តើលោកសេនាប្រមុខលន់ នល់ ជានរណា?
S
Sereyphuon Chhim
11 កុម្ភៈ 2021 04:07 AM

លោកលន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរ ដើមកំណើតចិន ។ ឪពុករបស់គាត់ ឈ្មោះលន់ ហ៊ិន និងម្ដាយឈ្មោះនាង ម៉ៅ នួន ។ ។ បន្ទាប់ពីមានជោគជ័យក្នុងការដឹកនាំបង្ក្រាបក្រុមចោរប្លន់នៅខេត្តព្រៃវែង មក ឪពុករបស់គាត់ត្រូវបានតែងតាំងជាអភិបាលស្រុកមួយចំនួន នៅខេត្តសៀមរាប និងខេត្តកំពង់ធំ ។

ក្រោយពីបានបញ្ចប់ការសិក្សានៅទីក្រុងភ្នំពេញ លោកបានបន្តការសិក្សានៅវិទ្យាល័យសាសឺលូប-ឡូបា នៅទីក្រុងព្រៃនគរ ពីឆ្នាំ១៩២៨ ដល់ឆ្នាំ១៩៣៤ ។
ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យសាសឺលូប-ឡូបា លោកបានចូលបំរើការរដ្ឋ ជាចៅក្រម ក្នុងក្រសួងតុលាការ ។

ពីឆ្នាំ១៩៣៧៖ ជាបាឡាត់ស្រុក ស្រុកកំពង់សៀម ខេត្តកំពង់ចាម
ពីឆ្នាំ១៩៤០៖ ជាចៅហ្វាយស្រុកកោះសូទិន
ពីឆ្នាំ១៩៤២៖ ជាចៅហ្វាយស្រុកត្បូងឃ្មុំ
ឆ្នាំ១៩៤៤៖ ជានាយចលនាយុវជនខេត្តកំពង់ចាម
ឆ្នាំ១៩៤៥៖ ជាភូឈួយទី១ខេត្តកំពង់ចាម ត្រួតលើមុខងារជានាយចលនាយុវជនខេត្តកំពង់ចាម
ឆ្នាំ១៩៤៥៖ ជាចៅហ្វាយខេត្តក្រចេះ
ឆ្នាំ១៩៤៥៖ ជានាយកក្រសួងសន្តិសុខជាតិ នៅក្រុងភ្នំពេញ
ឆ្នាំ១៩៤៦៖ ជាប្រធានគណៈប្រតិភូខ្មែរ អមគណៈប្រតិភូបារាំង ក្នុងពិធីទទួលខេត្តបាត់ដំបង ដែលសៀមត្រូវប្រគល់មកឲ្យខ្មែរវិញ
ឆ្នាំ១៩៤៦៖ ជាព្រះរាជប្រតិភូប្រចាំខេត្តបាត់ដំបង
ឆ្នាំ១៩៤៩៖ ទទួលខុសត្រូវខាងក្រសួងរដ្ឋការ
ឆ្នាំ១៩៥២៖ លោកចូលបំរើកងទ័ព មានថានន្តរស័ក្តិជាវរសេនីយ៏ទោ(សក្តិ៤កន្លះ) ជាមេបញ្ជាការកងពលតូចប្រដេញ លេខ២ និងការពារ

       ​​​សន្តិសុខនៅខេត្តស្វយ័តបាត់ដំបងនោះទាំងមូល ក្រោយពីបារាំងដកកងទ័ពចេញ។


ឆ្នាំ១៩៥៣៖ ជាមេបញ្ជារការផ្នែកសឹករងខេត្តបាត់ដំបង
ដើមឆ្នាំ១៩៥៥៖ ជានាយអគ្គសេនាធិការកងយោធពលខេមរភូមិមិន្ទ
ថ្ងៃទី៣តុលា ឆ្នាំ១៩៥៥ ដល់ថ្ងៃទី៥មករា ឆ្នាំ១៩៥៦៖  ជារដ្ឋមន្ត្រីការពារជាតិ
ឆ្នាំ១៩៥៦៖ លោកដឹកនាំប្រតិបត្តិការសឹក វាយកម្ចាត់កងទ័ពឈ្លានពានសៀម
ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៥៨៖ រដ្ឋមន្ត្រីការពារជាតិ
ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកការពារជាតិ ដឹកនាំកងទ័ពទៅបង្រ្កាប ដាប ឈួន ជាព្រះរាជប្រតិភូប្រចាំខេត្តសៀមរាប ដែលត្រូវចោទប្រកាន់ក្បត់ជាតិ គប់គិតជាមួយជាមួយសហរដ្ឋអាមេរិក  ថៃ និងវៀតណាមខាងត្បួង ដើម្បីផ្ដួលរំលំសម្ដេចសីហនុ។

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៥៩៖ ទេសរដ្ឋមន្ត្រីការពារជាតិ
ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៦០៖ ទេសរដ្ឋមន្ត្រីក្រសួងការពារជាតិ
ថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៦១៖ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងការពារជាតិ
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦១៖ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងការពារជាតិ
ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៦២ ដល់ថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ១៩៦៤៖ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ និងកីឡា
ថ្ងៃទី ២៥ ខែឆ្នូ ឆ្នាំ១៩៦៤៖ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ ខណៈដែលសម្តេច សីហនុ ព្យាយាមអនុវត្តនយោបាយអ   ព្យាក្រឹតនិយមនៅលើឆាកអន្តរជាតិ ក្នុងបំណងបញ្ចៀសប្រទេសមិនឱ្យពាក់ព័ន្ធជាមួយសង្គ្រាមឥណ្ឌូចិនលើកទី២ ។
ថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៦៦៖ ជាឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិ
ទី២៥ ខែតុលា ឆ្នាំ១៩៦៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៦៧៖ ជានាយករដ្ឋមន្ត្រី។

ឆ្នាំ១៩៦៧នោះដែរ គាត់បានបញ្ជាកងទ័ពឱ្យទៅបង្ក្រាបការបះបោររបស់កសិករនៅស្រុកសំឡូត ខេត្តបាត់តំបង ដែលការបះបោរនោះត្រូវបានញុះញង់ដោយពួកកុម្មុយនិស្តខ្មែរក្រហម ។ ការបង្ក្រាបនេះមានសភាពឃោរឃៅ និង មានរយៈពេលច្រើនខែ រហូតដល់មានការប្រយុទ្ធ ប្រដាប់អាវុធ និងមានប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាដែលកាត់ក្បាលពួកខ្មែរក្រហម យកមកប្រគល់ឱ្យគាត់ទៀតផង។

កសិករជាច្រើនបានរត់ចូលព្រៃ និងខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយ។ តាមសារព័ត៌មាននានា នាសម័យនោះបានសរុបថា នៅក្នុងការបង្ក្រាបការបះបោររបស់កសិករនៅស្រុកសំឡូត នោះ យ៉ាងហោចណាស់មានមនុស្ស១.០០០នាក់ ក្លាយជាជនរងគ្រោះ ហើយអ្នកខ្លះទៀតរត់ចូលព្រៃ និងមានគំនុំជាមួយរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំង។

  នៅចុងឆ្នាំ១៩៦៨ លោកលន់ នល់ បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្ត និងត្រូវបានបង្ខំឱ្យដកថយពីកាងារជាបណ្តោះអាសន្ន។

ថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៩ លោកលន់ នល់ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃរដ្ឋាភិបាលស្រោចស្រង់ជាតិ ដែលរៀបចំដោយសមាជពិសេសមួយ ក្រោមអធិបតីភាពរបស់សម្ដេចសីហនុ ។
ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧០ សម្ដេចសីហនុ យាងទៅប្រទេសបារាំង ហើយបានជួបនាយករដ្ឋមន្ត្រីលន់ នល់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅទីនោះ។
ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ឯកលន់ នល់ ត្រឡប់មកពីប្រទេសបារាំងវិញ។ (នៅមានត ភាគទី២ ទៀត) ៕ (ស្រាវជ្រាវ ដោយ៖ ឈឹម សេរីភួន)

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត