
សុខភាព៖ ស្ត្រីច្រើនជាង៩០ភាគរយ ប្រឈមនឹងរោគសញ្ញាមុនពេលមករដូវដូចជា ហើមពោះ ចុកពោះ ឈឺក្បាល ឈឺខ្នង និងទល់លាមក។ នៅពេលបញ្ហាទាំងនេះលេចឡើង ច្បាស់ជាចង់ទទួលទានអាហារ គ្រឿងស្រវឹង អាហារប្រៃ កាហ្វេ ស្ករបន្ថែម និងអាហារមានរសជាតិហិរ។ ការជ្រើសអាហារទាំងនេះ ធ្វើឱ្យរោគសញ្ញាមុនមករដូវកាន់តែពិបាកខ្លាំង…។

១.គ្រឿងស្រវឹង៖ គ្រឿងស្រវឹង អាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក បង្កើនការចាល់ទឹក និងហើមពោះ មុនពេលមករដូវ។ លើសពីនេះ គ្រឿងស្រវឹង ក៏អាចពន្យឺតការរំលាយអាហារ បង្កើនការទល់លាមក ចុកពោះ និងប្រែប្រួលអារម្មណ៍ខ្លាំង។ ដូច្នេះ គួរកាត់បន្ថយការទទួលទានគ្រឿងស្រវឹង ឱ្យស្ថិតនៅក្នុងកម្រិតសមស្របមួយ គឺត្រឹមតែ១កែវក្នុងមួយថ្ងៃ។ ២.អាហារប្រៃ៖ ការទទួលទានអាហារប្រៃ ដូចជាដំឡូងបំពង ឈីស ស៊ុបកំប៉ុង ឬជ្រក់ សុទ្ធតែជំរុញឱ្យមានការចាល់ទឹក និងបណ្ដាលឱ្យហើមពោះ។ ហេតុនេះ គួរពិសាអាហារដែលបញ្ចុះទឹកនោមដូចជា សាឡាត់ ស្ពៃក្ដោប ទំពាំងបារាំង និងខ្ញី ព្រមទាំងពិសារទឹកឱ្យបានច្រើន ដើម្បីបណ្ដេញជាតិសូដ្យូមដែលលើសចេញពីរាងកាយ។

៣.កាហ្វេ៖ ជាតិកាហ្វេអុីន អាចបណ្ដាលឱ្យសរសៃឈាមរួមតូច រួមទាំងសរសៃឈាម ដែលផ្គត់ផ្គង់ឈាមទៅកាន់ស្បូន និងបំពង់អាហារ។ ដោយសារបែបនេះហើយ ទើបភាគច្រើនមានអាការចុកពោះ និងឈឺក្បាលខ្លាំង នៅពេលមុនមកខែ។ ហេតុដូចនេះ ត្រូវកាត់បន្ថយជាតិកាហ្វេអ៊ីន ដើម្បីបង្ការអាការហើមពោះ ចុកពោះ គេងមិនលក់ និងបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត។ ជំនួសមកវិញ គួរទទួលទានតែរុក្ខជាតិ (Herbal teas) ដើម្បីកាត់បន្ថយរោគសញ្ញាមុនពេលមករដូវ ទើបជាការប្រសើរ។៤.ស្ករបន្ថែម៖ អាហារកែច្នៃមួយចំនួនដូចជា ស្ករគ្រាប់ នំដូណាត់ នំខេក និងភេសជ្ជៈ ដែលមានជាតិស្ករសិប្បនិម្មិត អាចធ្វើឱ្យជាតិស្ករកើនឡើងខ្ពស់ ដែលជាលទ្ធផលអាចនឹងប្រែប្រួលអារម្មណ៍ខ្លាំង។ លើសពីនេះ ជាតិស្ករបន្ថែម ក៏អាចធ្វើឱ្យកម្រិតអ័រម៉ូនTestosterone និង Estrogen នៅក្នុងរាងកាយប្រែប្រួល និងធ្វើឱ្យអ័រម៉ូន Serotonin (អ័រម៉ូនដែលជួយឱ្យមានអារម្មណ៍ល្អ) ធ្លាក់ចុះ ក៏ដូចជា ធ្វើឱ្យរោគសញ្ញានៃការទល់លាមក កាន់តែអាក្រក់ទៅៗ។

៥.អាហារហិរ៖ ការទទួលទានអាហារមានរសជាតិហិរ កំលុងពេលជិតមករដូវ អាចធ្វើឱ្យក្រពះមានបញ្ហា ជាពិសេស សម្រាប់អ្នកដែលមិនទម្លាប់ទទួលទានអាហារប្រភេទនេះ។ ជាទូទៅអាហារមានរសជាតិហិរ ក៏បណ្ដាលឱ្យមានអាការរាករូស ឈឺក្រពះ និងក្អួតចង្អោរ ហើយសមាសធាតុសកម្មនៃម្ទេស ដែលមានឈ្មោះថា Capsaicin អាចជំរុញឱ្យមានការឈឺចាប់ នៅក្នុងបំពង់រំលាយអាហារ ដោយបង្កឱ្យមានការឈឺពោះ និងបំបៅក្រពះផងដែរ៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ



