មានមូលហេតុគួរឱ្យបារម្ភ៣ ដែលមិនគួរនាំចូលសំណល់អេឡិចត្រូនិកមកកែច្នៃ
S
Sreyleak Yith
25 មករា 2026 06:00 AM

រាជធានីភ្នំពេញ៖ ការរីកចម្រើនបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស បានបង្កឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃសំណល់អេឡិចត្រូនិក ដែលហៅថា E-waste។ ប្រទេសអភិវឌ្ឍន៍ភាគច្រើនផលិតគ្រឿងអេឡិចត្រូនិក ខណៈប្រទេសកំពុងអភិវឌ្ឍមួយចំនួន ត្រូវបានគេកំណត់ជាគោលដៅសម្រាប់ការនាំចូលសំណល់អេឡិចត្រូនិក និងការបង្កើតរោងចក្រកែច្នៃ។ យ៉ាងណា ប្រទេសជាច្រើនបានបដិសេធយ៉ាងដាច់ខាតការនាំចូលសំណល់អេឡិចត្រូនិក និងរោងចក្រកែច្នៃ ដោយសារវាប៉ះពាល់ធ្ងន់ធ្ងរចំពោះបរិស្ថាន សុខភាព សេដ្ឋកិច្ច និងសង្គម។ នេះបើយោងតាមការឱ្យដឹងពីមន្រ្តីបរិស្ថាន​..។

រូបភាពតំណាង
រូបភាពតំណាង

មន្រ្តីបរិស្ថានគូសបញ្ជាក់ថា ការដែលមិនគួរនាំចូលសំណល់អេឡិចត្រូនិកយកមកកែច្នៃ ដោយសារ៖ ទី១.គ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស៖ រោងចក្រកែច្នៃសំណល់អេឡិចត្រូនិក ជាពិសេសរោងចក្រប្រើបច្ចេកវិទ្យាចាស់ៗ ឬមានច្បាប់គ្រប់គ្រងខ្សោយ អាចប៉ះពាល់ដល់កម្មករ និងសហគមន៍នៅជុំវិញ។ វិធីកែច្នៃមិនផ្លូវការ ដូចជា ការដុតខ្សែភ្លើង ឬការប្រើសារធាតុអាស៊ីត ដើម្បីយកលោហៈ អាចបញ្ចេញសារធាតុពុលទៅក្នុងខ្យល់ និងទឹក បង្កឱ្យមានជំងឺដង្ហើម ជំងឺប្រព័ន្ធប្រសាទ មហារីក និងបញ្ហាការលូតលាស់របស់កុមារ។ ទី២.ការ[ការពារបរិស្ថាន]ពីសារធាតុពុល៖ សំណល់អេឡិចត្រូនិកមានសារធាតុពុលដូចជា សំណ បារត កាឌមីញ៉ូម និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗដែលប្រើក្នុងប្លាស្ទិក និងបន្ទះសៀគ្វី។ នៅពេលសំណល់អេឡិចត្រូនិកត្រូវបាននាំចូល និងកែច្នៃដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ សារធាតុពុលអាចបំពុលដី ទន្លេ និងទឹកក្រោមដី បង្កការខូចខាតបរិស្ថានយ៉ាងយូរអង្វែង និងពិបាកស្ដារឡើងវិញ។ 

ទី៣.ផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលវែង៖ ទោះបីជាការទទួលសំណល់អេឡិចត្រូនិក អាចផ្ដល់ការងារខ្លះៗនៅពេលដំបូង ប៉ុន្តែរដ្ឋត្រូវចំណាយលុយច្រើនលើសលប់វិញ ដើម្បីព្យាបាលជំងឺប្រជាជន និងសម្អាតបរិស្ថានដែលខូចខាត។ លើសពីនេះ ការបំពុលដី និងទឹក ក៏ធ្វើឱ្យប៉ះពាល់ដល់វិស័យកសិកម្មផងដែរ។ ដូច្នេះ រាជរដ្ឋាភិបាលយល់ឃើញថា វាមិនមែនជាការអភិវឌ្ឍដែលចំណេញនោះទេ។ មន្រ្តីបរិស្ថានបន្ថែមថា ការគោរពច្បាប់អន្តរជាតិកិច្ចព្រមព្រៀងអន្តរជាតិ ដូចជា អនុសញ្ញាបាសែល(Basel Convention) បានតម្រូវឱ្យប្រទេសនីមួយៗទទួលខុសត្រូវលើសំណល់ដែលខ្លួនផលិត។ ការបដិសេធមិនទទួលសំណល់ពីក្រៅប្រទេស គឺជាការបង្ហាញពីឆន្ទៈក្នុងការការពារយុត្តិធម៌សង្គម និងការអភិវឌ្ឍ។

តែយ៉ាងណា នៅឃើញមានជាញឹកញាប់ ករណីលួចនាំចូលសំណល់អេឡិចត្រូនិកក្រោមរូបភាពជាទំនិញជជុះ ឬអំណោយសប្បុរសធម៌ ដើម្បីជៀសវាងការត្រួតពិនិត្យ។ នៅពេលនាំចូល រាជរដ្ឋាភិបាលអាចពិបាកក្នុងការត្រួតពិនិត្យរោងចក្រកែច្នៃ ឬទប់ស្កាត់ការបោះចោលខុសច្បាប់។ បញ្ហានេះ ដើម្បីមិនឱ្យប្រទេសខ្លួនក្លាយជាកន្លែងចោលសំណល់គ្រោះថ្នាក់ពីប្រទេសមានសេដ្ឋកិច្ចខ្លាំង ប្រទេសជាច្រើនបានអនុម័តច្បាប់ហាមឃាត់យ៉ាងតឹងរឹង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត