
យោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ចំប៉ី ជា “ឈ្មោះឈើមានជ័រស ស្រដៀងនឹងទឹកដោះ ផ្កាក្រអូបឆ្អិត; មានបីយ៉ាងគឺ ចំប៉ីលឿង, ចំប៉ីស, ចំប៉ីក្រហម”។ រុក្ខជាតិផ្កាប្រភេទនេះត្រូវបានគេនិយមដាំដើម្បីលម្អសួនច្បារ ឬតាមរបងគេហដ្ឋាន ដើម្បីបានជាម្លប់ សោភ័ណភាព និងក្លិនក្រអូបពីផ្ការបស់វា។ មិនតែប៉ុណ្ណោះ វាក៏ជារុក្ខជាតិឱសថដែលអាចព្យាបាលជំងឺបានរាប់សិបមុខឯណោះ។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពជាឱសថរបស់វា៖

សុខភាពស្បែក
ប្រេងដែលចម្រាញ់ចេញពីផ្កាចំប៉ី ដើរតួជាថ្នាំបំបាត់ការឈឺចាប់។ វាត្រូវបានគេប្រើដើម្បីផ្តល់សំណើមដល់ស្បែកក្នុងការព្យាបាលដោយម៉ាស្សា។ វាជួយឱ្យស្បែកនៅតែទន់ និងមានប្រយោជន៍សម្រាប់ស្បែកស្ងួត និងប្រេះ។

បន្ថយការឈឺក្បាល
អ្នកដែលមានបញ្ហាឈឺក្បាលខ្លាំងក៏អាចប្រើប្រេងផ្កាចំប៉ីដើម្បីកាត់បន្ថយអាការបានផងដែរ។ ប្រេងផ្កាចំប៉ី មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដែលជួយព្យាបាលការឈឺក្បាលខ្លាំង ក៏ដូចជាការឈឺចាប់ផ្សេងទៀតដូចជា ឈឺសាច់ដុំ និងឈឺខ្នង។

ដើរតួជាភ្នាក់ងាររំញោច
ប្រេងផ្កាចំប៉ី ដើរតួជាភ្នាក់ងាររំញោចដែលជួយក្នុងការថែរក្សាស្ថានភាពសុខភាពនៃប្រព័ន្ធឈាមរត់ សរសៃប្រសាទ និងប្រព័ន្ធរាងកាយផ្សេងទៀត។

សកម្មភាពប្រឆាំងអុកស៊ីតកម្ម
ផ្កាចំប៉ីមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុប្រឆាំងការរលាក ដែលជួយដល់ដំណើរការល្អនៃរាងកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ និងបន្ថយជំងឺដែលបណ្តាលឱ្យមានមេរោគចេញពីរាងកាយ។

វិធីច្នៃ៖
ដើមចំប៉ី ប្រើជាឱសថទាំង ឫស ដើម ស្លឹក និងផ្កា។ ប៉ុន្តែជាទូទៅ ផ្ការបស់វាត្រូវបានគេប្រើប្រាស់ច្រើនជាងគេ ដោយយកទៅចម្រាញ់ធ្វើប្រេង ទឹកអប់ និងយកទៅដាំទឹក ឬយកទៅផ្សំជាមួយសារធាតុឱសថផ្សេងទៀត ដើម្បីព្យាបាលជំងឺ៕



