ឆ្នាំ២០២៥ ក្រសួងព្យាករណ៍លើតំបន់ឆ្នេរសមុទ្ទកម្ពុជា ថាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ៨០ម៉ឺននាក់
S
Soriya Sou
28 មករា 2025 08:30 AM

ខេត្តព្រះសីហនុ៖ បើតាមការព្យាករនៅឆ្នាំ២០២៥នេះ តំបន់ឆ្នេរសមុទ្ទរបស់ប្រទេសកម្ពុជា អាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ៨លាននាក់។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ហួត ហាក់ ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១មករា ឆ្នាំ២០២៥ នៅទីលានតេជោ (ពយតាមូង) ក្រុងព្រះសីហនុ...។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម

លោករដ្ឋមន្រ្តី បានចូលរួមអបអរសាទរសមិទ្ធផលជាច្រើនដែលខេត្តព្រះសីហនុសម្រេចបាន ក្នុងនោះរួមមាន ជ័យលាភីទីក្រុងស្អាត ជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារី ផ្ការំដួលបីទង ជ័យលាភីលេខ១ ចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣ ជ័យលាភីបង្គន់សាធារណស្តង់ដារអាស៊ាន សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ានផងដែរ។ លោកមានប្រសាសន៍បន្ថែមថា៖«តាមការព្យាករឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្ទរបស់កម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ៨លាននាក់។ ដោយឡែក សម្រាប់ខេត្តព្រះសីហនុ រំពឹងថាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤៥ម៉ឺននាក់ និងភ្ញៀវទេសចរជាតិប្រមាណ៤លាននាក់»

ភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តនៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ
ភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តនៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ

លោក ហួត ហាក់ ឱ្យដឹងបន្ថែមថា វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យអាទិភាពមួយដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រសិទ្ធនាមថាជា «មាសបៃតង» ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងគាំទ្រដល់ការអភិរក្សធនធានធម្មជាតិ វប្បធម៌ដ៏សម្បូរបែប ធ្វើឱ្យប្រទេសកម្ពុជារក្សាបានសុខសន្តិភាព មានស្ថិរភាពនយោបាយពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ បន្តអនុគ្រោះដល់ការវិនិយោគ និងការរីកចម្រើនក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលចាត់ទុកវិស័យទេសចរណ៍ គឺជាជន្ទល់សេដ្ឋកិច្ចមួយដ៏មានសារសំខាន់។

គួរជម្រាបថា កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៦,៧លាននាក់ កើនលើសឆ្នាំ២០២៣ចំនួន២២,៩ភាគរយ។ ការកើនឡើងនេះ មួយចំណែក ដោយសារកម្ពុជា បានកែសម្រួលលក្ខខណ្ឌមួយចំនួនដូចជា៖ សម្រួលនីតិវិធីក្នុងការផ្ដល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតម្លៃទិដ្ឋាការអេឡិកត្រូនិក (e-visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E) ឱ្យបានសមស្រប ក្នុងគោលដៅផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ និងទេសចរ ដែលចូលមកប្រទេសកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត