
ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន
(SBM News)៖ ក្រោយរាជរដ្ឋាភិបាលឈាន វ៉ម បានបង្កើតឡើងបានប៉ុន្មានខែប៉ុណ្ណោះ ក៏កើតមានបញ្ហាចម្រូងចម្រាស ដោយសារយ៉ែម សំបូរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកនគរបាលជាតិ បានបញ្ចេញឯកសារសំខាន់ៗ ជាច្រើន ដែលទាក់ទងនឹងរឿងអាស្រូវរបស់តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យមួយចំនួន ធ្វើឲ្យ ឈាន វ៉ម ជានាយករដ្ឋមន្ត្រី មានការខឹងសម្បារឿងនេះយ៉ាងខ្លាំង រហូតដល់មានការទាមទារឲ្យចាប់ខ្លួន យ៉ែម សំបូរ ទៀតផង តែមិនបានសម្រេច ព្រោះទំនងមានព្រះមហាក្សត្រសីហនុ ជាអ្នកជួយការពារ។
ពេលនោះ សឺន សាន , ថុន អ៊ុក , ពីទូ ដឺម៉ុងតេរ៉ូ, យិត ស្រ៊ុន, សុន វ៉ឺនសៃ, ហ៊ុយ ម៉ោង,ម៉ម ស៊ុន,មៀច គន្ធ ជាដើម ជាសមាជិកគណៈរដ្ឋមន្រ្តី នាំគ្នាគាំទ្រនាយករដ្ឋមន្ត្រីឈាន វ៉ម ដែលជាបញ្ញវន្ដមានដើមកំណើតចេញពីគ្រួសារកសិករ ។

ឯយ៉ែម សំបូរ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកនគរបាលជាតិ ដែលចូលចិត្តកីឡាប្រដាល់ខ្លាំងបំផុត និងមន្ត្រីចាស់ៗមួយចំនួន កាលនៅក្នុងសមាសភាពគណៈរដ្ឋមន្ត្រីរបស់ទ្រង់យុត្តិវង្ស ពីមុន យល់ថា ពួកអ្នកគាំទ្រនាយករដ្ឋមន្រ្តីឈាន វ៉ម បានប្រមាថមើលងាយពួកខ្លួនដែលមិនបានទៅរៀនសូត្រទៅដល់ប្រទេសបារាំង ពិសេសយ៉ែម សំបូរ ត្រូវពួកអ្នកគាំទ្រនាយករដ្ឋមន្ត្រីឈាន វ៉ម មើលស្រាលព្រោះពីមុនលោកគ្រាន់តែមានតួនាទីជាប្រធានកងអង្គរក្សតាមការពារសន្ដិសុខឲ្យព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស នោះ បណ្ដាលឲ្យមានបញ្ហាជម្លោះបែកបាក់គ្នាកាន់តែខ្លាំងឡើងៗ រហូតក្រុមយ៉ែម សំបូរ កៀងគរប្រមូលបក្ខពួកក្នុងគណបក្សប្រជាធិបតេយ្យ និងមានការគាំទ្រពីតំណាងរាស្រ្តមកពីគណបក្សសេរីភាព របស់ព្រះអង្គម្ចាស់នរោត្ដម នរិន្ទដេត ផងនោះ ឈាន វ៉ម ក៏ត្រូវសភាអនុម័តដកសេចក្ដីទុកចិត្ត និងប្រកាសរំលាយរាជរដ្ឋាភិបាលលោកចោល ។
ក្រោយពីរាជរដ្ឋាភិបាលឈាន វ៉ម ដួលរំលំទៅ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៨ រាជរដ្ឋាភិបាលថ្មីមួយទៀតត្រូវបានបង្កើតឡើង។

រាជរដ្ឋាភិបាលថ្មីនោះ ប៉ែន នុត ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងសារព័ត៌មាន, សឺន សាន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច ។ ឯឈាន វ៉ម ដែលធ្លាក់តំណែងពីនាយករដ្ឋមន្ត្រីនោះ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ, សុន វ៉ឺនសៃ ជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងសាធារណការ, ហ៊ុយ កន្ធុល ជារដ្ឋមន្ត្រីអប់រំ កីឡា និងយុវជន, មៀច គន្ធ ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ, ម៉ម សុន ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល សង្គមកិច្ច, យិត ស្រ៊ុន រដ្ឋមន្ត្រីធម្មការ និងវិចិត្រសិល្បៈ, ទេព ផន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ងិន ការ៉េត ជារដ្ឋលេខាធិការក្រសួងសាធារណការ និងថុល អ៊ុក ជារដ្ឋលេខាធិការក្រសួងព័ត៌មានដដែល ។
ចំណែកយ៉ែម សំបូរ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកនគរបាលជាតិ ជាអ្នកប្រឆាំងនឹងឈាន វ៉ម នោះ មិនមានឈ្មោះក្នុងសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះទេ។
តែទោះបីយ៉ែម សំបូរ មិនមានឈ្មោះនៅក្នុងសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះក៏ដោយ ក៏ក្រោយរាជរដ្ឋាភិបាលប៉ែន នុត មានរឿងអាស្រូវ ដោយសារមៀច គន្ធ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីឲ្យសាច់ញាតិរបស់គាត់ដេញថ្លៃយកឡូត៍នេសាទមួយនៅខ្លាគ្រហឹម ខេត្តតាកែវ ដោយគ្មានតម្លាភាពមក នៅខែមករា ឆ្នាំ១៩៤៩ យ៉ែម សំបូរ ដែលគេចាត់ទុកថាជាមនុស្សរបស់ព្រះមហាក្សត្រសីហនុ និងបក្ខពួកនៅក្នុងសភា បាននាំគ្នាគាស់កកាយរឿងអាស្រូវនេះ និងរឿងអាស្រូវផ្សេងៗទៀតមិនឈប់ឈរ ក្នុងបំណងផ្ដួលរំលំរាជដ្ឋាភិបាលប៉ែន នុត មួយទៀត។

ពេលនោះ អៀវ កើស ក្នុងនាមជាប្រធានរដ្ឋសភា និងជាប្រធានគណបក្សប្រជាធិបតេយ្យ មិនចង់ប្រឈមមុខវែងឆ្ងាយជាមួយព្រះមហាក្សត្រសីហនុ គាត់ក៏បាននិយាយបញ្ចុះបញ្ចូលតំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យ ឲ្យបោះឆ្នោតគាំទ្រយ៉ែម សំបូរ ធ្វើជានាយករដ្ឋមន្ត្រី និងបញ្ចុះបញ្ចូលមន្រ្តីគណបក្សប្រជាធិបតេយ្យ ឲ្យចូលរួមនៅក្នុងរាជរដ្ឋាភិបាលនោះផងដែរ តាមការចង់បានរបស់ព្រះមហាក្សត្រសីហនុ ។
តែមន្ត្រីគណបក្សប្រជាធិបតេយ្យ ភាគច្រើន បានបដិសេធមិនព្រមចូលរួមនៅក្នុងរាជរដ្ឋាភិបាល យ៉ែម សំបូរ នោះទេ៕


