈមូលហេតុដែលឈានដល់ការប្រព្រឹត្តិអំពើឃាតកម្មដ៏ព្រៃផ្សៃនេះ មន្ត្រីជំនាញនៅមិនទាន់អាចទម្លាយបាននៅឡើយទេ៕






