តោះមកមើលប្រវត្តិភ្នំបូកគោ មុនក្លាយជាក្រុងមួយថ្មីរបស់ខេត្តកំពត
អាន ប៊ុនរ័ត្ននៈ
30 មីនា 2021 11:26 AM

(រាជធានីភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចបង្កើតក្រុងថ្មីមួយក្នុងខេត្តកំពតគឺ «ក្រុងបូកគោ» ដោយកាត់យកឃុំចំនួន៣នៃស្រុកទឹកឈូធ្វើជាឧបសម្ព័ន្ធរបស់ក្រុងថ្មីមួយនេះ។ ប៉ុន្តែប្រហែលជាបងប្អូនមួយចំនួនមិនបានដឹងទេថាអនាគតក្រុងថ្មីមួយនេះមានប្រវត្តិកកើតឡើងក្នុងសម័យណា ហើយតើព្រះរាជាខ្មែរអង្គណាជាអ្នកកសាងអភិវឌ្ឍន៍«ភ្នំបូកគោ»នេះឡើង..? តោះដើម្បីកុំខាតពេលយូសារព័ត៌មាន SBM News និងបង្ហាញត្រួសៗអំពីប្រវត្តិភ្នំបូកគោដ៏ល្បីល្បាញរបស់កម្ពុជាមួយនេះ...។

យោងតាមឯកសាររបស់វេបសាយល្បី WikiPedia បានឲ្យដឹងថាភ្នំបូកគោនស្ថិត ​នៅ​ចម្ងាយ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពតត្រូវ​បានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្តិ។ 

នៅសម័យសង្គមរាស្ត្រនិយមភ្នំបូកគោត្រូវបានអតីតព្រះមហាវិរក្សត្រព្រះបរមរតនកោដ នរោត្តម សីហនុកសាងសំណង់សាធារណៈជាច្រើននៅលើខ្នងភ្នំប្រៀបបាននឹងបុរីមួយដែលមន្ត្រីរាជរដ្ឋាភិបាលជំនាន់នោះទៅលំហែកាយ។ ភ្នំបូកគោនេះមានរយៈកម្ពស់១០៧៥ម៉ែត្រ មានកន្លែងលេងកម្សាន្តដូចជាទឹកជ្រោះ៣ថ្នាក់ ពពកវិល ការទស្សនាវាលទំនាប និងលំហរសមុទ្រដាច់កន្ទុយភ្នែកមានចម្ងាយ៧គីឡូម៉ែត្រពីទីតាំងកម្សាន្តខ្នងភ្នំ។

ភ្នំបូកគោត្រូវបានរកឃើញនៅក្នុងឆ្នាំ១៩១៦ តែបានរៀបចំអភិវឌ្ឍន៍ទៅជាកន្លែងសម្រាកលំហែកាយដ៏ពេញ និយមនៅសម័យអាណានិគមនិយមបារាំង និងក្នុងសម័យសង្គមរាស្ត្រនិយមនាទសវត្សឆ្នាំ១៩៦០។ ប៉ុន្តែទីលំហែកាយដ៏ល្បីមួយនេះ ត្រូវបានបោះបង់ចោលចំនួន២ដង ដោយក្នុងនោះលើកទី១ នៅឆ្នាំ១៩៤០ និងលើកទី២ នៅឆ្នាំ១៩៧២។ 

នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលដែលបានកើតឡើងពីការបោះឆ្នោតក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ដាក់តំបន់ភ្នំបូកគោក បានក្លាយទៅជា«ឧទ្យានជាតិ» ហើយបានក្លាយជារម្យណីដ្ឋាននៅឆ្នាំ១៩៩៧ បានបើកឱ្យ អ្នកទេសចរចូលទៅលេងកម្សាន្តជាលើកដំបូង។ 

«ភ្នំបូកគោ» មានឈ្មោះបែបនេះ តាំងពីបុរាណព្រេងនាយមកម៉្លេះ ព្រោះភ្នំនេះបើក្រឡេកមើលពីក្រុងកំពត ឃើញមានទិដ្ឋភាពដូច “បូកសត្វគោឡើងក” ទើបចាស់ៗជំនាន់ដើមដាក់ឈ្មោះថា “ភ្នំបូកគោ” យ៉ាងនេះទៅ។ ភ្នំនេះជាសាខាឬជាចំណុះ “ភ្នំកំចាយ” ដែលមានវិសាលភាពរាប់រយគីឡូម៉ែត្រក្រឡា។ ចំណុចកំពូលភ្នំបូកគោ សម្រាប់រដូវវស្សា ចុះអ័ព្ទស្ទើរគ្រប់ម៉ោង មើលគ្នាពីចម្ងាយមិនឃើញទេ ជួនកាលអ្នកទេសចរអាចដេញចាប់ពពកលេងកម្សាន្តបានតាមចំណង់ចំណូលចិត្ត។

ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បាននិយាយថា រមណីយដ្ឋានភ្នំបូកគោ គឺជាមេដែកមួយ យ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនានៅឯតំបន់ឆ្នេរភាគខាងត្បូង បើសិនជារមណីយដ្ឋាននេះធ្វើការអភិវឌ្ឍន៍ឲ្យរួចរាល់ជាស្ថាពរនោះ។ 

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា «យើងសង្ឃឹមថា អ្នកទេសចរនឹងមកកាន់តំបន់នេះច្រើន ថែមទៀត នៅពេលខាងមុខ ព្រោះថាតំបន់នេះមានធម្មជាតិល្អប្លែកគួរឱ្យចង់គយគន់ជាងរមណីយដ្ឋាន នានាដែលមាននៅក្នុងប្រទេស»

គួរបញ្ជាក់ផងដែរថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីទីរួមខេត្តកំពតទៅកាន់រម្យណីដ្ឋានភ្នំបូកគោបានយ៉ាងល្អស្អាតដោយក្នុងមួយឆ្នាំៗភ្ញៀវទេសចរជាតិ អន្តរជាតិចូលទៅលេងរាប់ម៉ឺននាក់មិនដែលដាច់ឡើយ។ ដូច្នេះបើភ្នំបូកគោក្លាយជាក្រុងថ្មីមួយបន្ថែមទៀតនោះ ច្បាស់ណាស់ថាដែនដីភ្នំជាប់លំហរសមុទ្រមួយនេះនិងទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀតមិនខាន៕

(ដោយ៖ អាន ប៊ុនរ័ត្ននៈ)

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត