
រាជធានីភ្នំពេញ៖ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ចាប់តាំពីឆ្នាំ២០០៣មកម្ល៉េះ។ គិតមកដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាខួបទី២០ឆ្នាំហើយ នៃការដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជា...។

«របាំព្រះរាជទ្រព្យ» គឺជាសម្បត្តិបេតិកភណ្ឌមានតម្លៃបំផុតរបស់កម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។ គេនៅចាំបានថា «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ កន្លងទៅ។ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ជាសិល្បៈសក្ការដ៏ចំណាស់មួយ ដែលមានរៀបរាប់ទាំងក្នុងសិលាចារឹក និងតាមចម្លាក់ប្រាសាទ។ របាំនេះសម្រាប់សម្តែងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់ព្រះនគរ និងក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រ និងប្រមុខរដ្ឋ។

របាំព្រះរាជទ្រព្យ ត្រូវបានផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយគង់វង្សរហូតដល់សព្វថ្ងៃ ដោយសារការខិតខំប្រឹងប្រែងរបស់ព្រះមហាវីរក្សត្រ និងព្រឹទ្ធាចារ្យសិល្បៈខ្មែរ ហើយវីរក្សត្រីយ៍ដែលមានស្នាព្រះហស្ថ និងគុណបំណាច់ដ៏ធំធេងមិនអាចបំភ្លេចបាន គឺ ព្រឹទ្ធាចារ្យសិល្បៈ និងជាមរតកមនុស្សរស់ សម្តេចព្រះរាជបុត្រី ព្រះរាជទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី កាលលោកនៅមានព្រះជន្ម ដែលបានខិតខំលះបង់អស់ពីព្រះកម្លាំងកាយពលក្នុងការជួយអភិរក្ស និងលើកស្ទួយរបាំព្រះរាជទ្រព្យឱ្យពណ្ណរាយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងលើឆាកជាតិ និងអន្តរជាតិផងដែរ៕





