ការកែច្នៃសំណល់អេឡិចត្រូនិកក្បែរប្រភពទឹក បង្កផលប៉ះពាល់ធំៗ៣យ៉ាង
S
Sreyleak Yith
17 ម៉ោងមុន

រាជធានីភ្នំពេញ៖ ការកែច្នៃសំណល់អេឡិចត្រូនិក ក្បែរប្រភពទឹក ដូចជា ទន្លេ បឹង តំបន់ឆ្នេរ និងអណ្តូង ជាដើម នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពសាធារណៈ ព្រោះសារធាតុពុលជ្រាបចូលទៅក្នុងទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣កុម្ភៈ។

ក្រសួងបរិស្ថាន បញ្ជាក់ថា ផលប៉ះពាល់ធំៗទាំង៣ រួមមាន៖ ទី១.ការបំពុលប្រភពទឹក និងខ្សែច្រកអាហារ៖ នៅពេលការកែច្នៃស្ថិតនៅជិតប្រភពទឹក លោហៈធ្ងន់ និងសារធាតុពុលអាចជ្រៀតចូលក្នុងទឹកលើផ្ទៃដី ឬជ្រាបចូលទឹកក្រោមដី។ នៅរដូវភ្លៀង ទឹកភ្លៀងនឹងនាំយកសារធាតុពុលទាំងនោះ ហូរចូលទៅប្រភពទឹកសំខាន់ៗដូចជា​ក្នុងទន្លេ ឬអាងស្តុកទឹកផ្សេងៗ។ ទី២.ផលប៉ះពាល់ដល់សុខភាព និងប្រព័ន្ធអេកូឡូស៊ី៖ ការបំពុលទឹកមិនត្រឹមតែបំផ្លាញជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីទេ ក៏បង្កហានិភ័យខ្ពស់ដល់មនុស្ស ដូចជាជំងឺប្រព័ន្ធប្រសាទ ខូចតម្រងនោម ប៉ះពាល់ដល់ការលូតលាស់របស់កុមារ និងបង្កើនហានិភ័យនៃជំងឺមហារីក។ ការបំពុលទឹកក្រោមដីអាចអូសបន្លាយពេលរាប់សិបឆ្នាំ ហើយការស្តារឡើងវិញត្រូវចំណាយដើមទុនខ្ពស់ និងមានការលំបាកបំផុត។

ទី៣.សារធាតុពុល និងដំណើរការកែច្នៃដែលបង្កគ្រោះថ្នាក់៖ សំណល់អេឡិចត្រូនិកមានសមាសធាតុស្មុគស្មាញ ដូចជា មាស ទង់ដែង និងសារធាតុគ្រោះថ្នាក់ខ្លាំងរួមមាន សំណ បារ៉ត កាដមីញ៉ូម និងសារធាតុគីមីពុលផ្សេងៗ។ នៅក្នុងការកែច្នៃតាមបែបមិនផ្លូវការ ឬគ្មានបច្ចេកទេសត្រឹមត្រូវ គេច្រើនដោះបំបែកគ្រឿងបន្លាស់ដោយដៃ ដុតកម្ដៅនៅទីវាល ឬប្រើអាស៊ីតខ្លាំងដើម្បីស្រង់យកលោហៈ។ ដំណើរការទាំងនេះបង្កើតឱ្យមានផេះកខ្វក់ ទឹកសំណល់ពុល និងធូលីដីដែលផ្ទុកសារធាតុគីមី។ ក្រសួងបន្ថែមថា ដើម្បីការពារសុខភាពសាធារណៈ ទីតាំងកែច្នៃសំណល់អេឡិចត្រូនិកត្រូវតែស្ថិតនៅឆ្ងាយពីប្រភពទឹកសំខាន់ៗ និងត្រូវមានប្រព័ន្ធការពារស្តង់ដារ ដូចជា បាតសំណង់មិនជ្រាបទឹក ប្រព័ន្ធប្រមូលស្ដារទឹកសំណល់ និងការផ្ទុកសំណល់គ្រោះថ្នាក់ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នា រឹតបន្តឹងច្បាប់ និងការអភិវឌ្ឍសមត្ថភាពបច្ចេកទេស គឺជាគន្លឹះសំខាន់ ដើម្បីធានាថា ការកែច្នៃសំណល់នឹងមិនប៉ះពាល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត