
ភូមា៖ លោក គឺម ស្រ៊ុន កុសល បានធ្វើដំណើរទៅកាន់ប្រទេសភូមាជាផ្លូវការហើយ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែររវាងស្តេចប្រដាល់គុនឡេតវេយ៍ភូមា ដាវ លីឌុច និងអធិរាជជង្គង់កែងឆាប ព្រំ សំណាង នាចុងខែវិច្ឆិកាខាងមុខ។ ទន្ទឹមនឹងនោះ ទីប្រឹក្សាទូរទស្សន៍ថោនរូបនេះ ក៏នឹងភ្ជាប់ទំនាក់ទំនងរវាងក្បាច់គុនបុរាណខ្មែរ និងក្បាច់គុនបុរាណឡេតវេយ៍(គុនខ្មែរ-ឡេតវេយ៍) ឱ្យកាន់តែស្អិតល្មួតក្នុងនាមជាក្បាច់គុនដែលមានអាយុកាលដ៏ចំណាស់ក្នុងតំបន់ផងដែរ...។

លោក MC វុត្ថា អ្នករៀបចំកម្មវិធីប្រដាល់គុនខ្មែរប្រចាំនៅស្ថានីយទូរទស្សន៍ថោន បានថ្លែងប្រាប់ SBM News នៅរសៀលថ្ងៃអង្គារទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ តាមប្រព័ន្ធសារតេឡេក្រាមថា នេះជាផែនការរបស់ថ្នាក់ដឹកនាំថោន ក្នុងការនាំយកក្បាច់គុនខ្មែរទៅកាន់ឆាកអន្តរជាតិ ជាពិសេសការចេញទៅប្រទេសមីយ៉ាន់ម៉ា(ភូមា)របស់ថ្នាក់ដឹកនាំថោន គឺមានពីរគោលដៅ៖ គោលដៅទី១.ទៅទំនាក់ទំនងការងាររៀបចំការប្រកួតរវាងកីឡាករ ដាវ លីឌុច និងព្រំ សំណាង ដែលជាព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរធំប្រចាំឆ្នាំ។ គោលដៅទី២.ការភ្ជាប់ទំនាក់ទំនងជាមួយមន្ត្រីសហព័ន្ធប្រដាល់គុនឡេតវេយ៍ ដើម្បីបញ្ជ្រាបក្បាច់គុនខ្មែរទៅកាន់ប្រទេសភូមា ដែលជាប្រទេសបងប្អូនតាំងពីរបុរាណកាលមក និងដើម្បីផ្លាសប្តូរបច្ចេកទេសក្បាច់គុនជាមួយគ្នា។

បន្ថែមលើនេះ លោក MC វុត្ថា បានបង្ហើបឱ្យដឹងថា ទៅថ្ងៃអនាគតសង្វៀនទូរទស្សន៍ថោន ក៏នឹងពិចារណាបង្កើតវិញ្ញាសាគុនឡេតវេយ៍នៅលើសង្វៀនគុនខ្មែរផងដែរ ក្រោយពីថ្នាក់ដឹកនាំនៃភាគីទាំងពីរផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្នាស្រេចបាច់ហើយនោះ។ ចំណែកភាគីភូមា បានស្នើសុំឱ្យភាគីកម្ពុជាផ្តល់គ្រូបង្វឹកក្បាច់គុនខ្មែរទៅបង្ហាត់បង្រៀនដល់កីឡាករភូមា ហើយប្រទេសភូមាក៏នឹងអាចផ្តល់គ្រូជំនាញបច្ចេកទេសផ្នែកក្បាច់គុនឡេតវេយ៍មកកម្ពុជាវិញ ដែលនឹងធ្វើឱ្យក្បាច់គុនបុរាណនៃប្រទេសទាំងពីរកាន់តែមានកេរ្តិ៍ឈ្មោះឈានឡើងទៅក្នុងឆាកអន្តរជាតិ។

ដោយឡែក លោក គឺម ស្រ៊ុន កុសល ហៅថមមី បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃដដែលនេះ ពីប្រទេសភូមាមកថា៖«ការប្រជុំជាមួយសហព័ន្ធ Lethwei ភូមា ទទួលបានផ្លែផ្កាជាទីគាប់ប្រសើរ ក្នុងនោះការជួបទំនាក់ទំនងជាមួយអគ្គលេខាធិការសហព័ន្ធ ប្រធានសហព័ន្ធ និងតំណាងមន្ត្រីទទួលបន្ទុក សហព័ន្ធLethwei។ អ្វីដែលរំភើបជាងគេ ពួកគេសប្បាយចិត្តដែលបានចូលរួមស៊ីហ្គេមនៅកម្ពុជា ដែលការចំណាយទាំងអស់របស់ពួកគេ គឺរាជរដ្ឋាភិបាលប្រទេសកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាអ្នករ៉ាប់រង។ គេនិយាយថា ប្រទេសម្ពុជាហ្វ្រីម្ហូបអាហារ ការស្នាក់នៅហើយ នៅឱ្យមេដាយមាសត្រឡប់មកស្រុកវិញទៀត! សំខាន់ខាងសហព័ន្ធ Lethwei ភ្ញាក់ផ្អេីលមែនទែន ជាពិសេសរយៈពេល៣ឆ្នាំចុងក្រោយនេះ គុនខ្មែរគឺហក់ឡើងយ៉ាងខ្លាំង។ កីឡាករធឿន ធារ៉ា និងព្រំ សំណាង កំពុងល្បីហើយ នៅភូមានេះ គេតាមដានមើលតាំងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់កីឡាករយើងទៀត។ ចឹងមានតែប្រឹងហាត់បន្ថែម កុំឱ្យគេខកចិត្តពេលគេមកប៉ះនិងយើង»។

យ៉ាងណា នេះជាសញ្ញាវិជ្ជមានមួយសម្រាប់គុនខ្មែរក្នុងដំណើរឆ្ពោះទៅកាន់ឆាកអន្តរជាតិ។ គុនខ្មែរ ដ្បិតថាមានអាយុកាលចំណាស់រាប់ពាន់ឆ្នាំដូចគុនឡេតវេយ៍ភូមាដែរ ប៉ុន្តែបើនិយាយពីកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ យើងដើរក្រោយឡេតវេយ៍បន្តិច ព្រោះក្បាច់គុនឡេតវេយ៍របស់ភូមាមានកម្រិតស្ដង់ដារអន្តរជាតិ មានខ្សែក្រវាត់ពិភពលោកដាក់ឱ្យជនបរទេសប្រកួតដណ្តើមរហូតបង្កើតបានស្តេចប្រដាល់គុនឡេតវេយ៍ ដូចជាកីឡាករ ដាវ លីឌុច នេះជាដើម។ ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្ន ក្រោយលោកថមមី គីមជ្រោមជ្រែងដាក់បញ្ចូលក្បាច់គុនខ្មែរទៅក្នុងស្ថាប័នIPCCពិភពលោកមក ប្រដាល់គុនខ្មែរមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកអន្តរជាតិរហូតដល់ជនក្លែងបន្លំអត្តសញ្ញាណក្បាច់គុនយើងកំពុងដេកភ័យបុកពោះ...៕








