ព្រះមហាក្សត្រ ប្រទានព្រះរាជសារថ្លែងអំណរគុណដល់លោកប្រធានាធិបតីចិន
S
Sreyleak Yith
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសប្រទានព្រះរាជសារថ្លែងអំណរគុណដល់លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi JinPing) ដែលបានរៀបចំសាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសជំនាញៗនៃមន្ទីរពេទ្យប៉េកាំង ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជសុខភាពរបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះអង្គផ្ទាល់...។

តាមរយៈព្រះរាជសារលិខិតចេញផ្សាយថ្ងៃទី១៦ឧសភាម្សិលមិញ អង្គព្រះមហាក្សត្រ មានព្រះរាជសវនីយ៍យ៉ាងដូច្នេះថា៖«ខ្ញុំមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលនូវសារលិខិតរបស់ ឯកឧត្តមប្រធានាធិបតី ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ថ្វាយសព្ទសាធុការពរជ័យចំពោះខ្ញុំ បានឆាប់ជាសះស្បើយពីព្រះរោគា និងក្នុងឱកាសខួបចម្រើនព្រះជន្មវស្សាខ្ញុំ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦»។

ព្រះមហាក្សត្រ មានព្រះរាជសវនីយ៍បន្ថែមថា សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនលោកប្រធានាធិបតី សូមជូនពរលោក និងលោកជំទាវធំ ប្រកបនូវសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍ វិបុលសុខគ្រប់ប្រការ និងទទួលបាននូវមហាជ័យជម្នះថ្មីៗទៀត ក្នុងការដឹកនាំសាធារណរដ្ឋប្រជាមានិតចិនដ៏រុងរឿង។ អង្គព្រះមហាក្សត្រ មានជំនឿយ៉ាងមុតមាំថា កម្ពុជា-ចិន នឹងចងចាំជានិច្ចនូវមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការផ្លាស់ប្ដូរទស្សនកិច្ចផ្លូវរដ្ឋ-ផ្លូវការរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រយុគសម័យថ្មី និងសហគមន៍វាសនារួមមនុស្សជាតិកម្ពុជា-ចិន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត