
ក្រុងបាត់ដំបង៖ យ៉ាងហោចណាស់មានជនបរទេស២៧នាក់ រួមទាំងសន្តិសុខខ្មែរ៧នាក់ទៀត ត្រូវបានអាជ្ញាធរសមត្ថកិច្ចចាប់ខ្លួនក្នុងភូមិគ្រឹះមួយកន្លែង ស្ថិតនៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីថ្ងៃទី០១មិថុនាម្សិលមិញ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនអនឡាញស្កេម...។

ការចុះបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក សុខ លូ ជាអភិបាលខេត្ត បានបើកប្រតិបត្តិការឡោមព័ទ្ធភូមិគ្រឹះខាងលើ ក្រោយមានការសង្ស័យថា ភូមិគ្រឹះមួយនេះមានបង្កប់លួចប្រព្រឹត្តិបទល្មើសអំពើឆបោកអនឡាញស្កេម ខណៈសមត្ថកិច្ចបានបើកការស៊ើបអង្កេតយ៉ាងសម្ងាត់បំផុតនាពេលកន្លងមក។ កំលុងពេលប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ចំនួន២៧នាក់ រួមមាន៖ ជនជាតិហ្វីលីពីន, ភូមា, នីហ្សេរីយ៉ា និងជនជាតិសេរ៉ាឡេអូន ខណៈកងសន្តិសុខជនជាតិខ្មែរ៧នាក់ ប្រចាំការយាមកាមនៅក្នុងភូមិគ្រឹះ ក៏ត្រូវបានចាប់ខ្លួនផងដែរ។ បច្ចុប្បន្ន ក្រុមប្រព្រឹត្តបទល្មើសទាំងនោះ រួមជាមួយវត្ថុតាង រួមមាន៖ គ្រឿងអេឡិចត្រូនិកជាច្រើនប្រភេទ បម្រើឱ្យប្រតិបត្តិការឆបោក ត្រូវបានបញ្ជូនបន្តទៅកាន់ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។

ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ មានដំណឹងលេចធ្លាយតាមបណ្ដាញសង្គមថា ម្ចាស់ភូមិគ្រឹះខាងលើ គឺជាមន្រ្តីយោធាថ្នាក់ឧត្តមសេនីយ៍ត្រី ឈ្មោះ អូន សុខសិលា មានតួនាទីជានាយរងសេនាធិការយោធភូមិភាគ៥។ ជុំវិញដំណឹងខាងលើ អង្គភាពសារព័ត៌មាន SBM News បានព្យាមយាមសុំការបំភ្លឺបន្ថែមពី លោក អ៊ឹម កុសល ស្នងការរងនៃស្នងការដ្ឋានខេត្តបាត់ដំបង និងជាអ្នកនាំពាក្យផងដែរ ដោយលោកបញ្ជាក់ខ្លីថា ពាក់ព័ន្ធដំណឹងខាងលើ លោកមិនទាន់អាចសន្មតបាននៅឡើយទេ រង់ចាំសមត្ថកិច្ចបញ្ជូនរបាយការណ៍មកថ្នាក់លើសិន ទើបរូបលោកអាចផ្ដល់ព័ត៌មាន ជុំវិញប្រតិបត្តិការបង្ក្រាបដ៏ក្ដៅគគុកនេះបាន៕





