
(គុនខ្មែរ)៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរកម្រិតអន្តរជាតិ ដណ្តើមខ្សែក្រវាត់IPCC របស់ស្ថាប័ន(International Professional Combat Council)។ កាលពីរដូវកាលទី១ កម្មវិធីនេះទទួលបានការគាំទ្រពីអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរយ៉ាងសម្បើម។ មានសេចក្តីរាយការណ៍ពីអ្នករៀបចំកម្មវិធីថា រដូវកាលទី២ នឹងមកដល់ឆាប់ៗ ហើយកាន់តែអស្ចារ្យជាងមុន...។

ប្រដាល់គុនខ្មែរប្រចាំប្រទេស ជាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជម្រុះរកជើងឯក ដ៏ធំមួយនៅកម្ពុជា ដែលផ្តល់ឱកាសដល់កីឡាករគុនខ្មែរប្រកួតវិលជុំទូទាំងរាជធានី-ខេត្ត ដើម្បីស្វែងរកជើងខ្លាំងប្រចាំប្រទេស និងជាម្ចាស់ខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់ដ៏ច្រើនផងដែរ។ ស្ថាប័ន IPCC ពិភពលោក បានដាក់បញ្ចូល ក្បាច់គុនខ្មែរ( Kun Khmer) ទៅក្នុងបញ្ជីក្បាច់គុនរបស់ស្ថាប័នកម្រិតអន្តរជាតិមួយនេះ ដោយបានរៀបចំឱ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ កាលពីរដូវកាលទី១ ក្រុមការជួយជ្រោមជ្រែងឧបត្ថម្ភពីក្រុមភេសជ្ជះក្នុងស្រុកមួយ សហការជាមួយស្ថានីយទូរទស្សន៍ថោន។

ទោះយ៉ាងណា កម្មវិធីកម្រិតអន្តរជាតិមួយនេះ ក៏ទទួលបានការគាំទ្រពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តាមរយៈការរៀបចំឱ្យបណ្តាក្លឹបប្រដាល់មួយចំនួនបញ្ជូនកីឡាករជើងខ្លាំងរបស់ខ្លួនចូលរួមប្រកួតប្រជែង ក្រោមការត្រួតពិនិត្យបន្ថែមពីស្ថាប័នIPCC អន្តរជាតិ។ សម្រាប់រដូវកាលទី២នេះ នៅមិនទាន់មានការទម្លាយចេញពីប្រាក់រង្វាន់នៃការប្រកួតដណ្តើមខ្សែក្រវាត់ ក៏ដូចជាសមាសសភាពកីឡាករចូលរួមប្រកួតនោះឡើយ ប៉ុន្តែ ប្រភពព័ត៌មានពីអ្នករៀបចំកម្មវិធី បានបង្ហើបឱ្យដឹងថា ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមួយនេះ នឹងលេចចេញជារូបរាងឆាប់ៗនេះ ពោលគឺយ៉ាងយូនៅចុងឆ្នាំ២០២២នេះប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីរដូវកាលទី១ ក្រោយឆ្លងកាត់ការប្រកួតជម្រុះពីបណ្តាខេត្តក្រុងជាច្រើនទូទាំងប្រទេសអស់រយៈពេលជាង៣ខែ កីឡាករដែលមានរហ័សនាមដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ មកពីក្លឹបតាឡីដំរីមានឫទ្ធិ បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីផ្តួលដៃគូប្រកួត កីឡាករ ឡុង បេនលឿន ឱ្យសន្លប់នៅដើមទឹកទី១ ត្រឹមមួយដង្ហើមចង្រិតប៉ុណ្ណោះ...៕


