ប្រវត្តិព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ​ម្ចាស់ពាន​រង្វាន់​សិល្បៈ​និង​វប្បធម៌​ ហ្វូគុអុកា (Fukuoka Prize)
ភូមិន្ទ
30 មីនា 2021 05:08 AM

ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។ ជាមួយនឹងការបង្ហាញខ្លួនភ្ជាប់ដោយវ៉ែនតាពណ៌ខ្មៅជានិច្ច លោកគឺជា    តន្រ្តីករប្រពៃណីបុរាណ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជានិងលើឆាកអន្តរជាតិ។ ខណៈនេះ SBM News នឹងនាំបងប្អូនមហាជនទៅស្គាល់ពីប្រវត្តិសង្វេបនិងស្នាដៃរបស់ព្រឹទ្ធាចារ្យដូចតទៅនេះ៖

ប្រវត្តិសង្ខេប

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី ១៥ ខែមីនាឆ្នាំ ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ស្ថិតក្នុងវ័យចន្លោះ ៤ ឆ្នាំ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ។ ក្រោយមកលោក គង់ ណៃ បានចាប់ផ្តើមការសិក្សា អំពីចាប៉ីដងវែងនៅអាយុ ១៣ ឆ្នាំ។ មកពីគ្រួសារតន្រ្តីលោក គង់ ណៃ បានរៀនឧបករណ៍ប្រភេទនេះពីលោកឪពុកមារបស់លោកឈ្មោះ គង់ ទិត។ ក្នុងយុវវ័យរបស់លោក គង់ ណៃ ជារឿយៗប្រឈមមុខនឹងការសើចចំអកពីមិត្តភក្តិព្រោះតែពិការភាពរបស់គាត់។ ទោះយ៉ាងណា ជាជាងត្រូវបានគេមើលងាយដោយការរើសអើង គង់ណៃ បានស្វែងរកចំណេះជំនាញប្រាកដមួយជាប់នឹងខ្លួន ដើម្បីទទួលបានជីវិតឯករាជ្យមួយ និងការឱ្យតម្លៃពីមនុស្សនៅជុំវិញខ្លួន។ ក្នុងរយៈពេលពីរឆ្នាំនៃការចាប់ផ្តើមសិក្សាចាប៉ី គឺគ្រាដែលលោកមាន អាយុដប់ប្រាំគត់ គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកេរ្តិ៍ឈ្មោះរបស់លោកបានរីកចម្រើនយ៉ាងឆាប់រហ័សហើយមិនយូរប៉ុន្មានគាត់បានទទួលឈ្មោះហៅក្រៅថា "សង្ហា" ណៃ។ ចំពោះការសម្ដែងផ្សេងៗ ជានិច្ចកាល គង់ ណៃ សំដែងកំណាព្យបុរាណដូចជាកំណាព្យរបស់ ភីរម្យង៉ុយ ជាដើម។

ជ័យលាភីផ្សេងៗ

·         ក្នុងឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។  

·         ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។

·         នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។

·         ឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។

·          ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

·         ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាលនិងឆ្នាំ ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថាកោសល្យវោហារ គង់ណៃ។

·         នៅឆ្នាំ ២០១៧ លោកទទួលបាន​ពាន​រង្វាន់​សិល្បៈ​ និង​វប្បធម៌​ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​១៩៩០ នៅ​ទីក្រុង​ហ្វូគុអុ​កាប្រទេស​ជប៉ុន សម្រាប់​ផ្តល់​ជូន​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​តំបន់​អាស៊ី ពាក់ព័ន្ធ​ផ្នែក អប់រំ សិល្បៈ និង​វប្បធម៌​។ ហើយ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ គឺ​ជា​បុគ្គល​ទី​៣​របស់កម្ពុជា ដែល​បាន​ទទួល​ពាន​រង្វាន់​នេះ បន្ទាប់​ពី លោក ឆេង ផុន និង លោក អាំង ជូលាន​។

 គួរបញ្ជាក់ថា ចាប៉ីដងវែង បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីកាលពីថ្ងៃទី ៣០ វិច្ឆិកា ២០១៦ កន្លងទៅនេះ។ ចាប៉ី ជាពាក្យក្លាយមកបីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី»។ ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ។ ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ វាសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ៕ ដោយ៖ ភូមិន្ទ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត