
រាជធានីភ្នំពេញ៖ មហាជនដាក់ចង្ងល់ថាម្ចាស់ទីតាំងល្បែងភ្នាល់បាល់តាមអនឡាញ យីហោ (9MK) ដែលស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្គាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជានរណា ទើបបើកដំណើរការយ៉ាងរលូនបែបនេះ?

មហាជនថា អាជ្ញាធរហាក់ដូចជាត្រូវថ្នាំសណ្តំអ្វីម្យ៉ាង ព្រោះគ្មានចំណាត់ការអ្វីទាល់តែសោះ និងក្លាយខ្លួនជាកូនក្រក ឱ្យម្ចាស់បើកអាជីវកម្មថែមទៀតផង ព្រោះពេលមានសមត្ថកិច្ចចុះបង្ក្រាប ម្ចាស់ទីតាំងតែងដឹងខ្លួនមុនជានិច្ច។ ប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែរ ប៉ុន្តែអាជ្ញាធរមូលដ្ឋានហាក់ធ្វើមិនដឹង ស្តាប់មិនឮ មើលមិនឃើញ ពលរដ្ឋចេញ-ចូលលេងល្បែងភ្នាល់ឡើយ ហាក់ដូចជាត្រូវថ្នាំសណ្តំអ្វីម៉្យាង។

គួរបញ្ចាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅម៉ោង៣និង៣០នាទីរសៀល កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោកអភិបាលរងខណ្ឌមួយរូប បានចុះទៅដល់ទីតាំងខាងលើ ប៉ុន្តែម្ចាស់ទីតាំងដឹងខ្លួនមុន ក៏ផ្អាកសកម្មភាព រួចហើយបើកដំណើរការជាធម្មតាឡើងវិញ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋរំពឹងថា អភិបាលខណ្ឌចំការមន លោក ថេង សុផុល នឹងលោកវរសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមន មានដំណោះស្រាយលើបញ្ហានេះ ដើម្បីដើម្បីបង្ការបញ្ហាអសន្តិសុខ លួច ឆក់ ប្លន់ ជាដើម៕ ដោយ៖ហាក់ អុីឌី



