
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់ប្រមុខរាជរដ្ឋាភាបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កំពុងចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)...។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) ត្រូវបានរៀបចំក្នុងគោលបំណង ដើម្បីកសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់ សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ ថា “ថវិកាសមិទ្ធកម្ម” ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យសមិទ្ធកម្ម ដែលសសរស្តមទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានគិតគូរបញ្ចូលគ្រប់ជ្រុងជ្រាយ សំដៅធានាប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។ ដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) ធ្វើឡើងដោយស្របតាមយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ដែលបានកំណត់យកម៉ូដែល “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម” ដែលជាប្រព័ន្ធសមស្របសម្រាប់កម្ពុជា បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច។

ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដំបូងរបស់កម្ពុជា ត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំឱ្យមានជាក្របខណ្ឌគតិយុត្តសម្រាប់របបគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ដែលផ្តោតជាសំខាន់លើប្រព័ន្ធថវិកាផ្អែកលើធាតុចូល។ នៅឆ្នាំ២០០៤ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ” ដោយមានគោលដៅផ្លាស់ប្ដូរប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ ពោលគឺសំដៅប្រែក្លាយជាជំហានៗនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យទៅជាប្រព័ន្ធមួយស្របតាមបទដ្ឋាន និងឧត្តមានុវត្តអន្តរជាតិ៕


