រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥នេះ បណ្ដុះកូនឈើបានចំនួន៣ ៣៨២ ៣២១ដើម។ ចំពោះកូនឈើទាំងនេះ គឺសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំ ដោយឥតគិតថ្លៃ ដើម្បីបង្កើនភាពបៃតងឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រិតកាបូននៅឆ្នាំ២០៥០…។

ក្រសួងគូសបញ្ជាក់ថា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំបង្កើតយុទ្ធនាការ «ពន្លកបៃតង» ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីជំរុញចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើឱ្យបានច្រើននៅទូទាំងប្រទេស តាមទីសាធារណ និងទីតាំងឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងដាំស្តារព្រៃតាមសហគមន៍មូលដ្ឋាននានា។ ក្រសួងបន្ថែមថា ក្រសួងបានដាក់ចេញយុទ្ធនាការដាំកូនឈើយ៉ាងតិច១លានដើមចាប់តាំងពីថ្ងៃទី០១តុលា ឆ្នាំ២០២៣ និងបានចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅឆ្នាំ២០២៤ យកទៅដាំនៅទូទាំងប្រទេសបានចំនួន១,៣លានដើម។

រីឯក្នុងឆ្នាំ២០២៥នេះ គិតត្រឹមថ្ងៃទី២៦ឧសភា ក្រសួងបរិស្ថានបានចែកកូនឈើដល់ពលរដ្ឋបានចំនួន៣១០ ១៧៨ដើម។ ចំពោះកូនឈើដែលបណ្ដុះបានជាង៣លានដើមនេះ បានពីថ្នាលរបស់មន្ទីរបរិស្ថាន រាជធានីខេត្ត-ទូទាំងប្រទេស។ គួរដឹងដែរថា ក្រសួងបរិស្ថានបាននិងកំពុងសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ធំៗចំនួន៥កន្លែង ដោយក្នុងនោះ ថ្នាក់បណ្ដុះកូនឈើថ្នាក់តំបន់ទី១. មានទីតាំងនៅខេត្តត្បូងឃ្មុំ, ទី២.នៅខេត្តមណ្ឌលគិរី, ទី៣.នៅខេត្តសៀមរាប, ទី៤.នៅខេត្តកំពង់ស្ពឺ និងទី៥.នៅខេត្តកោះកុង៕





