
រាជធានីភ្នំពេញ៖ គិតចាប់ផ្តើមពីថ្ងៃបើកយុទ្ធនាការ១០តុលាឆ្នាំ២០២៣ មកដល់ថ្ងៃទី១២ខែមីនាឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើសរុបចំនួន ៥៥៦៨៧៩ដើម និងចែកជូនកូនឈើជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋយកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន២០៥ ៣៦៨ដើម។ នេះបើយោងតាមការឱ្យដឹងពីក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ដើម្បីរួមចំណែកបង្កើនភាពបៃតងស្របនឹងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ១០តុលាស្តីពីរៀបចំបណ្តុះកូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១លានដើមជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៤នេះ។ ការដាំដើមឈើ គឺស្របទៅនឹងស្ថានភាពដី សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះឈើ បង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៥០។

គួរជម្រាបថា រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាពឱ្យមានប្រសិទ្ធភាពរួមមាន៖ ការអនុវត្តច្បាប់១០០ភាគរយមិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ និងពង្រឹងសហការឱ្យកាន់ស្អិតរមួតជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់។ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និងបង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព៕





