ភ្នំពេញ៖ ក្នុងខែសីហា ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៩៩លើក ដែលបណ្តាលឲ្យមនុស្សចំនួន១២៣នាក់បានស្លាប់ និងអ្នករងរបួសមាន២៤១នាក់។ បើធៀបនឹងខែកក្កដា ឆ្នាំ២០២១ អត្រាគ្រោះថ្នាក់ និងអ្នករងរបួសគឺមានការថយចុះ ប៉ុន្តែអត្រាអ្នកស្លាប់គឺមានការកើនឡើងជាងមុន។ នេះបើតាមសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចេញរបាយការណ៍នេះនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ក្នុងខែសីហានេះ គ្រោះថ្នាក់ចរាចរណ៍គឺបានកើតឡើងចំនួន១៩៩លើក ថយចុះ៩ករណី បើធៀបនឹងខែកក្កដា។ ចំពោះអ្នកស្លាប់មានចំនួន១២៣នាក់ គឺកើនឡើង១៦នាក់បើធៀបនឹងខែកក្កដាគឺមានអ្នកស្លាប់ត្រឹម១០៧នាក់។ ចំណែកអ្នករងរបួសមាន២៤១នាក់ គឺថយចុះ៤១នាក់ បើធៀបនឹងខែកក្កដាដូចគ្នា។
កំណើនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខែសីហាគឺភាគច្រើនកើតឡើងច្រើនជាងគេនៅក្នុងពិធីសែនក្បាលទឹក ដែលគ្រោនោះបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន១៥នាក់ របួស៣២នាក់ និងកំណើនៃការធ្វើដំណើរនៅរៀងរាល់ថ្ងៃចុងសប្តាហ៍។
អត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហាឆ្នាំ២០២១នេះ បើប្រៀបធៀបនឹងខែសីហាឆ្នាំមុន គឺថយចុះចំនួន៧៩លើក ឬស្មើនឹង ២០ភាគរយ អ្នករបួសក៏ថយចុះចំនួន១៩៩នាក់ ស្មើនឹង៤៥ភាគរយ ប៉ុន្តែអ្នកស្លាប់កើនឡើងចំនួន២នាក់ ឬស្មើនឹង២ភាគរយ។
ដោយមើលឃើញពីកំណើននៃអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់ពលរដ្ឋរួមគ្នាគោរពច្បាប់ចរាចរណ៍ និងចេះយោគយល់គ្នា ជាពិសេសត្រូវមានស្មារតីប្រុងប្រយ័ត្ន ដើម្បីចៀសផុតពីគ្រោះថ្នាក់ជាយថាហេតុណាមួយ។
សម្តេច ស ខេង បានក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ច និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់បន្តរួមគ្នារឹតបន្តឹងការអនុវត្តឱ្យបានតឹងរ៉ឹង ដោយកុំលើកលែង ឬយោគយល់អ្វីទាំងអស់ ដើម្បីធានាកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន១៦៤៦នាក់ បើធៀបនឹងឆ្នាំ២០១៩គឺមាន១៩៨១នាក់។ ចំពោះអ្នករងរបួសនៅឆ្នាំ២០២០មាន៤៦៨៦នាក់ បើធៀបនឹងឆ្នាំ២០១៩ គឺមាន៦១៤១នាក់។ នេះបើតាមរបាយការណ៍របស់សម្តេច ស ខេង៕