
ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន
(SBM News)៖ នៅក្នុងឆ្នាំ១៩៤៩ អៀវ កើស មេដឹកនាំគណបក្សប្រជាធិបតេយ្យ និងជាប្រធានរដ្ឋសភា បានចាត់តាំងអាចារ្យយី ឲ្យទៅបង្កើតកងទ័ពស្វយ័តមួយនៅក្នុងស្រុកល្វាឯម ខេត្តកណ្ដាល ហើយគាត់បានបង្កើតកងទ័ពបានចំនួន៣០០នាក់ (គិតទាំងអ្នកគ្មានអាវុធភាគច្រើន) ។
តែអាចារ្យយី នេះ មិនត្រឹមតែដឹកនាំកងទ័ពគាត់វាយប្រហារទៅលើទីតាំងរដ្ឋបាលរបស់រាជការខ្មែរ-បារាំងទេ គឺគាត់ថែមទាំងបានធ្វើការវាយប្រហារទៅលើកងទ័ពវៀតមិញ ដើម្បីដណ្ដើមអាវុធ និងដុតកម្ទេចភូមិអ្នកនេសាទវៀតណាម ដែលតាំងនៅត្រើយខាងកើតទន្លេមេគង្គ ទៀតផង។
លើសពីនេះទៅទៀត សូម្បីតែវត្តខ្មែរណាដែលជាវត្តធម្មយុត្តិកនិកាយ ក៏គាត់ដុតកម្ទេចអស់មួយចំនួនដែរ។
នៅក្នុងខែឧសភា ឆ្នាំ១៩៤៩ អៀវ កើស មេដឹកនាំគណបក្សប្រជាធិបតេយ្យ ជាប្រធានរដ្ឋសភាដែលជាអ្នកចាត់តាំងអាចារ្យយី ឲ្យទៅបង្កើតកងទ័ពស្វយ័តនៅក្នុងស្រុកល្វាឯម កាលពីដំបូងទីនោះ បានធ្វើការព្រមានទៅអាចារ្យយី ថា ប្រជារាស្រ្តខ្មែរត្រូវរួបរួមគ្នា ដើម្បីដណ្ដើមឯករាជ្យមកជូនប្រទេសជាតិ ដូច្នេះមិនត្រូវសម្លាប់គ្នាឯង មិនត្រូវដុតភូមិករអ្នកស្រុកនោះទេ ពិសេសត្រូវគោរពទីវត្តអារាមដែលជាកន្លែងសក្ការបូជា ឲ្យបានល្អ ។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៤៩ គណៈប្រតិភូរបស់គណបក្សប្រជាធិបតេយ្យមួយក្រុម ដោយមានជនជាតិចិនម្នាក់ជាតំណាងបក្សកុម្មុយនិស្តចិន នៅទីក្រុងភ្នំពេញ រួមដំណើរផង បានធ្វើដំណើរទៅទស្សនកិច្ចជាសម្ងាត់នៅក្នុងតំបន់ដែលអាចារ្យយី ត្រួតត្រាគ្រប់គ្រង។
ពេលនោះ តំណាងបក្សកុម្មុយនិស្តចិនម្នាក់នោះ បានថ្លែងបញ្ជាក់ក្នុងនាមបក្សកុម្មុយនិស្តចិន ពីការគាំទ្ររបស់ខ្លួនចំពោះការតស៊ូររបស់អាចារ្យយី ផងដែរ។
៣ថ្ងៃក្រោយពីដំណើរទស្សនកិច្ចជាសម្ងាត់នោះ នៅក្នុងអង្គប្រជុំមួយនៅស្រុកល្វាឯម ក្រុមឥស្សរៈរបស់អាចា្យយី ដែលមានគណបក្សប្រជាធិបតេយ្យ នៅពីក្រោយខ្នង បានបញ្ជាក់គោលជំហររបស់ខ្លួនថា យើងមិនត្រូវឲ្យពួកវៀតមិញ ចូលមកឈ្លានពានប្រទេសយើងទេ ហើយបើពួកគេតាំងខ្លួនជាស្នេហាជាតិ គឺត្រូវតែទៅស្នេហាជាតិនៅក្នុងប្រទេសគេទៅ។
៦ថ្ងៃក្រោយពីអាចារ្យយី ប្រជុំគ្នានៅស្រុកល្វាឯមនោះ ចៅហ្វាយខេត្តព្រៃវែង របស់រាជការខ្មែរ-បារាំង បានធ្វើរបាយការណ៍ថា អាចារ្យយី បានដឹកនាំកម្លាំងប្រមាណ៣០០នាក់ ធ្វើការវាយប្រហារនៅទីតាំងកងទ័ពវៀតមិញ ដែលស្ថិតនៅខាងជើងទីរួមខេត្តព្រៃវែង ឲ្យរត់ខ្ចាត់ខ្ចាយអស់។
មួយខែក្រោយមក កងទ័ពអាចារ្យយី ក៏បានប្រកាសថា ពួកគេបានសម្លាប់ជនជាតិវៀតណាម នៅក្នុងស្រុកពាមរក៍ អស់ជាច្រើននាក់ ទោះបីពួកជនជាតិវៀតណាមទាំងនោះមិនមែនជាកងទ័ពវៀតមិញកុម្មុយនិស្តក៏ដោយ។
ពេលនោះ នៅក្នុងស្រុកបាភ្នំ មេខ្មែរឥស្សរៈឈ្មោះងិន ហោ ជាអ្នកដឹកនាំកងទ័ពខ្មែរ៤០នាក់ និងមានកងទ័ពវៀតមិញ៨០នាក់ ។
នៅក្នុងស្រុកព្រៃវែង (សព្វថ្ងៃដូរឈ្មោះជាស្រុកស្វាយអន្ទរ) មានជនជាតិវៀតណាមដើមកំណើតខ្មែរម្នាក់ ក៏បានដឹកនាំកងទ័ពខ្មែរ២០០នាក់ និងមានកងទ័ពវៀតមិញ ៥០នាក់ទៀតដែរ។
ចំណែកនៅខេត្តស្វាយរៀង ក៏មានកងទ័ពចម្រុះខ្មែរ-វៀតមិញ ចំនួន២០០នាក់ ដឹកនាំដោយជនជាតិវៀតណាមម្នាក់ កាន់សាសនាកាវដាយ។
ក្រោយពេលព្រះមហាក្សត្រនរោត្តម សីហនុ ប្រកាសរំលាយសភាដែលមានតំណាងរាស្រ្តរបស់គណបក្សប្រជាធិបតេយ្យភាគច្រើនលើសលប់នោះចោល ក្នុងខែកញ្ញា ឆ្នាំ១៩៤៩ អាចារ្យយី ត្រូវបានកងទ័ពរាជការខ្មែរ-បារាំង ចាប់ខ្លួនបាន ។
ទោះបីអាចារ្យយី ជាមេឥស្សរៈម្នាក់ដែលប្រឆាំងនឹងពួកវៀតមិញ យ៉ាងប្ដូរផ្ដាច់ក៏ដោយ ក៏ត្រូវតុលាការរាជការខ្មែរ-បារាំង នៅក្រុងភ្នំពេញ ផ្ដន្ទាទោសឲ្យគាត់ជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ និងបង្ខំឲ្យធ្វើការជាទម្ងន់ដែរ៕


